រថយន្តស៊េរីទំនើបពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបែកជាបួនរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបថ្មីស្រឡាងមួយគ្រឿងម៉ាក អូឌី បានបើកបុករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រត្រង់នៅចំណុចផ្លូវបែកជាបួនរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមករាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៣៤ កែងផ្លូវ១៣៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2M-6323 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវបែកជាបួនចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាកអូឌីស៊េរីទំនើបថ្មីស្រឡាងពណ៌ខ្មៅ គ្មានស្លាកលេខធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៩  ទិសដៅពីត្បូងទៅជើងជ្រុលទៅបុករថយន្តឡង់គ្រីស័រចំផ្នែកខាងមុខចំហៀងខាងស្ដាំ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្ត អូឌី រងការខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងសងខាងសូមធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត អូឌី បានចេញថ្លៃជួសជុលទៅឲ្យខាងភាគីរថយន្តឡង់គ្រីស័រដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner