រាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់​ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យក្បាលម៉ាស៊ីនដឹកនាំស្ថានប័នជាតិ មានសញ្ជាតិខ្មែរតែមួយ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

ខាងក្រោមជាខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើ Facebook របស់សម្តេចមុននេះបន្តិច៖

ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។

ខ្ញុំបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា។

បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិ ពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្តី ឬច្បាប់អង្គការក្តី ត្រូវការសម្លេង២ភាគ៣ ទើបអាចអនុម័តបាន។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី មេឧទ្ទាម សម រង្ស៉ី បានផ្សព្វផ្សាយចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន បានទិញលិខិតឆ្លងដែន និងបានទទួលសញ្ជាតិ ពីប្រទេសសាយប្រឹស (Cyprus) ដែលជាកោះមួយ នៅទ្វីបអឺរ៉ុប៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner