ក្រុមហ៊ុនឱសថ Merck ថាថ្នាំព្យាបាលជំងឺកូវីដ-១៩ មានប្រសិទ្ធភាពព្យាបាលវីរុសបម្លែង
កាលពីថ្ងៃពុធសប្ដាហ៌នេះ ក្រុមហ៊ុនឱសថ Merck អោយដឹងថាការសាកល្បងនៅមន្ទីរពិសោធន៍បង្ហាញថាបេក្ខជនឱសថព្យាបាលជំងឺកូវីដ-១៩ របស់ពួកគេមានប្រសិទ្ធភាពព្យាបាលគ្រប់បម្លែងវីរុសកូរ៉ូណាដែលត្រូវបានរកឃើញ រួមទាំងវីរុសបម្លែងដែលតា។

កាលពីដើមឆ្នាំនេះក្រុមហ៊ុន Merck បានប្រកាសលទ្ធផលនៃការសាកល្បង Molnupiravir ទៅលើមនុស្សមួយចំនួនតូច ដែលរកឃើញថាប្រាំថ្ងៃបន្ទាប់ពីចាប់ផ្ដើមការព្យាបាល អ្នកជំងឺ ដែលបានទទួលឱសថនេះក្នុងទំហំដូសខុសៗគ្នាបានធ្វើតេស្តអវិជ្ជមានទាំងអស់គ្នា បើប្រៀបធៀបទៅនឹងអត្រាវិជ្ជមាន ២៤ ភាគរយក្នុងចំណោមអ្នកជំងឺដែលមិនបានទទួលឱសថនេះ។
ប៉ុន្តែកាលនោះវីរុសបម្លែងដែលតានៅមិនទាន់រីករាលដាលនៅជុំវិញពិភពលោកនៅឡើយ។ ដូច្នេះទើបក្រុមហ៊ុន Merck ធ្វើការសាកល្បងនៅមន្ទីរពិសោធន៍ខាងលើនេះ ដើម្បីបញ្ជាក់ប្រសិទ្ធភាពប្រឆាំងវីរុសបម្លែង។
ប្រធានផ្នែកជំងឺឆ្លង និងវ៉ាក់សាំងរបស់ក្រុមហ៊ុន Merck លោកចេ ហ្គ្រោបឡឺបាននិយាយថាឱសថ Molnupiravir គួរតែមានប្រសិទ្ធភាពស្មើគ្នាសម្រាប់គ្រប់វីរុសបម្លែង ដោយសារឱសថនេះខុសពីវ៉ាក់សាំង និងមធ្យោបាយព្យាបាលដោយអង់ទីគ័រសិប្បនិម្មិត គឺមិនវាយប្រហារទៅលើប្រូតេអ៊ីនបន្លានៃវីរុសកូរ៉ូណាទេ ដែលជាកត្តាកំណត់ភាពខុសគ្នារវាងបម្លែងនីមួយៗ។ ផ្ទុយទៅវិញ Molnupiravir គឺទៅរំខានសារធាតុអង់ស៊ីមដ៏សំខាន់សម្រាប់ការថតចម្លងវីរុស ហើយរារាំងការបន្តពូជរបស់វីរុស។
ក្រុមហ៊ុន Merck និងដៃគូក្នុងការអភិវឌ្ឍ Molnupiravir គឺក្រុមហ៊ុន Ridgeback Biotherapeutics បានចាប់ផ្ដើមការសាកល្បងដំណាក់កាលទីបីចំនួនពីរផ្សេងគ្នា ដោយការសាកល្បងមួយគឺសម្រាប់សិក្សាប្រសិទ្ធភាពនៃការព្យាបាល និងមួយទៀតគឺដើម្បីសិក្សាប្រសិទ្ធភាពបង្ការការវិវត្តនៃជំងឺកូវីដ-១៩។ លទ្ធផលនៃការសាកល្បងដំណាក់កាលទីបីទាំងពីរនេះត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសនៅដើមខែវិច្ឆិកាឆ្នាំនេះ៕