កូរ៉េខាងជើងរិះគន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះការអនុវត្តស្តង់ដាពីរជុំវិញសកម្មភាពយោធា
ព្យុងយ៉ាង៖ កូរ៉េខាងជើងបានចោទប្រកាន់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រកាន់ (UNSC) បានប្រើឥរិយាបថ «ស្ដង់ដារពីរ» ពាក់ព័ន្ធនឹងសកម្ម ភាពយោធានៃបណ្ដារដ្ឋជាសមាជិកអង្គការសហប្រជាជាតិ។
លោក Jo Chol Su ជាប្រធាននាយកដ្ឋានអង្គការអន្តរជាតិនៃក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបង្ហាញយ៉ាងច្បាស់ថា ស្ថាប័នកំពូលមួយនេះ ប្រកាន់ឥរិយាបថស្ដង់ដារពីរ ដ្បិតបានប្រងើយកន្តើយចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក រួមទាំងការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងត្បូង តែបែររិះគន់ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងទៅវិញ។ លោក Jo Chol Su បន្ថែមថា ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង គឺជាសកម្មភាពការពារខ្លួនតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់កូរ៉េខាងជើងបានកើតមានឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបិទទ្វារមួយ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ តបតាមសំណើររបស់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃទៀត ដើម្បីពិភាក្សាគ្នាពីការធ្វើតេស្ដបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ៕ ប្រភព៖ Reuters

