៨ខែក្រោយរដ្ឋប្រហារ៖ មីយ៉ាន់ម៉ាបន្តអស្ថិរភាព ឯដំណោះស្រាយនយោបាយថ្នាក់ជាតិមិនមានពន្លឺ
ស្ថានភាពនៅមីយ៉ាន់ម៉ាបន្តអស្ថិរភាពដដែល ចាប់តាំងពីក្រុមយោធា ដែលគេច្រើនស្គាល់ថា Tatmadaw ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល កាលពីខែកុម្ភៈកន្លងទៅ។ ក្ដីសង្ឃឹមនៃដំណោះស្រាយនយោបាយពិតប្រាកដណាមួយ រវាងភាគីពាក់ព័ន្ធនានានៅប្រទេសអាស៊ីអាគ្នេយ៍ដីគោកមួយនេះ ហាក់ស្ថិតក្នុងសភាពមិនប្រាកដប្រជានៅឡើយ។
ព័ត៌មាននៃអំពើហិង្សាក្រោមរូបភាពនានា នៅកើតមានក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈរលកកូវីដ-១៩ វ៉ារ្យង់ដែលតាបានបោកបក់មីយ៉ាន់ម៉ា ធ្វើឱ្យស្ថានភាពសង្គម-សេដ្ឋកិច្ចនៅប្រទេសនេះ កាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត។ ជាមួយគ្នានេះ មានរបាយការណ៍មួយចំនួនបានចុះផ្សាយថា ការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធគ្រប់ភាគីកាន់តែកើតមានច្រើន បន្ទាប់ពីរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) ប្រកាស «សង្គ្រាមការពារប្រជាជន» កាលពីដើមខែកញ្ញាកន្លងទៅ។
ការប្រកាសសង្គ្រាមនេះ បង្កជាការព្រួយបារម្ភពីសំណាក់ប្រទេសលោកខាងលិចមួយចំនួនដូចជាចក្រភពអង់គ្លេសជាដើម។ ខាង Tatmadaw វិញបានហៅ ការប្រកាសសង្គ្រាមនេះថាជា ការបង្កអស្ថិរភាពដល់ប្រទេសមីយ៉ាន់ម៉ា។
យ៉ាងណាមិញ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលស្រមោល លោក សាសា វិញ យល់ឃើញថា ការប្រកាសសង្គ្រាមនេះ ជាការបង្ខំចិត្តក្នុងការការពារខ្លួន ពីការសម្លាប់របស់ក្រុមយោធាមីយ៉ាន់ម៉ាប៉ុណ្ណោះ។
«៨ខែមកហើយ ដែលយើងស្នើសុំ [ឱ្យសហគមន៍អន្តរជាតិមកជួយ] ហើយការឆ្លើយតបកន្លងមកមិនមានភាពគ្រប់គ្រាន់ឡើយ ដូច្នេះហើយ យើងមានតែបង្ខំចិត្តក្នុងការការពារខ្លួនឯងពីការសម្លាប់»។ នេះបើតាមការលើកឡើងរបស់លោកសាសា ប្រាប់ទៅកាន់សារព័ត៌មានអូស្ត្រាលី SBS កាលពីពេលថ្មីៗនេះ។
លោកក៏បានបន្ថែមថា ពិភពលោកនៅពេលនេះ មិនអើពើពីស្ថានភាពនៅមីយ៉ាន់ម៉ាទៀតទេ។
លោកបន្តថា៖«យើងកំពុងតែពើបប្រទះនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ យើងជួបប្រទះនឹងគ្រោះមហន្តរាយមនុស្សធម៌។ យើងកំពុងតែជួបនឹងវិបត្តិជំងឺកូវីដ-១៩។ ស្ថានភាពអស់ទាំងនេះគ្រប់គ្រងលែងបានទៀតហើយ ខណៈពិភពលោកមិនខ្វល់ពីយើងទេ។ ពួកគេបិទភ្នែកអស់ហើយ»។
ជាមួយគ្នានេះដែរ លោក សាសា ក៏បានអំពាវនាវឱ្យពិភពលោកធ្វើការប្រកាសទទួលស្គាល់ភាពស្របច្បាប់របស់ NUG ក្នុងការគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា។
ពាក់ព័ន្ធនឹងរឿងទទួលស្គាល់នេះដែរ មកទល់នឹងពេលនេះ មិនទាន់មានប្រទេសណាប្រកាសត្រង់ៗថា ទទួលស្គាល់ខាងយោធា ឬ ខាងស៊ីវិលឡើយ។
នៅឯឆាកអង្គការសហប្រជាជាតិវិញ សេចក្ដីរាយការណ៍ពីព្រឹត្តិបត្រព័ត៌មាន Foreign Policy កាលពីពាក់កណ្ដាលខែកញ្ញា បានចុះផ្សាយថា សហរដ្ឋអាមេរិក និងចិនបានព្រមព្រៀងក្រៅផ្លូវការ ក្នុងការរក្សាតំណែងរបស់ លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ ឱ្យនៅរហូតដល់មានការប្រជុំគណៈកម្មការទទួលសារតាំង នៅខែវិច្ឆិកាខាងមុខ។
លោកឯកអគ្គរដ្ឋទូត Kyaw Moe Tun នេះហើយ បានលើកម្រាមដៃ ៣ និងប្រកាសថ្កោលទោសយោធាមីយ៉ាន់ម៉ា កាលពីខែកុម្ភៈកន្លងទៅ នៅមហាសន្និបាតអង្គការសហប្រជាជាតិ។ លោកក៏ធ្វើការបញ្ជូនសារលិខិតនានារបស់ NUG ទៅកាន់ស្ថាប័នពិភពលោកមួយនេះផងដេរ។
យ៉ាងណាមិញ នៅក្នុងវេទិកានានារបស់អាស៊ាន ក្រុមយោធាជាអ្នកតំណាងប្រទេសមីយ៉ាន់ម៉ា។
ជាមួយគ្នានេះដែរ កាលពីចុងខែកញ្ញាកន្លងទៅ អំឡុងកិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិកថ្នាក់រដ្ឋមន្ត្រីការបរទេស។ លោក Wunna Muang Lwin រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រាប់ទៅលោក Anthony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសប្រទេសអាស៊ានផ្សេងទៀត ឱ្យថ្កោលទោសសកម្មភាពភេរវកម្ម ដែលបង្កដោយ NUG ហើយបន្ថែមថា អ្នកតំណាងរបស់ក្រុមស៊ីវិលទាំងនេះនៅស្ថាប័ន UN និងឆាកអន្តរជាតិផ្សេងទៀត មិនមានភាពស្របច្បាប់ឡើយ។
មកទល់នឹងពេលនេះ មិនទាន់មានសញ្ញាណាមួយ ដែលភាគីទាំងពីរថយមួយជំហាន ហើយចូលតុចរចាជាមួយគ្នាឡើយ។
កាលពីចុងខែកញ្ញាកន្លងទៅ ការិយាល័យអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា បានប្រកាសជាឯកតោភាគីពីបទឈប់បាញ់ចំនួន ៥ខែ ដើម្បីបង្កើតឱ្យបង្កើតឱ្យមានដំណើរឆ្ពោះទៅកាន់សន្តិភាពនៅទូទាំងប្រទេសមីយ៉ាន់ម៉ាទាំងមូល។
ប្រភពខាងលើបានបន្តថា យោធា Tatmadaw បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន ដើម្បីបង្កើតបរិយាការឱ្យស្ដារសន្តិភាព និងព្យាបាលជំងឺកូវីដ-១៩ ប៉ុន្តែខ្លួននឹងធ្វើការតបតទៅវិញ ចំពោះសកម្មភាពណា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព។
ទោះជាយ៉ាងណាក៏ដោយ ក្នុងសេចក្ដីប្រកាស ខាងTatmadaw បានហៅ NUG ថា ជាអង្គការភេរវកម្ម ដែលធ្វើឱ្យអ្នកវិភាគ និងភាគីជនជាតិភាគតិចមួយចំនួនបង្កជាការសង្ស័យថា បទឈប់បាញ់នេះអាចនឹងមិនមានប្រសិទ្ធភាពនោះទេ។
លោក Maung Maung Soe អ្នកតាមដាននយោបាយមីយ៉ាន់ម៉ា បានប្រាប់វិទ្យុអាស៊ីសេរីភាសាភូមាថា បទឈប់បាញ់នេះមិនអាចសម្រេចបានក្នុងថ្នាក់ជាតិឡើយ ដោយសារតែភាគីមួយចំនួនមិនត្រូវបានរាប់បញ្ចូលក្នុងសេចក្ដីប្រកាសនោះនៅឡើយទេ។ ចំណែកឯអ្នកនាំពាក្យក្រុមប្រដាប់អាវុធជនជាតិការ៉ែន បាននិយាយថា បទឈប់បាញ់នេះគ្រាន់តែជាយុទ្ធសាស្ត្រយោធាក្នុងការបំបែកកម្លាំងទ័ព របស់ក្រុមប្រឆាំងប៉ុណ្ណោះ៕

ប្រភព៖ SBS News