តំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកថាឡាបរិវ៉ាត់ និងបានពិនិត្យមើលពីវឌ្ឍនភាព ពីការសាងសង់ផ្លូវក្រាលគ្រួសក្រហម ដែលបានផ្តល់ជូនប្រជាពលរដ្ឋនៅតំបន់នោះ
ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានដឹកនាំមន្ត្រីក្រោមឱវាទ អមដំណើរដោយ អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្តស្ទឹងត្រែង មន្ត្រីបច្ចេកទេស និងគណៈអភិបាលស្រុក ថាឡាបរិវ៉ាត់ បានអញ្ចើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងបានត្រួតពិនិត្យអំពីវឌ្ឍន:ភាព នៃការសាងសង់ផ្លូវក្រាលគ្រួសក្រហម ឆ្លងកាត់ឃុំចំនួន៤ ដែលស្ថិតនៅក្នុង ស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក ក្នុងដែនដីរដ្ឋបាលខេត្តស្ទឹងត្រែង ។
មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ ឯកឧត្តម ឡូយ សុផាត បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើនិងសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន .ដោយសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ហើយជាពិសេសនោះ គឺនៅតំបន់ដាច់ស្រយ៉ាល ដែលជួបការលំបាក និងងាយរងគ្រោះ ។
ឯកឧត្តម អ្នកតំណាងរាស្ត្រ បានគូសបញ្ជាក់ថា នេះជាសមិទ្ធិផលប្រវត្តិសាស្ត្រមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិមួយចំនួន ក្នុងស្រុកថាឡាបរិវ៉ាត់ ដែលពីមុនមកមិនដែលមានផ្លូវចូលមកដល់ ហើយដោយមានការគិតគូរពីសំណាក់ថ្នាក់ដឹកនាំ ទើបពេលនេះ មានផ្លូវក្រាលគ្រួសក្រហម ចូលមកដល់ភូមិបងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តម បានបន្ថែមថា ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋយើង អំពីការខ្វះខាតផ្លូវសម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនកសិផលទៅកាន់ទីប្រជុំជន ដោយពីមុនធ្វើដំណើរមានការលំបាក តាម ព្រៃចាស់ ឆ្លងអូរ តាមម៉ូតូ រឺគោយន្ត និងប្រើរយៈពេលយូរផងដែរ តែពេលនេះមានផ្លូវគ្រួសក្រហមសម្រាប់ធ្វើដំណើរ និង ជួយសម្រួលបានមួយកម្រិត ជួយកាត់បន្ថយពេលវេលា និងថវិកាជាដើម ។
ទន្ទឹមនិងនោះ ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះសូមធ្វើយ៉ាង ត្រូវចេះថែរក្សាផ្លូវនេះឲ្យបានគង់វង្ស តដល់កូនចៅជំនាន់ក្រោយ បានប្រើប្រាស់ក្នុងការធ្វើដំណើរប្រកបដោយភាពងាយស្រួល ៕ធ.ដ
ដោយ៖ម៉ា ដេង