ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការបើកឱកាសឱ្យពលរដ្ឋដើរលេងកម្សាន្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ជាការសាកល្បងដ៏ធំ មុនការបើកដំណើរការលើគ្រប់វិស័យឡើងវិញ

ភ្នំពេញ៖ តាមរយៈសារជាសំឡេង នាព្រឹកថ្ងៃទី០៦ ខែតុលា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ការបើកឱកាសឱ្យបងប្អូនដើរលេងកម្សាន្ត ជាការសាកល្បងដ៏ធំ ប្រសិនបងប្អូនការពារបាន នោះនឹងមានការបើកដំណើរការប្រទេសឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ប៉ុន្មានថ្ងៃមកនេះ ក៏ដូចជាពេលនេះ ប្រជាពលរដ្ឋបានចល័តពីតំបន់មួយទៅតំបន់មួយ។ នេះគឺជាការសាកល្បងដ៏ធំណាស់សម្រាប់ប្រទេសកម្ពុជារបស់យើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ និងដុសជម្រុញ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងនឹងតាមដាននៃការសាកល្បងរបស់យើង ដែលមិនមែនជាការសាកល្បងដែលប្រថុយប្រថាននោះទេ ក៏ប៉ុន្តែក៏មិនមែនជាការច្បាស់លាស់ ១០០ ភាគរយថា វាគ្មានបញ្ហានោះដែរ ខណៈដែលយើងបានប្រុងប្រៀបខ្លួន ដើម្បីទទួលយកសភាពការណ៍ អាក្រក់ដែលអាចកើតមានឡើងដូចជាករណីនៅឥណ្ឌា បន្ទាប់ពីពិធីសាសនារួចហើយ ការឆ្លងរីករាលដាលបានបង្កឲ្យមានការស្លាប់ឆ្លងយ៉ាងច្រើន។ សម្រាប់កម្ពុជាយើងវិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា «យើងត្រូវត្រៀមទុកនូវការកើតឡើងយ៉ាងអាក្រក់សម្រាប់សុខភាពសាធារណៈ និងសុខភាពប្រជាជនរបស់យើងផងដែរ»។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាម ក៏ដូចជាបងប្អូនដែលកំពុងធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានា និងមានការប្រុងប្រយ័ត្នព្រោះ ចំណុចនេះជាចំណុច នៃការសាកល្បង ដើម្បីថា តើបន្ទាប់ពីភ្ជុំបិណ្ឌរួចហើយនោះ យើងមានជំងឺឆ្លងធ្ងន់ធ្ងរឬទេ ប្រសិនបើមានជំងឺឆ្លងថ្មី គម្រោងដើម្បីបើកប្រទេសគ្រប់វិស័យឡើងវិញ នឹងមិនអាចធ្វើទៅបាននោះទេ ប៉ុន្តែប្រសិនបើបងប្អូនអាចការពារខ្លួនបាន ហើយចំនួនអ្នកឆ្លង ឬអ្នកស្លាប់ពុំមានអ្វីធ្ងន់ធ្ងរទេនោះ ប្រជាពលរដ្ឋរបស់យើង នឹងបានរួមគ្នាទៅលើការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ជាពិសេសករណីសាលារៀន ក៏ដូចជាទេសចរណ៍ផ្ទៃក្នុងដែលជាផ្នែកមួយ នៃសេវាកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ។

សម្ដេចបានលើកឡើងទៀតថា ក្រោយពីបានចាក់វ៉ាក់សាំង ការឆ្លង covid 19 មានការថយចុះ។ ប្រសិនបើនៅចុងឆ្នាំនេះយើងអាចបើកនូវសេដ្ឋកិច្ចបាន ជាពិសេសទៅលើសេវាទេសចរណ៍ផ្ទៃក្នុងប្រទេស ជាបឋមថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងអាចកើនឡើង ២.២ភាគរយ តាមរយៈការវាយតម្លៃនៅក្នុងខែកញ្ញាកន្លងទៅនេះ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមឲ្យព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ នៅតាមតំបន់នានាតំបន់ទេសចរណ៍សុំរក្សាឲ្យបានខ្ជាប់ខ្ជួន បីកុំ បីការពារ កុំឲ្យក្រោយពេលបុណ្យយើងបែរជាមានអ្នកដែលត្រូវធ្វើបុណ្យឱ្យយើងវិញនោះ គឺជាមហន្តរាយមួយដែលវាកើតឡើង បន្ទាប់ពីការសប្បាយរីករាយរបស់យើង ប៉ុន្តែផ្ទុយទៅវិញប្រសិនបើយើងអនុវត្តបានល្អកុំឱ្យមានការឆ្លងរីករាលដាលបងប្អូនប្រជាពលរដ្ឋរបស់យើងនឹងបានទទួលការសប្បាយរីករាយច្រើនជាងមុននៅក្នុងពិធីនានា បើទោះបីជាយើងមិនបានចាត់តាំងពិធីអុំទូក អកអំបុក ក៏ប៉ុន្តែសភាពការណ៍អាចនឹងរៀបចំជាការដើរកម្សាន្តសប្បាយនៅក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែខាងមុខ ដែលទេសចរផ្ទៃក្នុងរបស់យើងមានការរីកលូតលាស់បន្ថែម ទៅដោយការគ្រោងទុកនូវការរៀបចំ នូវទេសចរណ៍សុវត្ថិភាពទេសចរណ៍វ៉ាក់សាំងមកពីក្រៅប្រទេសសម្រាប់ប្រទេសរបស់យើង»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់កន្លែងទាំងអស់យកចិត្តទុកដាក់ពិនិត្យមើលពីការរក្សាគម្លាតពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយ ធានាក៉ំឱ្យការកកកុញមនុស្សច្រើន ដែលមិនដឹងថាអ្នកណាមួយមានជំងឺនោះទេ ការពាក់ម៉ាសនៅតាមទីធ្លាដែលយើងដើរលេងកម្សាន្តវាជាការចាំបាច់ ការលាងដៃនឹងអាកុល ឬជែល វាជារឿងសំខាន់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner