មេទ័ពកំពូលអាមេរិកសារភាពថា សហរដ្ឋអាមេរិកបានចាញ់សង្គ្រាម២០ឆ្នាំនៅអាហ្វហ្គានីស្ថាន
វ៉ាស៊ីនតោន៖ នាយសេនាធិការកងទ័ពចម្រុះអាមេរិក លោកឧត្ដមសេនីយ៍ ម៉ាក មីលី (Mark Milley) បានសារភាពនៅថ្ងៃ ពុធ សប្តាហ៍នេះថា សហរដ្ឋអាមេរិកបានចាញ់សង្គ្រាម២០ឆ្នាំនៅអាហ្វហ្គានីស្ថាន។
លោកឧត្តមសេនីយ៍ម៉ាក មីលី បានប្រាប់គណៈកម្មាធិការសេវាអាវុធនៃព្រឹទ្ធសភាអាមេរិកថា ”វាច្បាស់ណាស់ចំពោះយើងទាំងអស់គ្នាដែលសង្គ្រាមនៅអាហ្វហ្គានីស្ថានមិនបានបញ្ចប់តាមលក្ខខណ្ឌដែលយើងចង់បាន ដោយតាលីបង់វិលមកកាន់អំណាចវិញដដែលនៅទីក្រុងកាប៊ុល។ លោក មីលី បានសង្កត់ធ្ងន់ទៀតថា សង្គ្រាមនេះ គឺជាការបរាជ័យបែបយុទ្ធសាស្ត្រ។
គួរបញ្ជាក់ថា លោក ម៉ាក មីលី មានអាយុ ៦៣ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថា បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាសម្ងាត់ជាមួយឧត្ដមសេនីយ៍ចិន លោក លី ហ្ស៊ូឆាង ចំនួន២លើក គឺលើកទីមួយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ និងលើកទី២ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។
ហើយអ្វីដែលគួរអោយកត់សម្គាល់នោះ គឺនៅក្នុងកិច្ចសន្ទនានេះលោក មីលី បានសន្យាថា នឹងព្រមានប្រាប់ចិនជាមុន ប្រសិនបើមានបញ្ជាឱ្យបើកវាយប្រហារ ខណៈលោកផ្ទាល់បានបង្គាប់ឱ្យមន្ត្រីរបស់លោកត្រូវរាយការណ៍ជូនលោកជាមុនសិន ក្នុងករណីលោក ដូណាល់ ត្រាំ បញ្ជាអោយវាយប្រហារលើប្រទេសចិន៕ ប្រភព៖ ស៊ីនហួរ និង CNA

