មេទ័ពជើងគោកសិង្ហបុរី ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា កងទ័ពទាំងពីរ កម្ពុជា-សិង្ហបុរី មានកិច្ចសហ ប្រតិបត្ដិការគ្នាយ៉ាងល្អ ហើយយើង នឹងបន្តនូវកិច្ចសហប្រតិបត្តិការល្អនេះថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា អនុញតិឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ឯ,ឧ ឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការកងទ័ពជើងគោក សិង្ហបុរី ដែលដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការរយៈ៤ថ្ងៃនៅកម្ពុជា បានមានប្រសាសន៍ថា ឯកឧត្តម ពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ហើយក៏បាន ជួបពិភាក្សាជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ផងដែរ ដើម្បីពង្រីក និងពង្រឹងកិច្ច សហប្រតិបត្តិការ និង ចំណងមិត្តភាពរវាងកងទ័ពប្រទេសទាំងពីរ ។ ឯកឧត្តម មានប្រសាសន៍ដែរថា ឯកឧត្តម រួមជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ាណែត នឹងបន្តធ្វើការជាមួយគ្នា ដើម្បីធ្វើយ៉ាងណា ពង្រឹងកិច្ចសហប្រតិបត្តិការរវាង កងទ័ពទាំងពីរ ដើម្បីផលប្រយោជន៍នៃប្រទេសនីមួយៗផង និងផលប្រយោជន៍ សម្រាប់អាស៊ាន ផងដែរ ។ ជាងនេះទៀត ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា កងទ័ពទាំងពីរ កន្លងមក មានកិច្ចសហប្រតិបត្ដិការគ្នាយ៉ាងល្អ ហើយឯកឧត្តម និងឯកឧត្តម ហ៊ុន ម៉ាណែត នឹងបន្ត នូវកិច្ចសហប្រតិបត្តិការល្អនេះបន្តទៀត ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងថា ឯកឧត្តម ហ្គោ ស៊ីហ៊ូ ក៏បាន ជម្រាបជូនសម្តេចតេជោថា ឯកឧត្តម ធ្លាប់មកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយដំណើរទស្សនកិច្ច ជាផ្លូវការរបស់ឯកឧត្តមនៅពេលនេះ មានអារម្មណ៍ថា ប្រទេសកម្ពុជា មានសុខសន្តិភាព និងកាអភិវឌ្ឍ ហើយការអភិវឌ្ឍនោះសោត គឺជាការអភិវឌ្ឍរយៈពេល ២០ឆ្នាំ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ។

ឯកឧត្តម ហ្គោ ស៊ីហ៊ូ បានមានប្រសាសន៍បន្ដថា សន្តិភាព ដែលកម្ពុជា ទទួលបានមកនេះ គឺ បានមកដោយលំបាក ហើយសន្តិភាពនេះ គឺនឹងស្ថិតនៅជាកត្តាដ៏សំខាន់របស់កម្ពុជា សម្រាប់រយៈ ពេលវែងថែមទៀត ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍នូវកិច្ចពិភាក្សារវាងឯកឧត្តម ហ្គោ ស៊ីហ៊ូ និងឯកឧត្តម ហ៊ុន ម៉ាណែត ហើយសម្ដេច ក៏បានមានប្រសាសន៍ផងដែរថា ជាការពិតណាស់ កងទ័ព ទាំងពីរ ចាំបាច់ត្រូវចែករំលែកនូវបទពិសោធន៍រវាងគ្នាទៅវិញទៅមក, ចែករម្លែកព័ត៌មានគ្នានឹងគ្នា ទៅ វិញទៅមក ក៏ដូចជាការហ្វឹកហ្វឺនរួមគ្នាផងដែរ។ សម្ដេចបន្តថា នៅពេលនេះ ពិភពលោក គឺមានការរត់ ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើង បើប្រៀបធៀបទៅនឹងជំនាន់សង្គ្រាមត្រជាក់ ។ ក្នុងន័យនេះ កិច្ច សហប្រតិបត្តិការរវាងកងទ័ពទាំងពីរ គឺពិតជាមានសារៈសំខាន់ណាស់ ។

សម្ដេចតេជោ ក៏បានប្រាប់ឯកឧត្តម ហ្គោ ស៊ីហ៊ូ អំពីនយោបាយរបស់កម្ពុជា ដែលប្រជាជន គឺជា ខឿនការពារជាតិកម្ពុជា, កងទ័ពមានតួនាទីសំខាន់ក្នុងការពាជាតិដែរ ប៉ុន្តែកងទ័ពកម្ពុជា ក៏មានតួនាទី ក្នុងការចូលរួមបង្កបង្កើនផល, ការចូលរួមសង្គ្រោះប្រជាជននៅពេលមានគ្រោះមហន្តរាយ និងការចូល រួម នូវការថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សម្តេចតេជោ បានមានប្រសាសន៍ថា សម្ដេចពុំមានការជឿជាក់ថា ការប្រើកម្លាំងអាចដោះស្រាយបញ្ហានោះទេ, ផ្ទុយទៅវិញ ការចរចា កិច្ច សហប្រតិបត្តិការ និងការអភិវឌ្ឍទេ ដែលដោះស្រាយរាល់បញ្ហាទាំងឡាយ។ ក្នុងន័យនេះ សម្ដេចបាន មានប្រសាសន៍ថា កម្ពុជា កំពុងតែប្រឹងប្រែងធ្វើយ៉ាងណា កែប្រែព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយនិងប្រែក្លាយ តំបន់ដែលធ្លាប់ជាសមរភូមិ ឲ្យទៅជាតំបន់ទីផ្សារ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner