លោក ដូណាល់ ត្រាំ ប្រកាសពីសមិទ្ធផលសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកនៅ ប្រទេសស្វីស
ស្វីស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីសមិទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗចំនួនពីរ និងបានប្រកាសថា ប្រជាជនអាមេរិកនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនមិនដែលធ្លាប់មានពីមុនមក ។
ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅថ្ងៃទី២១ ខែមករានេះ ក្នុងទីក្រុង Davos ប្រទេសស្វ៊ីស ប៉ុន្មានម៉ោងមុនពេលដែលសវនាការជំនុំជម្រះដោយព្រឹទ្ធ សភា ដើម្បីសម្រេចអំពីការដកហូតលោកចេញពីតំណែងចាប់ផ្ដើមនៅក្នុងសហរដ្ឋអាមេរិក ។
ទន្ទឹមគ្នា លោក ដូណាល់ ត្រាំ បានប្រកាសអំពីបញ្ជីសមិទ្ធផលដែលលោកសម្រេចបានសម្រាប់ពលរដ្ឋអាមេរិកវណ្ណៈកណ្ដាល និង សម្រាប់បណ្ដាក្រុមហ៊ុននានា ដែលរួមមានទាំងដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន និង ការអនុម័តរបស់ព្រឹទ្ធសភាទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយជាមួយកាណាដា និង ម៉ិចស៊ីកូផងដែរ ។ បន្ថែមលើនេះ លោក ត្រាំ បានជំរុញឲ្យបណ្ដាប្រទេសដទៃទៀតធ្វើតាមការដឹកនាំរបស់លោក និងកាត់បន្ថយការិយាធិបតេយ្យដ៏ស្មុគស្មាញសម្រាប់ពលរដ្ឋរបស់ខ្លួន ។
សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងធ្វើជំនួបប្រជុំដាច់ដោយឡែកពីកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនេះ ជាមួយនឹងមេដឹកនាំពិភពលោកមួយចំនួន មុននឹងត្រឡប់មករដ្ឋធានីវ៉ាស៊ីនតោនវិញនៅរសៀលថ្ងៃទី២២ ខែមករានេះ (ម៉ោងក្នុងតំបន់) ៕ធ.ដ