អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន នឹងឡើងធ្វើជានាយករដ្ឋមន្ត្រីជំនួសលោក Suga
អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida បានជាប់ឆ្នោតក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាគណបក្សកាន់អំណាចក្នុងប្រទេសជប៉ុន នៅក្នុងថ្ងៃពុធកន្លងទៅ។

លោកបានយកឈ្នះការបោះឆ្នោតជុំទី២ ទៅលើរដ្ឋមន្ត្រីទទួលបន្ទុកលើវ៉ាក់សាំងប្រឆាំងកូវីដ-១៩ លោក Taro Kono ក្នុងលទ្ធផល ២៥៧ ទល់នឹង ១៧០សំឡេង ក្នុងចំណោមចំនួនអ្នកបោះឆ្នោតសរុប ៤២៥រូប។ កាលពីជុំទី១ កន្លងទៅ មានបេក្ខភាពចំនួន ៤រូប ដោយក្នុងនោះមានស្ត្រីចំនួន ២រូប។
លោក Kishida នឹងឡើងជានាយករដ្ឋមន្ត្រីទី ១០០ របស់ជប៉ុន នាខែតុលាខាងមុខ ដោយលោកត្រូវការ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដោយសភាជប៉ុន ដែលសមាជិកភាគច្រើនមកពីគណបក្ស LDP។
បុរសកើតក្នុងត្រកូលអ្នកនយោបាយរូបនេះ ឡើងជំនួសតំណែងរបស់លោក Yoshihide Suga ដែលបានលាលែងចេញពីតំណែង ក្រោយពីលោក Suga ប្រកាសថា លោកនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតធ្វើជាប្រធានបក្ស LDP នោះទេ។
យ៉ាងណាក៏ដោយ អតីតរដ្ឋមន្ត្រីការបរទេសរូបនេះ ធ្វើនាយករដ្ឋមន្ត្រីបានត្រឹមតែជាងមួយខែប៉ុណ្ណោះ ហើយលោកនឹងត្រូវត្រៀមខ្លួនសម្រាប់ការបោះឆ្នោតសកលជប៉ុន ដែលធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខ៕