ក្រុមប្រឹក្សាខណ្ឌចំការមន រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ និងប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីខណ្ឌមួយចំនួនផងដែរ
ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ដោយមានអញ្ជើញចូលរួមពីលោក-លោកស្រីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធានយោធាភូមិភាគពិសេសប្រចាំខណ្ឌ, និងលោកអនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាខណ្ឌ។
កិច្ចប្រជុំនេះ បានដាក់ចេញរបៀបវារៈមានដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១, ២-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ និងទិសដៅអនុវត្តការងារប្រចាំត្រីមាសទី៤ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន, ៣- ពិនិត្យ និងអនុម័តសេចក្ដីព្រាងគម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌចំការមន, ៤-ពិនិត្យ និងអនុម័តទម្រង់(កសខ១) កម្មវិធីពានរង្វាន់សេវាសង្គមរបស់រដ្ឋបាលខណ្ឌចំការមន, ៥-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក ប្រចាំខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌចំការមន និងទី៦-បញ្ហាផ្សេងៗ ។
ជាមួយគ្នានោះដែរ រដ្ឋបាលខណ្ឌចំការមន ក៏បានប្រកាសការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ជាប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ, ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាខណ្ឌ, អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិកខណ្ឌ, អនុប្រធានការិយាល័យច្រកចេញចូលតែមួយខណ្ឌ និងអនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ៕ ដោយប៊ុនធី និងវណ្ណលុក








