អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងថា យានយន្ត ២៤៦គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី០៥ ខែតុកលា ឆ្នាំ២០២១
ភ្នំពេញ៖ យានយន្តសរុបចំនួន ២៤៦គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងនោះមានម៉ូតូ ៤០១គ្រឿង និងរថយន្ត ៩៥គ្រឿង។ នេះបើតាមការឱ្យដឹងពី ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។
បើតាមអ្នកនាំពាក្យ, គិតត្រឹមថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៥ ខែតុលា ក្នុងឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៦៧,៧២១គ្រឿង ក្នុងនោះមានម៉ូតូ ១២៦,០២១គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤១,៧០០គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ ស្រវឹង លើសចំណុះ ទូរស័ព្ទ អត់ខ្សែក្រវាត់ ឆៀក អាជីវកម្មជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ ០៥នាក់ របួស ១៨នាក់ (របួសធ្ងន់ ១២នាក់)។ រយៈពេល ២៧៨ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៩៣៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,០៨២នាក់ របួស ២,៦៥៣នាក់ (របួសធ្ងន់ ១,៦០១នាក់)៕