តំបន់រមណីយដ្ឋានទេសចរណ៍ ក្នុងខេត្តបាត់ដំបងចំនួន១៣ទីតាំង ត្រូវបានអនុញ្ញាត ឲ្យបើកទទួលភ្ញៀវចូលទៅកំសាន្តនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

      ក្នុងចំណោមតំបន់ទេសចរណ៍ដែលមន្ទីរជំនាញបានចុះធ្វើការត្រួតពិនិត្យនិងវាយតម្លៃពីស្តង់ដារអប្បបរមា(SOP)តាមគន្លងប្រក្រតីភាពថ្មី នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ទាំងនោះ គឺមានចំនួនតែ១៣កន្លែងប៉ុណ្ណោះ ដែលមន្ទីរជំនាញនិងរដ្ឋបាលខេត្តបាត់ដំបង បានអនុញ្ញាត ឲ្យម្ចាស់អាជីវកម្មទាំងនោះបានបើកដំណើរការក្នុងការទទួលភ្ញៀវឲ្យចូលទៅកំសាន្តលេងនៅទីកន្លែងរបស់ខ្លួន នៅក្នុងឱកាសថ្ងៃឈប់សម្រាក រយៈពេល ០៣ថ្ងៃ នៃ ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរយើង។

        នេះបើតាមការបញ្ជាក់ ពីលោក ហម អរុណ ប្រធានការិយាល័យ គ្រប់គ្រងឧស្សាហកម្ម ទេសចរណ៍នៃមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង។ ដោយលោកបានឱ្យដឹងទៀតថា មុនបើកឲ្យដំណើរការនូវរមណីយដ្ឋានទេសទាំនោះ រយៈពេលប៉ុន្មានថ្ងៃមុននេះ មន្រ្តីជំនាញមន្ឋីរទេសចរណ៍បាននិងកំពុងបន្តធ្វើការចុះផ្សព្វផ្សាយ និងចុះត្រួតពិនិត្យដោយធ្វើការវាយតម្លៃពីទីតាំងរមណីយដ្ឋានទេសចរណ៍ ដែលត្រូវកំណត់ឲ្យបើកដំណើរការអាជីវកម្មរបស់ខ្លួនបាន ដោយតម្រូវឱ្យម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់នោះ ត្រូវតែគោរពអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ម៉ត់ចត់នូវវិធានសុវត្តិភាពទេសចរណ៍ និងនិតិវិធីនៃស្តង់ដារប្រតិបត្តិអប្បបរមា (SOP)តាមគន្លងប្រក្រតីភាពថ្មី ដែលបានកំណត់ដោយក្រសួងទេសចរណ៍នូវប្រការណែនាំ ៣០ចំណុច ដោយផ្តោតសំខាន់ក្នុងការត្រួតពិនិត្យភ្ញៀវ ដែលបានចូលទៅកំសាន្តតាមរមណីយដ្ឋានទាំងនោះ ដូចជាការត្រួតពិនិត្យប័ណ្ណចាក់វ៉ាក៎សាំង នៅមាត់ច្រកចូល ដាក់ម៉ាស៊ីនស្គេនQRCode ម៉ាស៊ីនវាស់កម្តៅ បាញ់អាល់កុល ការកំណត់ឲ្យពាក់ម៉ាស់គ្រប់ៗគ្នា ការរក្សានូវគម្លាតមិនឲ្យមានការប្រមូលផ្តុំគ្នាច្រើន…ជាដើម។ហើយអ្វីដែលជាការយកចិត្តទុកដាក់បន្ថែមទៀតនោះ មន្ទីរបានចាត់តាំងមន្ត្រីជំនាញឲ្យចុះទៅកាន់ទីតាំងទាំងនោះ ដើម្បីពិនិត្យនៅតាមរមណីយដ្ឋាន ទាំង១៣កន្លែងចាប់ពីថ្ងៃទី១ រហូតដល់ ថ្ងៃទី៣ ដែលជាថ្ងៃឈប់សម្រាកនិងការធ្វើដំណើរកម្សាន្ត របស ភ្ញៀវដែលបានទៅកាន់តំបន់ទេសចរណ៍ និង រមណីយដ្ឋាននៃគោលដៅទៅកម្សាន្តលេង នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលមានរយៈពេល០៣ថ្ងៃនេះ។

        លោកប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ័ខេត្តបាត់ដំបងក៏បានបញ្ជាក់ឲ្យដឹងទៀតថា៖តំបន់ទេសចរណ៍ ដែលមន្ទីរនិងរដ្ឋបាលខេត្ត បានធ្វើការវាយតម្លៃនិងកំណត់ឲ្យបើក គឺមានចំនួន១៣ទីតាំង។ ក្នុងនោះរួមមាន៖ រមណីយដ្ឋានប្រាសាទបាណន់, ទំនប់អាងកំពីងពួយ, រមណីយដ្ឋានភ្នំសំពៅ,តំបន់ទឹកធ្លាក់ភ្នំ៥៣, រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ចំការស្វាយ, តំបន់រមណីយដ្ឋាននគរជុំ ភ្នំព្រឹក, រមណីយដ្ឋានខេមសាយ, រមណីយដ្ឋានកែច្នៃ”ឡូរីជើងភ្នំបាណន់”,

រមណីយដ្ឋានចម្ការទុរេនអូតង, តំបន់សហគមន៍អេកូទេសចរណ៍”ទឹកធ្លាក់អូរជាំ”, ស្ទឹងថ្មដារ ចម្ការទុរេន, រមណីយដ្ឋានភ្នំកំពូល និងរមណីយដ្ឋានប្រាសាទឯកភ្នំ ។

       លោក ហម អរុណ បានសង្កត់ធ្ងន់បញ្ជាក់ទៀតថា៖ដើម្បីធានាដល់ការបើកដំណើរការ នូវ តំបន់ទេសចរណ៍ និង រមណីយដ្ឋានទាំងអស់នោះ មន្ទីរទេសចរណ៍ខេត្ត បានកំណត់ឲ្យម្ចាស់រមណីយដ្ឋាននៃតំបន់ទេសចរណ៍ខាងលើនោះ ត្រូវតែអនុវត្តប្រការណែនាំ ៣០ចំណុចរបស់ក្រសួង ដោយក្នុងនោះមន្ទីរបានកំណត់ឲ្យទទួលភ្ញៀវដែលទៅកំសាន្ត កាត់បន្ថយឲ្យនូវត្រឹម ៣០ទៅ៤០% ក្នុង១ថ្ងៃៗតែប៉ុណ្ណោះ ដើម្បីបញ្ចៀសពីការកកកុញ។ ហើយម្ចាស់អាជីវកម្ម ក៏ត្រូវតែធានាឲ្យបានថា៖គ្រប់ភ្ញៀវទាំងអស់ មុនចូលទៅតំបន់កម្សាន្ត គឺត្រូវឆ្លងកាត់នូវការវាស់កម្តៅ, ស្គេនQR-code លាងដៃអាល់កុល ជែល និងត្រូវតែពាក់ម៉ាស់គ្រប់ៗគ្នា ត្រូវរក្សាគម្លាតសុវត្ថិភាព មិនត្រូវឲ្យភ្ញៀវជួបជុំប្រមូលផ្តុំច្រើន (ត្រឹមក្រោម១០នាក់ចុះ)។ក្នុងនោះដែរ គ្រប់បុគ្គលិកដែលត្រូវបម្រើសេវាទេសចរណ៍ ត្រូវតែទទួលបានការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ហើយភ្ញៀវដែលត្រូវទៅកំសាន្តលេងទីនោះ  ក៏ត្រូវត្រួតពិនិត្យមើលរកប័ណ្ណចាក់វ៉ាក់សាំងជាមុន។ម្ចាស់អាជីវកម្មត្រូវធ្វើការអប់រំណែនាំដល់បុគ្គលិករបស់ខ្លួន ពីការយកចិត្តទុកដាក់ក្នុងការអនុវត្ត នូវ វិធានសុវត្ថិភាពការរក្សាអនាម័យឲ្យម៉ត់ចត់ និង ធ្វើការត្រួតពិនិត្យតាមដានរាល់ភ្ញៀវដែលមកកំសាន្ត ដោយត្រូវកំណត់ឱ្យភ្ញៀវអនុវត្តតាមការណែនាំអំពីវិធានសុវត្ថិភាពទេសចរណ៍ និងត្រូវមានស្លាកណែនាំអប់រំ ពីវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីចូលរួមក្នុងការទប់ស្កាត់ ពីការឆ្លងរីករាលដាលកូវីដ-19 ជាមួយក្រសួងសុខាភិបាល រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានផ្ទាល់។

        លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក៏បានឲ្យដឹងផងដែរថា៖ដោយសារតែបរិបទកូវីដ សម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍មកកាន់តំបន់រមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង នាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១នេះអាចនិងមានការថយចុះជាងបណ្តាឆ្នាំមុនៗ ដោយសារតែវិបត្តិនៃការរាតត្បាតពីការឆ្លងរីករាលដាលពីកូវីដ-19។ឆ្នាំកន្លងទៅ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តបាត់ដំបង ទទួលបាននូវភ្ញៀវទេសចរណ៍សរុប ប្រមាណជាង១៣ម៉ឺននាក់៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner