មនុស្ស២០នាក់របួស ក្នុងហេតុការណ៍គ្រោះរញ្ជួយដីក្នុងកម្រិត៦.១រ៉ិកទ័រវាយប្រហារប្រទេសជប៉ុន
តូក្យូ៖ មនុស្សច្រើនជាង ២០ នាក់ត្រូវបានគេរាយការណ៍មកថា បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត ៦.១ រ៉ិចទ័រ បានវាយប្រហារទីក្រុងតូក្យូ ប្រទេសជប៉ុន និងតំបន់ជុំវិញកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។
ភ្លាមៗនោះ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) មិនបានធ្វើការព្រមានអំពីរលកយក្សស៊ូណាមិទេ។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានដាក់ចំណុចកណ្តាលនៃការរញ្ជួយដីនៅខេត្តឈីបា ភាគខាងកើតទីក្រុងតូក្យូ ហើយនិយាយថា វាបានវាយប្រហារនៅវេលាម៉ោង ១០៖៤១ នាទីយប់ដែលមានជម្រៅ ៨០ គីឡូម៉ែត្រ។ ដោយឡែកសេវាកម្មរថភ្លើងជាច្រើន ក្នុងនោះរួមទាំងរថភ្លើងល្បឿនលឿន និង ខ្សែរថភ្លើងក្រោមដីនៅក្នុងរដ្ឋធានីនេះ ត្រូវបានផ្អាកដោយសារគ្រោះមហន្តរាយធម្មជាតិនេះ។
ឆ្លើយតបនឹងបញ្ហានេះដែរ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ៊្វូមីអូ គីហ្ស៊ីដា បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកបានបញ្ជាឱ្យមន្រ្តីចេញប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនេះ និងការពារការខូចខាតបន្ថែមទៀត៕ ប្រភព៖ CGTN

