បាក់ច្រាំងទន្លេនៅឃុំរកាកោង ស្រុកមុខកំពូល ដល់ផ្លូវជាតិលេខ៧០A មន្ទីរសាធារណការខេត្តកណ្ដាល ប្រកាសផ្អាករថយន្តធុនធ្ងន់មិន​ឱ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន

កណ្ដាល ៖ កំណាត់ផ្លូវជាតិលេខ៧០A ស្ថិតនៅឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្ដាល កំពុងតែរងគ្រោះដោយសារតែការបាក់ច្រាំងទន្លេមកដល់ផ្លូវជាតិតែម្ដងដែលកត្តានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានប្រកាសផ្អាករថយន្តធុនធ្ងន់មិនឲ្យធ្វើដំណើរចរាចរណ៍នៅលើកំណាត់ផ្លូវនេះ ជាបណ្ដោះអាសន្នសិន។ ប៉ុន្តែរថយន្តប្រភេទគ្រួសារអាចឆ្លងកាត់បានធម្មតា។ នេះបើយោងតាមលិខិតសេចក្ដីប្រកាសព័ត៌មាននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ។
ក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងថា «ទីតាំងច្រាំងបាក់បានបាក់មុខដល់ផ្លូវកៅស៊ូទៅហើយ តែច្រាំងបាក់នេះកំពុងតែជួសជុលដោយក្រសួងធនធានទឹកនិងឧតុនិយម ប៉ុន្តែ ដើម្បីកុំឱ្យបាក់ដល់ផ្លូវជាបន្តទៀត នឹងគ្រោះថ្នាក់ជាយថាហេតុណាមួយចំពោះការធ្វើដំណើរឆ្លងកាត់ទីតាំងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមធ្វើការប្រកាសផ្អាកការធ្វើចរាចរណ៍សម្រាប់រថយន្តធុនធ្ងន់ទាំងអស់លើកំណាត់ផ្លូវជាតិលេខ៧០A ចាប់ពីចំណុចផ្លូវកែងក្បែរគល់ស្ពានផ្សាររកាកោង ទៅដល់ស្ពានព្រែកកុយ ស្ថិតនៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ជាបណ្ដោះអាសន្នសិនចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ រហូតដល់ការជូនដំណឹងបើកឱ្យចរាចរឡើងវិញ។ ដោយឡែកសម្រាប់រថយន្តគ្រួសារអាចធ្វើដំណើរបានធម្មតា»។

ជុំវិញការបាក់ច្រាំងនេះ លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល បានឱ្យដឹងថា ក្រសួងបានស្ថាបនាទីតាំងបាក់ច្រាំងនេះហើយ នៅរង់ចាំតែទឹកស្រកនឹងធ្វើការស្ថាបនាច្រាំងឡើងវិញជាបន្តបន្ទាប់ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner