ក្រុមហ៊ុនស្ទង់មតិ SSRS បញ្ជាក់ថា ពលរដ្ឋអាមេរិក៥១ភាគរយយល់ថាព្រឹទ្ធសភាអាមេរិក គួរតែបោះឆ្នោតទម្លាក់លោក ដូណាល់ត្រាំ ចេញពីតំណែង
សហរដ្ឋអាមេរិក៖ ការស្ទង់មតិរបស់សារព័ត៌មាន CNN ដឹកនាំដោយក្រុមហ៊ុនស្ទង់មតិ និងស្រាវជ្រាវទីផ្សារ SSRS បានបញ្ជាក់ថា ពលរដ្ឋអាមេរិក៥១ភាគរយ និយាយថា ព្រឹទ្ធសភាគួរតែបោះឆ្នោតគំាទ្រលើការចោទប្រកាន់ និងដកលោក ដូណាល់ ត្រាំ ចេញពីតំណែង នៅក្នុងសវនាការលើនីតិវិធីដកតំណែង ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមករានេះ (ម៉ោងក្នុងតំបន់) ខណៈ៤៥ភាគរយ យល់ថា ព្រឹទ្ធសភាគួរតែបោះឆ្នោតប្រឆាំងនឹងនីតិវិធីចោទប្រកាន់ និង ដកលោក ត្រាំ ពីតំណែង ។
ការស្ទង់មតិនេះ គឺជាការស្ទង់មតិថ្នាក់ជាតិធំបំផុតតាមរយៈទូរស័ព្ទ ចាប់តាំងពីមាត្រានៃនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ត្រូវបានសភាតំណាងរាស្ត្រ បញ្ជូនទៅកាន់ព្រឹទ្ធសភាកាលពីសប្ដាហ៍មុន ហើយការស្ទង់មតិនេះទៀតសោត ធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករានេះ ក្នុងចំណោមពលរដ្ឋអាមេរិក ១.១៥៦នាក់ ។
បើតាមការស្ទង់មតិដដែលនេះ ពលរដ្ឋអាមេរិក៤៨ភាគរយចង់ឱ្យមានសាក្សីថ្មី រីឯ៤៤ភាគរយថា មិនចាំបាច់ ឬមិនចង់ឱ្យមានសាក្សីថ្មីបន្ថែមទៀត ខណៈសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ កំពុងបញ្ចុះបញ្ចូលឱ្យសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបួននាក់ អោយចូលរួមជាមួយខ្លួនលើការបោះឆ្នោតអនុញ្ញាតឱ្យសាក្សីថ្មីបង្ហាញខ្លួនក្នុងសវនាការ ៕