អនុប្រធានសហព័ន្ធកីឡាបាល់បោះ បានក្រើនរំលឹក ដល់កីឡាករ កីឡាការិនីសូមកុំមានមោទនភាព ភ្លេចការហ្វឹកហាត់
អនុប្រធានសហព័ន្ធកីឡាបាល់បោះ ឯ ឧ ឈី សម្បត្តិ បានក្រើនរំលឹក ដល់កីឡាករ កីឡាការិនីសូមកុំមានមោទនភាព ភ្លេចការហ្វឹកហាត់ នាំអោយបរាជ័យនាពេលខាងមុខ តែត្រូវខិតខំពង្រឹងការហ្វឹកហាត់បង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីឈានទៅសម្រេចជោគជ័យ ជូនសាលា និងខ្លួនឯង ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាបាល់បោះ Hight School Basketball league កាលពីចុងសប្តាហ៍កន្លងទៅ នៅអាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។
ឯ ឧ ឈី សម្បត្តិ ក៍បានជម្រុញ ឲ្យកីឡាករ កីឡាការិនី ត្រូវចាប់យកកីឡាអប់រំកាយ និងការសិក្សា ដើរទន្ទឹមគ្នា ទើបជីវិតក្នុងអាជីពកីឡាយើងបានជោគជ័យ មានន័យថាលេងកីឡា ដើម្បីពង្រឹងខ្លួនកាយសម្បទាអោយរឹងមាំ បញ្ញាវ័យឆ្លាតបង្កើនចំណេះដឹងអោយក្លាយជាធនធានដ៏មានសក្តានុពល ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេ ជួយអភិវឌ្ឍបាល់បោះនៅកម្ពុជា ។
សម្រាប់លទ្ធផលនៃការប្រកួតកីឡាបាល់បោះ Hight school basketball league ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់បោះ វិទ្យាល័យវត្តកោះ លេខ២ ក្រុមកីឡាការិនី បាល់បោះវិទ្យាល័យព្រះស៊ីសុវត្ថិ និងលេខ៣ ក្រុមកីឡាការិនី បាល់បោះវិទ្យាល័យបារាយណ៍ខេត្តកំពង់ធំ ។ ផ្នែកបុរសវិញ លេខ១ បានទៅលើក្រុមកីឡាករបាល់បោះ សាលាអន្តរជាតិ EAST WEST លេខ២ ក្រុមកីឡាករបាល់បោះវិទ្យាល័យព្រះស៊ីសុវត្ថិ និងលេខ៣ក្រុម កីឡាករបាល់បោះវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ៕ធ.ដ