ព្រឹត្តិការណ៍រត់ប្រណាំង នៅអន្លង់វែង លើកទី២ នឹងរួមចំណែកទាក់ទាញអ្នកវិនិយោគ ក្រៅប្រទេស មកបណ្តាក់ទុននៅខេត្តគោលដៅ ព្រមទាំងផ្សព្វផ្សាយតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តផងដែរ
ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងអាជ្ញាធរពាក់ព័ន្ធ ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ រត់ប្រណាំង ជាលើកទី២ នៅតំបន់ប្រវត្តិសាស្ដ្រ ស្រុកអន្លង់វែង លើភ្នំដងរែក ខេត្តឧត្តរមានជ័យ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៧ បញ្ចប់នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ។
នេះបើតាមការបញ្ជាក់ពីឯ ឧ វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ នឹងជាអគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា ក្នុងសន្និសិទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ នៅសាលាស្រុក អន្លង់វែង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ និងមានការចូលរួមពីអាជ្ញាធរខេត្ត ឧត្តរមានជ័យ ព្រមទាំងតំណាងអភិបាលខេត្តស៊ីសាកេត និងខេត្តសូរិន្ទ ប្រទេសថៃ ។
ឯ ឧ វ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា ទេសចរណ៍ រត់ប្រណាំង ជាលើកទី២ នៅតំបន់ប្រវត្តិសាស្ដ្រ នឹងរឹតតែអស្ចារ្យ ហើយកាន់ពិសេសជាងលើកមុន ដោយសារមានរយៈពេលវែងជាងលើកទី១ ហើយមានការតាំងពិព័ណ៍គំនូ បង្ហាញពីរបបប្រល័យជូចត់របស់ប្រទេសកម្ពុជា រួមជាមួយទស្សនីយ៍ភាពប្លែកភ្នែកជាច្រើន សម្រាប់បង្ហាញទៅការភ្ញៀវជាតិ និងអន្តរជាតិ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីរចនាសម្ព័ន្ធ របស់ខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នទទួលបានសុខសន្តិភាពពេញលេញ ដើម្បីទាក់ទាញអ្នកវិនិយោគក្រៅប្រទេសអោយមកបណ្តាក់ទុននៅទីនេះ ព្រមទាំងផ្សព្វផ្សាយតំបន់ទេសចរប្រវត្តិសាស្រ្តផងដែរ ។
ដោយឡែក ឯ ឧ ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ព្រឹត្តការណ៍រត់ប្រណាំងនេះ នឹងជួយផ្សព្វផ្សាយពីតំបន់សក្តានុពលទេសចរ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តឧត្តរមានជ័យ។
គួររម្លឹកថា កាលពីព្រឹត្តិកាណ៍រត់ប្រណាំង លើទី១ កាលពីឆ្នាំ២០១៩ មានអ្នកចូលរួមជិត ១,៤០០ នាក់ ហើយលើកទី២នេះ ឯ ឧ វ៉ាត់ ចំរើន រំពឹងថានឹងមានអ្នកចូលរួម ១៥០០នាក់ ថែមទាំងមានការតាំងពិព័រ ការប្រគុំតន្រ្តី និងមានការបាញ់កាំជ្រួចផងដែរ ៕ធ.ដ