ប្រជាជនថៃជាង២០ម៉ឺនគ្រួសារនៅខេត្តចំនួន ៣១ រងប៉ះពាល់ពីគ្រោះទឹកជំនន់
ថៃ៖ គ្រោះមហន្តរាយទឹកជំនន់បានបង្កផលប៉ះពាល់ដល់ប្រជាជនជាង ២០ ម៉ឺនគ្រួសារនៅក្នុងខេត្តចំនួន ៣១ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ និងបន្តកើតមាននៅក្នុងខេត្តចំនួន ១៨ នៅភាគខាងជើងទីក្រុងបាងកក។
ប្រភពបានអោយដឹងថា មនុស្ស ៧ នាក់បានស្លាប់ដោយសារទឹកជំនន់ ហើយមនុស្សម្នាក់ត្រូវបានគេរាយការណ៍ថា នៅតែបាត់ខ្លួននៅឡើយ។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទឹកជំនន់បានស្រកនៅក្នុងខេត្តចំនួន១៣ហើយ ប៉ុន្តែ១៨កន្លែងនៅតែជន់លិចដដែល។ ភ្លៀងធ្លាក់ខ្លាំងបានចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣០ ខែកញ្ញាមកនេះ បានបង្កជាទឹកជំនន់ដោយព្យុះត្រូពិច ឌីអានមូ បានវាយប្រហារខេត្តចំនួន ៣១ នៅតំបន់ខ្ពង់រាបភាគខាងជើង ភាគឦសាន និងភាគកណ្តាល។
ទន្ទឹមនេះ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដែរថា ភូមិចំនួន៦ពាន់៣៣៥នៅក្នុងស្រុកចំនួន១៩០ ត្រូវបានរងគ្រោះដោយសារទឹកជំនន់ ដែលបានប៉ះពាល់ដល់គ្រួសារចំនួន ២២ម៉ឺន៧ពាន់៤៧០គ្រួសារ៕ ប្រភព៖ Bangkok Post


