Amnesty International៖ ប៉ូឡូញរុញជនអន្តោប្រវេសន៍ត្រឡប់ទៅបេឡារូសវិញដោយខុសច្បាប់

កាល​ពី​ខែ​សីហា​ ប៉ូឡូញ​បាន​អនុវត្ត​ការ​រុញ​ច្រាន​ខុស​ច្បាប់​ទៅ​លើ​ជន​អន្តោប្រវេសន៍​មួយ​ក្រុម​ដែល​ជាប់​ក្នុង​តំបន់​ស​នៃ​ព្រំដែន​ជាមួយ​បេឡារូស​ នេះ​បើ​តាម​ការ​លើក​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣០ កញ្ញា​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ Amnesty International ដែល​បាន​ធ្វើ​ការ​វិភាគ​រូបភាព​ផ្កាយ​រណប​ និង​រូបភាព ​វីដេអូ​ពី​នៅ​ទី​នោះ​ផ្ទាល់​។

Amnesty ​ដោយ​ប្រើប្រាស់​រូបភាព​ផ្កាយ​រណប​ថត​តំបន់​នេះ​កាល​ពី​ថ្ងៃ​ទី ១៨​ សីហា​ បាន​និយាយ​ថា​ពួកគេ​បាន​រក​ឃើញ​ភស្តុតាង​នៃ​ការ​ធ្វើ​ដំណើរ​របស់​ក្រុម​ជន​អន្តោប្រវេសន៍​នេះ​ចេញ​ពី​ទឹកដី​ប៉ូឡូញ​ទៅ​តំបន់​ស​វិញ​ ដែល​ជា​សញ្ញា​នៃ​ការ​បណ្ដេញ​ចេញ​។ Amnesty និយាយ​ថា​ការ​បណ្ដេញ​ជន​អន្តោប្រវេសន៍​ ដែល​ស្វែង​សិទ្ធ​ជ្រក​កោណ​ ដោយ​គ្មាន​ការ​ពិចារណា​អំពី​សុវត្ថិភាព​របស់​ពួកគេ​ គឺ​រំលោភ​ច្បាប់​អឺរ៉ុប និង​ច្បាប់​អន្តរជាតិ​។

ប្រទេស​ប៉ូឡូញ ប្រទេស​លីទុយអានី និង​ប្រទេស​ឡាតវី​ បាន​រាយការណ៍​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ជន​អន្តោប្រវេសន៍​អាហ្វហ្គានីស្ថាន និង​អ៊ីរ៉ាក់​ ឆ្លង​ពី​ព្រំដែន​ជា​មួយ​ប្រទេស​បេឡារូស​។ ប្រទេស​ទាំង​បី​ និង​សហភាព​អឺរ៉ុប​បាន​ចោទប្រកាន់​ប្រទេស​បេឡារូស​ថា​បាន​ដឹក​ជញ្ជូន​ជន​អន្តោប្រវេសន៍​ទាំង​នេះ​មក​ព្រំដែន​អឺរ៉ុប​ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​សហភាព​អឺរ៉ុប​ដក​ទណ្ឌកម្ម​។ ប្រទេស​បេឡារូស​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​។

ប្រទេស​ទាំង​បី​នេះ​ បាន​ចាប់​ផ្ដើម​សាងសង់​របង​នៅ​តាម​ព្រំដែន​ពួកគេ​ជា​មួយ​នឹង​ប្រទេស​បេឡារូស​ ហើយ​ក៏​បាន​បង្កើន​វត្តមាន​កង​កម្លាំង​សន្តិសុខ​ផង​ដែរ​។ ចាប់​តាំង​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ​កើត​ឡើង​មាន​ជន​អន្តោប្រវេសន៍​ប្រមាណ​ ៣០ នាក់​ជាប់​ក្នុង​តំបន់​ស ហើយ​មិន​អាច​ចាកចេញ​បាន​ ដោយ​ក្នុង​នោះ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ ៥ នាក់​បាន​ស្លាប់​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner