មនុស្សស្លាប់កើនដល់៣នាក់ និង១៣៩នាក់ទៀតឆ្លងវីរុសរលាកសួតថ្មីដែលកំពុងបង្កការគំរាមកំហែងខ្លាំងនៅប្រទេសចិន
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ ចំនួនមនុស្សបាត់បង់ជីវិតកើនដល់៣នាក់ហើយ ដោយសារវីរុសផ្លូវដង្ហើមថ្មី ខូរ៉ូណា (Coronavirus) ស្របពេលដែលមនុស្សរហូតដល់១៣៩នាក់បានឆ្លងវីរុសថ្មីនេះ គិតត្រឹមចុងសប្តាហ៍មុន នេះបើតាមអាជ្ញាធរនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ។

បើតាមមន្ត្រីចិន វីរុសថ្មីនេះត្រូវបានរកឃើញនៅទីក្រុងប៉េកាំង និងទីក្រុងហ្សិនជិនផងដែរ ដែលនេះគឺជាការរីករាលដាលបន្ថែមទៀត បន្ទាប់ពីវាបានផ្ទុះឡើងដំបូងចេញពីទីក្រុង វូហាន ភាគកណ្តាលប្រទេសចិន ។ ទន្ទឹមគ្នា អាជ្ញាធរទីក្រុងវូហាន បានប្រកាសថា នៅក្នុងទីក្រុងនេះតែមួយប៉ុណ្ណោះមានមនុស្សរហូតដល់១៣៦នាក់ហើយបានឆ្លងវីរុស និងកំពុងទទួលការព្យាបាល ។

គួរបញ្ជាក់ផងដែរថា វីរុសខូរ៉ូណា គឺជាប្រភេទវីរុសផ្លូវដង្ហើមថ្មីដែលក្រុមជំនាញចិន និងអន្តរជាតិនៅតែកំពុងព្យាយាមធ្វើការសិក្សាស្វែងយល់អំពីវានៅឡើយ ៕ធ.ដ
