ការងារអប់រំ គឺមិនអាចកាត់ផ្ដាច់បាន និងមានភាពប្រទាក់ក្រឡាគ្នា លក្ខណៈជាប្រព័ន្ធនៃមជ្ឈដ្ឋានទាំងបី គឺសាលារៀន គ្រួសារ និងសង្គម

អភិបាលរងខេត្តកំពតលោកភូ លិ បានលើកបញ្ជាក់ថា : ជាការពិតណាស់ការអប់រំទាមទារនូវការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ និងគ្រប់ជ្រុងជ្រោយ មិនអាចខ្វះធាតុចូលរួមណាមួយបានឡើយ ដោយមិនអាចពឹងផ្អែកតែលើវិស័យអប់រំមួយផ្នែកបានទេ គឺមានន័យថា “សាលារៀនជារបស់សហគមន៍ ហើយសហគមន៍ដើម្បីសាលារៀន” ។ នេះជាការលើកឡើង របស់លោក ភូ លិ តំណាងឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត នៅក្នុងឱកាស នៃការបើកអង្គសន្និបាតបូកសរុបនិងវាយតម្លៃ លទ្ធផលការងារអប់រំយុវជន និងកីឡាខេត្ត ដំណាច់ឆ្នាំសិក្សា ២០១៨-២០១៩និងលើកទិសដៅការងារឆ្នាំសិក្សា២០១៩-២០២០នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពតកាលពីព្រឹកថ្ងៃទី២១ខែមករាឆ្នាំ ២០២០។
 លោកអភិបាលរងខេត្តបានបន្តទៀតថា ក្នុងន័យខាងលើនេះ គឺការអប់រំ យើងមិនអាចកាត់ផ្ដាច់បាន នឹងមានភាពប្រទាក់ក្រឡាគ្នា មានលក្ខណៈជាប្រព័ន្ធនៃមជ្ឈដ្ឋានអប់រំទាំងបី រួមមាន សាលារៀន គ្រួសារ និងសង្គម បើមិនដូច្នោះទេពិតជា មិនអាចទទួលបាននូវសមិទ្ធផលល្អ សមតាមគោលបំណង គោលដៅរបស់យើងដែលបានគ្រោងទុកនោះឡើយ ពោលគឺតម្រូវឲ្យសាលារៀនមានកិច្ចសហការជិតស្និទ្ធជាមួយគ្រួសារ និងសហគមន៍ ឬសាលារៀនត្រូវផ្សារភ្ជាប់ជាមួយគ្រួសារនិងសង្គម។ លោកអភិបាលរងខេត្ត ភូ លិ បានបន្តទៀតថា  កន្លងមកជានិច្ចជាកាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជន សហគមន៍ មាតា-បិតាសិស្ស ឬអ្នកអាណាព្យាបាលកុមារ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដែលបាននិងកំពុងប្រតិបត្តិការនៅក្នុងទឹកដីខេត្តកំពត តែងតែបាន សហការនិងចូលរួមវិភាគទាន យ៉ាងសស្រាក់សស្រាំបំពេញតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយភាពជោគជ័យ និងជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតីសម្ភារៈ ថវិកា បច្ចេកទេស ក្នុងការរួមចំណែកធ្វើឲ្យវិស័យអប់រំក្នុងខេត្ត កំពតមានសន្ទុះរីកចម្រើនប្រែប្រួលទាំងបរិមាណនិងគុណភាពគួរឲ្យកត់សម្គាល់។ លោកអភិបាលរងខេត្តក៏បានស្នើដល់អង្គសន្និបាតដែលមានរយៈពេលពីរថ្ងៃនេះ រួមគ្នារកឲ្យឃើញនូវមេរៀនបទពិសោធន៍ថ្មីៗ បញ្ហាប្រឈមនានា ដំណោះស្រាយបែបវិជ្ជមាន វិធីសាស្រ្តដោះស្រាយល្អៗ ជាគន្លឹះបន្ថែមទៀតនិងប្រមូលផ្ដុំ គ្រប់ធាតុចូលទាំងឡាយ ព្រមទាំងចំណុចសេសសល់ដើម្បីកែលម្អ កសាងនិងអភិវឌ្ឍវិស័យអប់រំក្នុងខេត្តដោយដាក់ចេញ ជាទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំសិក្សា២០១៩-២០២០នេះ ដើម្បីរួមចំណែកក្នុងការអនុវត្ត ឱ្យឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៩- ២០២៣ និងកំណែទម្រង់វិស័យអប់រំ ជាពិសេសផ្ដោតការយកចិត្តទុកដាក់លើប្រធានបទពាក់ព័ន្ធទៅនឹង អនុវិស័យទាំង ៦ នៅថ្នាក់ក្រោមជាតិ សំដៅពង្រឹងគុណភាពអប់រំឲ្យមានកំណើនឡើងមួយកម្រិត បន្ថែមទៀត។
ក្នុងឱកាសនោះ យោងតាមរបាយការណ៍របស់ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត គឺលោក តាក ហាបឲ្យដឹងថា នៅក្នុងឆ្នាំសិក្សា២០១៩-២០២០ នេះខេត្តកំពតមានមត្តេយ្យសិក្សាសាធារណៈចំនួន២០០កន្លែងមានកុមារចូលសិក្សាសរុបចំនួន ៧៦៧៩នាក់។ មានសាលាបឋមសិក្សាសាធារណៈចំនួន ៣១១ សាលា មានសាលាសម្ព័ន្ធចំនួន២សាលា មានសិស្សសរុបចំនួន ៧៦៨១៤នាក់ សាលាគ្រឹះស្ថានសិក្សាសាធារណៈសរុបចំនួន១០០សាលាក្នុងនោះអនុវិទ្យាល័យចំនួន ៧៦ មានសិស្សសរុប ១៧៣០៨នសក់ វិទ្យាល័យចំនួន ២៤  មានសិស្សសរុបចំនួន២៣៦៨២នាក់។ សិលា  សារិន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner