ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គាំទ្រនូវប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញៈឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានគាំទ្រនូវប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះថ្នាក់ដឹកនាំកំពូលរបស់ជាតិ គួរតែមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងផេកហ្វេសប៊ុកថា “ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំសូមគាំទ្រប្រសាសន៍របស់សម្តេចដែលលើកឡើងថា ថ្នាក់ដឹកនាំកំពូលរបស់ជាតិគួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ”។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ព្រោះថាអ្នកនយោបាយណាម្នាក់ដែលតាំងចិត្តធ្វើជាអ្នកដឹកនាំកំពូលរបស់ជាតិ ដែលទទួលខុសត្រូវលើជោគវាសនា និងផលប្រយោជន៍ជាតិខ្មែរ ត្រូវហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិនិងប្រជាជនខ្មែរ កុំថាឡើយតែលាលែងសញ្ជាតិបរទេសនោះ(បើមាន)។”
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើហ្វេសប៊ុកផេករបស់សម្តេចថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។
ខ្ញុំបានប្រគល់ការងារជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា។
បើលេងកុំខឹងបើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រី ព្រោះថា
វិសោធនកម្មរដ្ឋធម្មនុញ្ញក្តី ឬច្បាប់អង្គការក្តីត្រូវការសំឡេង២ភាគ៣ ទើបអាចអនុម័តបាន៕
ដោយៈពលជ័យ