ប្រទេសបងប្អូនកូរ៉េទាំងពីរបើកដំណើរការខ្សែទូរស័ព្ទអន្តរកូរ៉េឡើងវិញហើយ ខណៈកូរ៉េខាងជើងអំពាវនាវឱ្យកូរ៉េខាងត្បូងកែប្រែទំនាក់ទំនង
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ប្រទេសខ្លួនបាននិយាយថា ខ្លួននឹងចាប់ផ្តើមស្តារឡើងវិញនូវបណ្តាញទូរស័ព្ទបន្ទាន់អន្តរកូរ៉េចាប់ផ្តើមពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ុន្តែបានជំរុញឱ្យកូរ៉េខាងត្បូងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យទំនាក់ទំនងប្រសើរឡើង។
បើតាមសារព័ត៌មាន KCNA ខ្សែទូរស័ព្ទបន្ទាន់អន្តរកូរ៉េនឹងត្រូវបានតភ្ជាប់ឡើងវិញនៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែជាមួយគ្នានេះ ទីក្រុងព្យុងយ៉ាងបានអំពាវនាវឱ្យទីក្រុងសេអ៊ូលបំពេញភារកិច្ចរបស់ខ្លួន ដើម្បីស្តារទំនាក់ទំនងឆ្លងកាត់ព្រំដែនដែលមានភាពតានតឹង ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ។ សារព័ត៌មាន KCNA បញ្ជាក់ថា លោក គីម បានជម្រុញឱ្យកូរ៉េខាងត្បូងបោះបង់ចោល “ស្តង់ដារពីរ” និង “ការភ័ន្តច្រឡំ” ចំពោះសកម្មភាពយោធាការពារខ្លួនរបស់កូរ៉េខាងជើង នៅពេលកំពុងអភិវឌ្ឍអាវុធផ្ទាល់ខ្លួន។ បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើងដដែលនេះ អាជ្ញាធរកូរ៉េខាងត្បូងគួរតែខិតខំប្រឹងប្រែងជាវិជ្ជមាន ដើម្បីដាក់ទំនាក់ទំនងកូរ៉េខាងជើង-ខាងត្បូងនៅលើផ្លូវត្រូវមួយ និងដោះស្រាយកិច្ចការសំខាន់ៗដែលត្រូវផ្តល់អាទិភាព ដើម្បីបើកការរំពឹងទុកដ៏ត្រចះត្រចង់នាពេលអនាគត។
គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសម្តែងឆន្ទៈរបស់ខ្លួនកាលពីសប្តាហ៍មុន ដើម្បីបើកដំណើរការឡើងវិញនូវខ្សែទូរស័ព្ទទាន់ហេតុការណ៍ដែលកូរ៉េខាងជើងបានកាត់ផ្តាច់កាលពីដើមខែសីហា ក្នុងការតវ៉ាប្រឆាំងនឹងសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង-អាមេរិក ប៉ុន្មានថ្ងៃបន្ទាប់ពីបើកដំណើរការឡើងវិញជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ៕ ប្រភព៖ CNA
