ប្រធានាធិបតីបារាំង និងរដ្ឋមន្រ្តីការបរទេសអាមេរិកជួបពិភាក្សាគ្នាលើកដំបូង ចាប់តាំងពីផ្ទុះជម្លោះរឿងនាវាមុជទឹក

ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃអង្គារសប្តាហ៍នេះ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន ក្នុងជំនួបលើកដំបូងរបស់លោកជាមួយមន្ត្រីអាមេរិក ចាប់តាំងពីការលុបកិច្ចសន្យានាវាមុជទឹកជាមួយអូស្ត្រាលី បានធ្វើឱ្យទំនាក់ទំនងធ្លាក់ចូលក្នុងវិបត្តិ។

វិមាន Elysee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីបារាំងបានពិភាក្សាជាមួយលោក ប្លីងគែន អំពីវិធីស្តារទំនាក់ទំនងអាមេរិក-បារាំងឡើងវិញបន្ទាប់ពីជម្លោះដែលបានជំរុញឱ្យទីក្រុងប៉ារីសកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងវ៉ាស៊ីនតោនត្រឡប់មកកាន់ប្រទេសវិញ។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងប៉ារីស បន្ទាប់ពីលោក ប្លីងគែន បានជួបលោក ម៉ាក្រុង រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean Yves Le Drian និងទីប្រឹក្សាការទូតរបស់លោក ម៉ាក្រុង គឺលោក Emmanuel Bonne ថា  កិច្ចប្រជុំមួយទល់មួយមានរយៈពេលប្រហែល៤០នាទី ដោយមានកិច្ចព្រមព្រៀងរួមដែលយើងមានឱកាសឥឡូវនេះ គឺដើម្បីធ្វើឱ្យស៊ីជម្រៅ និងពង្រឹងការសម្របសម្រួល ទោះបីជាការងារលំបាកជាច្រើននៅតែត្រូវធ្វើ។

មន្ត្រីរូបនេះបាននិយាយថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ លោក ប្លីងគែន និងលោក ម៉ាក្រុង បានពិភាក្សាអំពីការជំរុញរបស់បារាំង សម្រាប់កិច្ចសហប្រតិ បត្តិការសន្តិសុខបន្ថែមទៀត ក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប។ បើតាមមន្រ្តីអាមេរិកដដែលនេះ លោក ប្លីងគែន បានប្រាប់លោក ម៉ាក្រុង ថា ទីក្រុងវ៉ាស៊ីនតោនពិតជាគាំទ្រគំនិតផ្តួចផ្តើមការពារជាតិ និងសន្តិសុខអឺរ៉ុបដែលអាចបង្កើនសមត្ថភាពប៉ុន្តែមិនធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធភាពណាតូឡើយ។ មន្រ្តីអាមេរិករូបនេះនិយាយដូច្នេះថា “យើងមើលឃើញថា ជាការបំពេញបន្ថែមដល់ណាតូ និងការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី (លោក ចូ បៃដិន) ចំពោះណាតូ ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថាជាដែកអ៊ីណុក”។ លោក ប្លីងគែន និងមន្រ្តីបារាំងក៏បានពិភាក្សាអំពីផែនការរៀបចំកិច្ចប្រជុំរវាងលោក ម៉ាក្រុង និងលោក ចូ បៃដិន នៅចុងខែនេះផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលបារាំងបាននិយាយថា ខ្លួនត្រូវបានចាក់ពីក្រោយខ្នងដោយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន ជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខ AUKUS រវាងអាមេរិក អូស្ត្រាលី និងអង់គ្លេសដែលបានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា ហើយថា បញ្ហានេះ នឹងត្រូវការពេលវេលាដើម្បីធ្វើឱ្យរបួសបានជាសះស្បើយ។ មន្រ្តីបារាំងដែលមានអារម្មណ៍ឈឺចាប់បានសង្កត់ធ្ងន់ថា AUKUS គឺជាការដាស់តឿនរដ្ឋអឺរ៉ុបហើយថា ពួកគេគួរតែឆ្លើយតបទៅនឹងវិបត្តិរវាងទីក្រុងប៉ារីស និងវ៉ាស៊ីនតោននាពេលថ្មីៗនេះ ដោយបញ្ចប់ភាពឆោតល្ងង់របស់ប្លុកនេះ នៅពេលនិយាយពីការការពារផលប្រយោជន៍របស់ខ្លួន និងការកសាងសមត្ថភាពយោធាផ្ទាល់ខ្លួន ក្នុងក្របខ័ណ្ឌណាតូ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner