រមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណ២ពាន់នាក់នៅថ្ងៃបិណ្ឌទី១៤

សៀមរាប៖ លោក ណន តូនី ប្រធានក្រុមសណ្ដាប់ធ្នាប់ ដែលគ្រប់គ្រងក្នុងរមណីយដ្ឋានអង្គររបស់អាជ្ញាធរជាតិអប្សរាបានអោយដឹងថា ក្រោយពេលដែលរាជរដ្ឋាភិបាលបានបើកឱ្យភ្ញៀវទេសចរដើរកម្សាន្តតាមតំបន់រមណីយដ្ឋានទូទាំងប្រទេស នៅរមណីយដ្ឋានអង្គរវត្ដ មានភ្ញៀវទេសចរជាច្រើនពាន់នាក់បានទៅទស្សនាជាហូរហែរ ដោយនៅថ្ងៃបិណ្ឌទី១៤ នៃពិធីបុណ្យភ្ជុំ មានអ្នកទេសចរទាំងជាតិ និងអន្ដរជាតិប្រមាណ២ពាន់នាក់ក្នុងមួយថ្ងៃ។ 

លោក ណន តូនី បន្ថែមថា ចំនួនអ្នកទៅទស្សនាដ៏ច្រើន ក៏ដោយសារតែសៀមរាបជាខេត្តទេសចរណ៍សំខាន់ជាងគេនៅកម្ពុជា និងមានប្រាង្គប្រាសាទជាច្រើនស្ថិតនៅទីនោះ ជាពិសេសប្រាសាទអង្គរវត្តដែលជាអច្ឆរិយ:វត្ថុដ៏អស្ចារ្យរបស់ពិភពលោក។ ទោះជាយ៉ាងនេះក្ដី លោក តូនី បានបញ្ជាក់ថា ការដើរទស្សនារបស់ភ្ញៀវក៏មានការប្រុងប្រយ័ត្នខ្ពស់ ដោយដើរបណ្ដុំគ្រួសារ ព្រោះថា ភ្ញៀវទេសចរនៅបារម្ភខ្លាចជំងឺកូវីដ-១៩។ ទន្ទឹមនេះ ការរៀបចំឱ្យចូលទស្សនាប្រាសាទអង្គរត្រូវបានអាជ្ញាធររៀបចំតាមវិធានការណែនាំពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ។ ជាក់ស្ដែងខាងមុខប្រាសាទអង្គរវត្ដ អាជ្ញាធរជាតិអប្សរាបានរៀបចំឱ្យភ្ញៀវទេសចរវាស់កម្ដៅ ស្គែនឃ្យូអរកូដ និងត្រូវលាងដៃនឹងទឹកអាលកុល ជាពិសេសតម្រូវឱ្យពាក់ម៉ាស់បានគ្រប់គ្នាផងដែរ។ លោក ណន តូនី បន្តថា បច្ចុប្បន្នបេតិកភណ្ឌរបស់ពិភពលោកដ៏ពិសិដ្ឋនេះ បានក្លាយជាគោលដៅទេសចរណ៍របស់ភ្ញៀវទេសចរបរទេស ដែលបានឆ្លងដែនមកដល់ទឹកដីនៃប្រទេសកម្ពុជា។

លោកបន្ថែមទៀតថា ក្នុងពេលដែលតំបន់អង្គរ មានភាពស្ងប់ស្ងាត់មិនសម្បូរភ្ញៀវ ដោយសារបញ្ហាជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរជាតិអប្សរាឆ្លៀតយកឱកាសនេះ រៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍នៅតំបន់អង្គរឡើងវិញ ក្នុងនោះរួមមាន ការរុះរើតូបលក់ដូរនៅតំបន់ខាងលិចអង្គរ រៀបចំសួនច្បារ និងដាំដើមឈើបន្ថែម ព្រមទាំងការស្ថាបនា និងកែលម្អផ្លូវថ្នល់ជាច្រើនកន្លែង ដើម្បីធ្វើយ៉ាងណាឱ្យមានការទាក់ទាញពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិទៅទស្សនាទាំងនៅខាងមុខអង្គរ និងក្នុងបរិវេណអង្គរ ក្នុងនោះមានការដាំផ្កា រៀបចំផ្លូវដើរលំអរដោយដើមឈើ និងផ្កាភ្ញីគ្រប់ប្រភេទ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សង្ឃឹមថា ការងារអស់ទាំងនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរឲ្យត្រឡប់មកទស្សនាតំបន់អង្គរឡើងវិញនៅពេលវិបត្តិកូវីដ-១៩ត្រូវបិទបញ្ចប់៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner