ក្រសួងការបរទេសចិនកោះហៅ ទូតអាស៊ាន ៥ប្រទេស មកពិភាក្សាបញ្ហា AUKUS
ក្រសួងការបរទេសចិនបានកោះហៅ ឯកអគ្គរាជទូត/រដ្ឋទូត ប្រទេសអាស៊ានចំនួន ៥ ដើម្បីពិភាក្សាអំពីរឿងសម្ព័ន្ធត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហៅកាត់ថា AUKUS ដែលទើបតែបង្កើតឡើងកាលពីខែកញ្ញាកន្លងទៅ។ នេះបើតាមការចុះផ្សាយនៅក្នុងគេហទំព័រក្រសួងផ្ទាល់។

អគ្គនាយកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន លោក Liu Jinsong បានជួបក្នុងជំនួបផ្សេងៗគ្នា ជាមួយទូតប្រទេសអាស៊ានចំនួន ៥ ដែលរួមមាន ហ្វីលីពីន សិង្ហបុរី ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី អំឡុងថ្ងៃទី១៧ ដល់ ២៣ ខែកញ្ញា។
ក្រសួងការបរទេសចិន បានចុះផ្សាយត្រង់ៗថា កិច្ចពិភាក្សាជាមួយទូតសមាជិកអាស៊ានទាំង ៥ នេះ គឺធ្វើឡើងក្នុងគោលបំណងនិយាយអំពី AUKUS តែម្ដង។
សម្ព័ន្ធត្រីភាគី AUKUS ជាកិច្ចព្រមព្រៀងមួយ ដែលធានាអំពីការចែករំលែកបច្ចេកវិទ្យាយោធាពីសំណាក់សហរដ្ឋអាមេរិក និងអង់គ្លេស ទៅកាន់ប្រទេសអូស្ត្រាលី ដោយក្នុងជំហានដំបូង អូស្ត្រាលីនឹងទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងប្រដាប់ដោយអាវុធប្រពៃណី (មិនមែនជាអាវុធបរមាណូនោះទេ)។

យោងតាមការចុះផ្សាយពីខាងចិន លោក Liu បានប្រាប់ទៅកាន់ខាងទូតប្រទេសអាស៊ានថា ការបង្កើត AUKUS បានបង្ហាញឱ្យឃើញថា ប្រទេសមួយចំនួនចង់បង្កើត «បក្ខពួកជាតិសាសន៍ និងភូមិសាស្ត្រនយោបាយ» ដែលមិនខ្វល់នឹងទំនោររបស់ពិភពលោក ក៏ដូចជាកុងសង់ស៊ីសរវាងសហគមន៍អន្តរជាតិ ហើយចង់សម្រេចគោលដៅរបស់ខ្លួនក្នុងការបង្កើតមនោគមវិជ្ជាផ្ដាច់មុខ និងសម្ព័ន្ធមិត្តយោធា ព្រមទាំងធ្វើអ្វីប្រកបដោយស្តង់ដារពីរ លើបញ្ហាលុបបំបាត់អាវុធនុយក្លេអ៊ែរ និងបញ្ហាផ្សេងៗទៀត។
លោកបានបន្ថែមថា AUKUS នេះមិនត្រឹមតែរំលោភលើសន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរទេ តែថែមទាំងអុជអាលឱ្យមានការប្រណាំងប្រជែងសព្វាវុធ និងការបែងចែកបក្ខពួកនៅក្នុងតំបន់។
ជាមួយគ្នានេះដែរ លោក Liu ក៏បានសង្កត់ធ្ងន់ថា៖ «នៅពេលណាមានវិបត្តិនៅក្នុងតំបន់ អូស្ត្រាលីរត់ទៅរកលោកខាងលិច មិនមែនលោកខាងកើតនោះទេ។ អូស្ត្រាលីព្យាយាមដាក់សម្ពាធប្រទេសអាស៊ាន ដើម្បីរួមគ្នាប្រឆាំងនឹងចិន តែការប៉ុនប៉ងនេះមិនអាចធ្វើបានទេ»។
អូស្ត្រាលីជារឿយៗ តែងតែពន្យល់ប្រាប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ថា ខ្លួននៅតែគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាន ហើយធានាថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនេះ មិនមានបំពាក់អាវុធបរមាណូឡើយ។
ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍បង្ហាញពីគោលជំហរផ្សេងៗគ្នា ទាក់ទិននឹង AUKUS។ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បង្ហាញពីការព្រួយបារម្ភខ្លាំងជាងគេចំណោមប្រទេសអាស៊ានទាំង ១០។
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein បានប្រាប់ទៅកាន់សភាម៉ាឡេស៊ីកាលពីសប្ដាហ៍មុនថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពិភាក្សា និងពិគ្រោះយោបល់ អំពីវិធានការបន្ទាប់ក្នុងការឆ្លើយតបនឹង AUKUS។
ក្រៅពីនេះ ប្រទេសសិង្ហបុរីបង្ហាញពីជំហរក្នុងការស្វាគមន៍ទៅលើរឿងនេះ។ វៀតណាមថា ខ្លួនបន្តតាមដានយ៉ាងយកចិត្តទុកនូវការវិវត្តនៃសម្ព័ន្ធភាពថ្មីនេះ។
ចំណែកឯប្រទេសហ្វីលីពីន មិនទាន់មានជំហរពិតប្រាកដក្នុងចំណោមថ្នាក់ដឹកនាំប្រទេសនេះឡើយ។ ដំបូងឡើយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ស្វាគមន៍លើការបង្កើត AUKUS ដោយសារតែដៃគូត្រីភាគីនេះអាចផ្ដល់ប្រយោជន៍ក្នុងការរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់។ ក្រោយមកទៀត លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បង្ហាញពីក្ដីបារម្ភថា AUKUS អាចបង្កឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។
ក្រៅពីបង្ហាញជំហរគាំទ្រ និងជំហរព្រួយបារម្ភ ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជា ប្រទេសប្រ៊យណេ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសថៃ នៅមិនទាន់បញ្ចេញពីគោលជំហររបស់ខ្លួនឡើយ។
លោក Yongwook Ryu សាស្ត្រាចារ្យជំនួយនៅសាកលវិទ្យាល័យជាតិសិង្ហបុរីបានប្រាប់សារព័ត៌មាន Nikkei Asian Review ថា ៖«ជាទូទៅ អាស៊ាននឹងមិនសប្បាយចិត្តនោះទេ ជាមួយនឹងព្រឹត្តិការណ៍នេះ ដោយសារតែវាបង្ហាញឱ្យឃើញអំពីការជ្រៀតជ្រែកនៅក្នុងតំបន់ ដោយមិនមានការពិគ្រោះយោបល់ទុកជាមុនជាមួយនឹងអង្គការតំបន់នេះ»។
លោកបានបន្ថែមថា៖ «ប្រទេសនៅក្នុងតំបន់មួយចំនួនដូចជា វៀតណាម និងហ្វីលីពីនប្រហែលជាសប្បាយចិត្តស្ងាត់ៗ ដោយឃើញមានការចូលពាក់ព័ន្ធកាន់តែខ្លាំងពីសំណាក់ប្រទេសលោកខាងលិចចំនួន ៣ ដោយអាចជួយឆ្លើយតបនឹងការទូតបែបគំរាមកំហែងរបស់ចិន»៕