វីរុសផ្លូវដង្ហើមថ្មីនៅចិនផ្តាច់ជីវិតមនុស្សកើនដល់៦នាក់ និងឆ្លងមនុស្ស២៩១នាក់ហើយ

ចិន៖ វីរុសផ្លូវដង្ហើមថ្មី ខូរ៉ូណា បានបន្តឆក់យកអាយុជីវិតមនុស្សកើនដល់៦នាក់ហើយ ស្របពេលដែលមនុស្សប្រមាណ២៩១នាក់បានឆ្លងមេរោគប្រភេទថ្មីនេះនៅទូទាំងប្រទេសចិន នេះបើអភិបាលក្រុង វូហាន ថ្លែងប្រាប់ទូរទស្សន៍រដ្ឋចិន ។

ប្រភពខាងលើនេះបានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកផ្ទុកវីរុសទាំង២៩១នាក់មាន២៧០នាក់ស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី ០៥នាក់នៅរដ្ឋធានីប៉េកាំង ១៤នាក់នៅខេត្តក្វាងទុង និង០២នាក់ទៀតនៅទីក្រុងសៀងហៃ ។

ស្របពេលជាមួយគ្នានេះដែរ នៅមានករណីសង្ស័យជាង៥០ករណីទៀត ដែលកំពុងស្ថិតក្រោមការតាមដាននៅក្នុងតំបន់ ក៏ដូចជាខេត្តចំនួន១៤ផ្សេងទៀតទូទាំងប្រទេសចិន ក្នុងនោះរួមមានខេត្តជីលីន នៅភាគឦសាន ខេត្តជែជាំង នៅភាគខាងកើត និងខេត្តដីកោះហៃណាន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner