ឯកឧត្តម ហេង សួរ ចុះសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមនិស្សិតផលិតដ្រូននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ភ្នំពេញ៖ ជាការលើកទឹកចិត្ត និងស្ញប់ស្ញែងចំពោះស្នាដៃ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ របស់និស្សិតដែលកំពុងសិក្សារៀនសូត្រ នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង និងសប្បុរសជន ដែលមាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងអ្នកឧកញ៉ា ឡេង ប្រុស អញ្ជើញសំណេះសំណាល និងផ្តល់ការឧបត្ថម្ភគាំទ្រជាថវិកា ចំនួន ១ម៉ឺន ៥ពាន់ដុល្លារអាមេរិក សម្រាប់ទ្រទ្រង់លើការស្រាវជ្រាវបន្ថែមរបស់ក្រុមនិស្សិត ដែលមានសមត្ថភាពខ្ពស់ ក្នុងការផលិតដ្រូននេះឡើង ។
ឯកឧត្តម ហេង សួរ បានសម្តែងនូវមោទនភាពក្រៃលែង ចំពោះប្អូនៗនិស្សិត ដែលបានបង្កើតស្នាដៃដ៏អស្ចារ្យនេះឡើង ដែលអាចចាត់ទុកបានថា នេះជាស្នាដៃដំបូងបំផុតសម្រាប់កម្ពុជា ដែលមានក្រុមនិស្សិតដូចជាប្អូនៗ បានរៀបចំបង្កើតដ្រូននេះ ឲ្យចេញជារូបរាងឡើង។ ឯកឧត្តមលើកឡើងថាយើងធ្លាប់តែឃើញប្រទេសអភិវឌ្ឍន៍ ដែលមានវិទ្យាសាស្ត្ររីកចម្រើនខ្លាំងនោះ បង្កើតដ្រូនប្រភេទនេះដើម្បីបម្រើសេចក្តីត្រូវការ ផ្នែកឧស្សាហកម្ម កសិកម្ម និងសេវាកម្មដទៃផ្សេងទៀត។ ប៉ុន្តែបើយើងក្រ-ឡេកមកមើលការរៀបចំដ្រូន របស់ក្រុមនិស្សិតនៃវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ពិតជាមិនចាញ់ដ្រូន ដែលបង្កើតឡើងដោយបណ្តាប្រទេសរីកចម្រើន ខាងបច្ចេកវិទ្យាទាំងនោះផងទេ។
ភាពច្នៃប្រឌិត កើតចេញពីការប្រឹងប្រែងស្រាវជ្រាវពីសំណាក់ប្អូនៗ និស្សិតទាំងនេះ ព្រមទាំងទទួលបានការណែនាំ ចង្អុលបង្ហាញពីសាស្ត្រាចារ្យ និងថ្នាក់ដឹកនាំរបស់វិទ្យាស្ថានជាតិ ពហុបច្ចេកវិទ្យាកម្ពុជា ផងដែរនោះ។ ឯកឧត្តម ហេង សួរ រំពឹងយ៉ាងមុតមាំថា ស្នាដៃថ្មីៗ បន្ថែមទៀត នឹងកើតចេញជាផ្លែផ្កា មានភាពទំនើប ទាន់សម័យ ដើម្បីបម្រើតម្រូវការចាំបាច់ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង ហើយក៏ជាការលើកស្ទួយកិត្យានុភាព ក៏ដូចមោទនភាព របស់ជាតិសាសន៍យើងផងដែរ។ ឯកឧត្តមបានសម្តែងនូវការកោតសរសើរ ដល់ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិ ពហុ-បច្ចេកទេសកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងសាស្ត្រាចារ្យ ដែលបានប្រឹងប្រែង ធ្វើឲ្យវិទ្យាស្ថានមានការអភិវឌ្ឍ រីកចម្រើនជាខ្លាំង ដើម្បីចូលរួមចំណែកលើកកម្ពស់ ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា កាន់តែមានសក្តានុពលបន្ថែមទៀត។
ចំពោះមោទនភាពមួយទៀត របស់ឯកឧត្តម ហេង សួរ គឺការចូលរួមប្រកួតប្រជែងស្នាដៃ និងសមត្ថភាព ការបង្កើតរ៉ូបូត របស់និស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលរៀបចំដោយស្ថានទូតជប៉ុន គឺតែងដណ្តើមបានពានរង្វាន់ជោគជ័យ។ ក្នុងនាមប្រធានសមាគមសហព័ន្ធសិស្ស និស្សិតអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ ពិតជាចង់ឃើញយុវជនកម្ពុជា មានការចាប់អារម្មរណ៍ទៅលើ ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនេះ ឲ្យបានកាន់តែច្រើន ដែលធ្វើឲ្យប្រទេសរបស់យើង សម្បូរទៅដោយអ្នកវិទ្យាសាស្ត្រ។ ត្រង់ចំណុចនេះ ឯកឧត្តម បញ្ជាក់ថា៖ “សិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ អាចមានគំនិតផលិតសម្ភារប្រើប្រាស់បានច្រើន កែប្រែពីការប្រើកម្លាំង ទៅជាប្រើឧបករណ៍បែបទំនើបជំនួសវិញ សម្រាប់បម្រើទៅលើផ្នែកសំណង់ កសិកម្ម ជាដើម”។
ទន្ទឹមនេះដែរ ឯកឧត្តម ហេង សួរ ក៏បានលើកឡើងពីយុវជនមួយក្រុមទៀត ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រះយុគន្ធរ ដែលបានសម្រេចជោគជ័យ លើការបង្ហោះគម្រូកូនផ្កាយរណប ចូលទៅកាន់ស្រទាប់ទី២នៃផែនដី។ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហេង សួរ និងគណៈប្រតិភូគ្រោងនឹងទៅលើកទឹកចិត្ត ដល់យុវជន ដែលបានបង្កើតស្នាដៃរបស់ពួកគេនេះឡើង។
ជាមួយនេះដែរ ឯកឧត្តម មានបំណងចង់ឲ្យប្អូនៗ ជំនាន់ក្រោយ យកវិទ្យាសាស្ត្រធ្វើជាមូលដ្ឋាន ក្នុងការទាក់ចិត្តដល់អ្នកស្រាវជ្រាវ និងក្រុមហ៊ុនធំៗ ដើម្បីទទួលអាហារូបករណ៍ បន្តការសិក្សាស្រាវជ្រាវ ជំនាញវិទ្យាសាស្ត្ររបស់ខ្លួន ឲ្យទទួលបានជោគជ័យមួយកម្រិតទៀត។ ឯកឧត្តមថា ការរស់នៅរបស់យើងរាល់ថ្ងៃ ដែលមានលក្ខណៈងាយស្រួលនេះ គឺពឹងផ្អែកទៅអ្នកវិទ្យាសាស្ត្រជំនាន់មុន បានធ្វើការសិក្សាស្រាវជ្រាវ បង្កើតបានជាសម្ភារទំនើបៗ យ៉ាងច្រើន ដើម្បីបម្រើឲ្យសេចក្តីត្រូវការ ក្នុងការរស់នៅរបស់យើង។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់និស្សិតជំនាន់ក្រោយៗ ត្រូវបន្តស្នាដៃពីនិស្សិតជំនាន់មុន ដោយសិក្សាស្រាវជ្រាវបំពេញបន្ថែម ធ្វើយ៉ាងណាឲ្យគម្រោងនៃកិច្ចការស្រាវជ្រាវរបស់ខ្លួន កាន់តែទទួលជោគជ័យ ៕









