ខេត្តសៀមរាបបិទបញ្ចប់តំបន់ក្រហម, លឿងទុំ (Video Inside)
រដ្ឋបាលខេត្តសៀមរាបបានបិទបញ្ចប់តំបន់ក្រហម និងតំបន់លឿងទុំ ក្នុងភូមិសាស្ត្រខេត្តសៀមរាបទាំងមូល ហើយចាប់ពីថ្ងៃទី៣០កញ្ញា នេះតទៅ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា បើទោះជាមានការសម្រេចឲ្យមាន ការដកចេញនូវតំបន់ក្រហម តំបន់លឿងទុំ និងតំបន់បិទខ្ទប់ យ៉ាងណាក៏ដោយ ប៉ុន្តែការអនុវត្តបម្រាមគោចរ បម្រាមរដ្ឋបាលនិងការអនុវត្តកតព្វកិច្ចពាក់ម៉ាស់ពេលចេញពីផ្ទះ នៅតែបន្តអនុវត្តជាដដែល ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។
នៅជាមួយគ្នានោះផងដែរ រដ្ឋបាលខេត្តសៀមរាប ក៏បានបញ្ចប់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កេន QR Code “ទប់ស្កាត់កូវីដ-១៩” ចំពោះអ្នកធ្វើដំណើរចូលមកក្នុងខេត្តសៀមរាបទាំង៣ទីតាំង ចាប់តាំង ពីថ្ងៃនេះទៀតផងដែរ។
ខេត្តសៀមរាបមុននេះ នៅតាមច្រកព្រំប្រទល់ខេត្តចំនួន៣ គឺស្រុកក្រឡាញ់ ស្រុកស្រីស្នំ និងស្រុកជីក្រែង រវាងព្រំប្រទល់ជាមួយខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យនោះ គឺជាតំបន់ អនុវត្តការត្រួតពិនិត្យសុខភាពបឋមស្រង់ព័ត៌មាន និងស្កែន QR-Code ដើម្បីទប់ស្កាត់កូវីដ-១៩ ។