សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័ត និងបន្ថែមពាក្យពេចន៍មួយចំនួន
ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ផៃ ស៉ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័ត និងបន្ថែមពាក្យពេចន៍មួយចំនួនលើ «សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន»។
ឯកឧត្តម ផៃ ស៉ីផាន បានឱ្យដឹងទៀតថា «សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន» មានខ្លឹមសារសង្ខេបដូចខាងក្រោម៖
កាលពីឆ្នាំ២០១៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានការអនុញ្ញាតដើម្បីដឹកមុខលើការងាររៀបចំក្របខណ្ឌគោលនយោបាយ យុទ្ធសាស្រ្ត និងគតិយុត្តសម្រាប់គ្រប់គ្រង រៀបចំ និងអនុវត្តគម្រោងវិនិយោគសាធារណៈ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលហៅកាត់ថា “ភ.រ.ជ” នៅកម្ពុជា។ ក្នុងចំណោមវិធានការគោលនយោបាយគន្លឹះៗ ដែលបានដាក់ចេញក្នុងឯកសារគោលនយោបាយនេះវិធានការនេះ វិធានការគន្លឹះមួយ គឺការពិនិត្យឡើងវិញលើច្បាប់ស្តីពីសម្បទាន និងរៀបចំក្របខណ្ឌគតិយុត្ត និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគម្រោង (Standard Operating Procedures-SOPs)។
ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តថា នៅក្នុងកិច្ចដំណើរការរៀបចំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសេចក្តីព្រាងច្បាប់នេះ ដោយទទួលបានការគាំទ្របច្ចេកទេសពីជំនាញការផ្នែកច្បាប់របស់ ADB ចាប់តាំងពីឆ្នាំ២០១៧មក និងបានអនុវត្តកម្មវិធីឆ្លងការជាបន្តបន្ទាប់ ដោយក្នុងនោះ៖ បានដាក់សេចក្តីព្រាងច្បាប់ស្តីពីភ.រ.ជ នេះ បានពិនិត្យ និងផ្តល់យោបល់លើជំពូកចំនួន ៤ នៃសេចក្តីព្រាងច្បាប់នេះពាក់ព័ន្ធនឹង៖ (១) ការដោះស្រាយវិវាទ (២)ទោសប្បញ្ញត្តិ (៣) អន្តរប្បញ្ញត្តិ និង (៤) អវសានប្បញ្ញត្តិ ព្រមទាំងបានដាក់សេចក្តីព្រាងច្បាប់ចុងក្រោយនេះផងដែរ។
១.បរិការណ៍នេះការរៀបចំ និងគោលបំណងនៃសេចក្តីព្រាងច្បាប់ស្តីពីភ.រ.ជ។
សេចក្តីព្រាងច្បាប់ស្តីពីភ.រ.ជ គឺត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍៖ (១) ការថយចុះហិរញ្ញប្បទានឥតសំណងលើសកលលោក និងការបាត់បង់ជាបណ្ដើរៗនូវឥណទានសម្បទានកម្រិតខ្ពស់របស់កម្ពុជានាពេលអនាគត, នេះម្យ៉ាង និងម្យ៉ាងទៀត, ប្រភពធនធានថវិកាជាតិនៅមានកម្រិតនៅឡើយ, ប៉ុន្តែតម្រូវការទុនវិនិយោគសាធារណៈកាន់តែមានទំហំធំឡើងជាលំដាប់ វិបត្តិជំងឺកូវីដ-១៩ កំពុងយាយីនិងបង្កផលប៉ះពាល់អវិជ្ជមាន ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមក និងបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា ជាពិសេសអាចនឹងពន្យាពេលនៃការឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ (៣) កិច្ចខិតខំប្រែងក្នុងការបញ្ចៀសកម្ពុជាកុំឱ្យធ្លាក់ផុងទៅក្នុង “អន្ទាក់នៃថ្លៃ” ដែលអាចកើតឡើងតាមរយៈការចុះកិច្ចសន្យាដែលមានរយៈពេលវែង ដោយមិនមានការពិនិត្យ និងវាយតម្លៃត្រឹមត្រូវ និងហ្មត់ចត់ និង (៤) ការជំរុញកំណើន និងការរក្សាជីវភាពសេដ្ឋកិច្ចកម្ពុជា ដោយផ្អែកលើមូលដ្ឋានប្រភពធនធាន និងនវានុវត្តន៍ពីវិស័យឯកជន ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការផ្តល់សេវាសាធារណៈ។
សេចក្តីព្រាងច្បាប់នេះ នឹងបង្កើតក្របខណ្ឌគតិយុត្តមួយ ដែលមានភាពច្បាស់លាស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព និងបំពេញបន្ថែមនូវនីតិវិធី និងគោលការណ៍ណែនាំចាំបាច់មួយចំនួនទៀត ដែលច្បាប់ស្តីពីសម្បទានមិនមានចែង ដោយម្យ៉ាង គឺដើម្បីធានាបានថា ដំណើរការរៀបចំអភិវឌ្ឍគម្រោង តាមយន្តការភ.រ.ជ ប្រព្រឹត្តទៅដោយអនុលោមតាមក្របខណ្ឌនិងនីតិវិធីរួមមួយ ដែលបានផ្តល់និង/ឬសន្យានឹងផ្តល់ការគាំទ្ររបស់រដ្ឋជាផ្នែកហិរញ្ញវត្ថុនិង/ឬការគាំទ្រផ្សេងទៀត សម្រាប់គម្រោង។
សេចក្តីព្រាងច្បាប់នេះ ក៏ដាក់ចេញផងដែរនូវនីតិវិធីលទ្ធកម្មជ្រើសរើសដៃគូឯកជនដើម្បីអនុវត្តគម្រោងភ.រ.ជ ទីប្រឹក្សាគាំទ្រដល់ការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោងភ.រ.ជ ក្របខណ្ឌសម្រាប់គ្រប់គ្រង និងតាមដានការអនុវត្តគម្រោងភ.រ.ជ និងយន្តការគាំទ្រហិរញ្ញវត្ថុ ព្រមទាំងការលើកទឹកចិត្តវិនិយោគសម្រាប់គម្រោងភ.រ.ជ។
ក្នុងន័យនេះ សេចក្តីព្រោងច្បាប់ស្តីពីភ.រ.ជ នេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តដ៏សំខាន់មួយ ក្នុងការបង្កើតបរិស្ថានអំណោយផល ដើម្បីបន្តជំរុញការចូលរួមរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ថមថយ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។
២.ទម្រង់នៃសេចក្តីព្រាងច្បាប់ស្តីពីភ.រ.ជ
សេចក្តីព្រាងច្បាប់ស្តីពីភ.រ.ជ នេះ ជាច្បាប់ថ្មី ជំនួសឱ្យច្បាប់ស្តីពីសម្បទាន ហើយក៏ពុំមែនជាច្បាប់ស្តីពីវិសោធនកម្មនោះទេ។
ទន្ទឹមនេះ ដើម្បីអនុវត្តតាមបទបញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ ឱ្យបានពេញលេញ និងមានលក្ខណៈជាប្រព័ន្ធ ស្របតាមចក្ខុវិស័យដូចមានចែងនៅក្នុងឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភ.រ.ជ សម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០ ។
៣. អត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់ស្តីពីភ.រ.ជ
កិច្ចលទ្ធកម្មគម្រោងវិនិយោគសាធារណៈ តាមយន្តការភ.រ.ជ គឺមានភាពខុសគ្នាជាមួយនឹងកិច្ចលទ្ធកម្មសាធារណៈ និងកិច្ចលទ្ធកម្មពីប្រភពថវិកាដៃគូអភិវឌ្ឍន៍។ ភាពខុសគ្នានេះ ទាមទារឱ្យមានការទទួលយកនូវអភិក្រមថ្មី និងបង្កើនជំនាញសមត្ថភាពការវិភាគ និងវាយតម្លៃ នៅក្នុងវិស័យសាធារណៈ ព្រមទាំងយល់ដឹងពីតម្រូវការមុខចំណាយថ្មីទៀត មានជាអាទិ៍៖ ការបំពេញផលហិរញ្ញវត្ថុគម្រោង, កិច្ចធានារបស់រដ្ឋ និងវិភាគទានទ្រព្យសម្បត្តិរដ្ឋជាដើម។
សេចក្តីព្រាងច្បាប់នេះ ផ្តល់នូវអត្ថប្រយោជន៍គន្លឹះចំនួន ២ដូចខាងក្រោម៖
- ការពង្រីកលំហហិរញ្ញវត្ថុសាធារណៈ ៖ តាមរយៈការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល និងការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយភាពហ្មត់ចត់ និងប្រយ័ត្នប្រយែងខ្ពស់, លទ្ធភាពបង្កើនចំណាយសាធារណៈ ក្នុងការរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលជាឃ្នាស់នៃកំណើនសេដ្ឋកិច្ច និងពង្រីកវិសាលភាពសេវាសាធារណៈឱ្យកាន់តែប្រសើរ និងខិតជិតប្រជាពលរដ្ឋ។
- ប្រសិទ្ធភាព និងនវានុវត្តន៍នៃការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោងរបស់វិស័យឯកជន ៖ បច្ចុប្បន្នការរៀបចំ និងអនុវត្តគម្រោងវិនិយោគសាធារណៈ តាមកិច្ចលទ្ធកម្មសាធារណៈពីប្រភពថវិកាជាតិ និងប្រភពធនធានហិរញ្ញប្បទានកៀរគរបានពីដៃគូអភិវឌ្ឍន៍ ផ្តោតសំខាន់លើលក្ខណៈបច្ចេកទេស តាមយថាប្រភេទ និងបរិមាណនៃទំនិញ ការងារសាងសង់ ការងារជួសជុល ឬសេវាកម្ម ឬហៅថាបទដ្ឋានយថាប្រភេទធាតុចូល (Input Specifications) ។ដោយឡែក កិច្ចលទ្ធកម្មតាមយន្តការភ.រ.ជ គឺផ្តោតលើបទដ្ឋានយថាប្រភេទធាតុចេញ (Output Specifications) នៃការសាងសង់ និងការងារប្រតិបត្តិការ ដែលផ្តល់លទ្ធភាពឱ្យវិស័យឯកជនអាចប្រើប្រាស់នូវចំណេះដឹង ចំណេះធ្វើរបស់ខ្លួន ក្នុងការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោងភ.រ.ជ ដែលគ្របណ្ដប់ពេញវដ្ដគម្រោងរួមមាន៖ ការងារពាក់ព័ន្ធនឹងការរចនាប្លង់វិស្វកម្ម ការសាងសង់ ហិរញ្ញប្បទានគម្រោង ការធ្វើប្រតិបត្តិការ និងការថែទាំទ្រព្យសម្បត្តិគម្រោង ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកប្រើប្រាស់និងភាគីរដ្ឋ ដែលជាគូភាគីនៃកិច្ចសន្យា ប៉ុន្តែនៅតែទទួលបានផលចំណេញហិរញ្ញវត្ថុសមរម្យ ផ្អែកលើសមិទ្ធិកម្មការងារក្នុងអនុវត្តគម្រោង។
ឯកឧត្តម ផៃ ស៉ីផាន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តដ៏សំខាន់មួយ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទញចំពោះវិស័យឯកជនពីបរទេសនិងក្នុងស្រុក ដើម្បីចូលរួម និងជំរុញការអភិវឌ្ឍគម្រោងវិនិយោគសាធារណៈ តាមយន្តការភ.រ.ជ ដែលជាតម្រូវការចាំបាច់ក្នុងការទ្រទ្រង់ចីរភាពកំណើនសេដ្ឋកិច្ចរយៈពេលវែង, ការបង្កើនសមត្ថភាពប្រកួតប្រជែង, និងការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា៕