មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងសឹង្ហបុរីជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យយោធារវាងប្រទេសទាំងពីរ

អត្ថបទដោយ៖
Kien Sereyvuth

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី២០មករាឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារជាមួយ មេបញ្ជាការ កងទ័ពជើងគោកសិង្ហបុរីលោកឧត្តមសេនីយ៍ទោ GOH SI HOU  នៅទីបញ្ជាការកងទ័ពជើងគោក ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ក្នុងជំនួបនោះ បានធ្វើឡើង ខណៈដែលមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ឧត្តមសេនីយ៍ទោ GOH SI HOU កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ រយៈ ៤ ថ្ងៃ នៅប្រទេសកម្ពុជា។ ក្នុងជំនួបនោះ ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលអាចចាត់ទុកថា ជានិមិត្តរូបនៃការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានឆ្លៀតយកឱកាសនោះ ថែ្លងអំណរគុណចំពោះកងទ័ពសិង្ហបុរី ដែលកន្លងមកតែងបានជួយបណ្តុះបណ្តាលនាយទាហានវ័យក្មេងកម្ពុជា និងបានសំណូមពរឱ្យសិង្ហបុរីបន្តផ្តល់ការគាំទ្របន្ថែមទៀតលើវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ។ ឧត្តមសេនីយ៍ទោ GOH SI HOU បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបានបង្ហាញភាពរីករាយចំពោះការបានទៅទស្សនាប្រាង្គប្រាសាទនានានៅក្នុងខេត្តសៀមរាប ព្រមទាំងបានកត់សម្គាល់អំពីការរីកចម្រើនដ៏ឆាប់រហ័សនៃរាជធានីភ្នំពេញ ក្នុងបរិយាសកាសប្រកបដោយសុខសន្តិភាព។

ឧត្តមសេនីយ៍ទោ GOH SI HOU ក៏បានបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចផ្លូវលើកទី១ របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ និងដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់លោកនាពេលនេះ គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ នៃកងទ័ពរបស់ប្រទេសទាំងពីរ ដោយនឹងបន្តជំរុញអនុវត្តការងារដែលបានពិភាក្សា និងឯកភាពព្រមព្រៀងគ្នាកន្លងមកឱ្យទទួលបានលទ្ធផលល្អប្រសើរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner