ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានហេតុផលសំខាន់ពីរដែលនាំឱ្យសម្តេច សម្រេច ស្នើធ្វើសេចក្តីព្រាងច្បាប់ និងធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយចំពោះមេដឹកនាំ កំពូលស្ថាប័នរបស់ជាតិ។ ហេតុផលនោះ គឺដើម្បីបញ្ជាក់ថា សម្តេចមានសញ្ជាតិមួយ ឬពីរ ដូចការចោទក្រុមឧទ្ទាមក្រៅច្បាប់ និងមួយទៀត ដើម្បីបញ្ចៀសការជ្រៀតជ្រែករបស់បរទេសលើកិច្ចការជាតិ ក៏ដូចជាបង្ហាញនូវភក្តីភាពសម្រាប់ជាតិរបស់មេដឹក នាំ នៃស្ថាប័នកំពូលរបស់ជាតិផងដែរ ។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើ ច្បាប់ក្នុងល្បឿនលឿនបែបនេះ ជាការបញ្ជាក់នូវល្បឿនការងាររបស់គណៈរដ្ឋមន្ត្រីកម្ពុជា ដែលធ្វើការងារអត់ដេកពួន ហើយ ដើម្បីបញ្ជាក់ពីសញ្ជាតិរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលធម្មនុញ្ញចូលជាធរមានហើយ គឺឋានៈ និងតួនាទីរបស់ ហ៊ុន សែន ត្រូវបានបញ្ចប់ ព្រោះគេចោទថា ហ៊ុន សែន មានសញ្ជាតិពីរ ។ ប៉ុន្តែបើ ហ៊ុន សែន អត់មានសញ្ជាតិ ២ទេ ហ៊ុនសែន នៅតែបន្ត។ សម្តេចថា បញ្ហាវាមាន បញ្ហា ចំពោះមុខ តែវាមានផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រទេស កម្ពុជា ដើម្បីបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស និងបង្ហាញភក្តីភាពចំពោះជាតិមាតុភូមិ។ ហេតុអ្វីបានជាមិនហ៊ានយកសញ្ជាតិ តែមួយ ហើយមកចង់ដណ្តើមយកកៅអី ហើយកន្លែងនេះ វាទំនាស់ផលប្រយោជន៍ ការជ្រៀតជ្រែកពីបរទេសទៅលើតំណែង ដ៏សំខាន់នេះ គឺវាអាចកើតមានច្បាស់ព្រោះអ្នកមានសញ្ជាតិពីរត្រូវបង់ពន្ធ ឱ្យនៅក្រៅប្រទេស ហើយគេអាចកំញើញថា បើមិនធ្វើ តាមគេ ទ្រព្យសម្បត្តិរបស់អ្នកឯងនៅក្រៅប្រទេស គេនឹងរឹបអូស ឬអ៊ីចេះអ៊ីចុះ ដូច្នេះនៅក្រោមឥទ្ធិពលគេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ទៅថ្ងៃមុខ កម្ពុជា នឹងត្រូវធ្វើការកំណត់ឱ្យកាន់តែទូលាយ ពាក់ព័ន្ធសញ្ជាតិរបស់ មន្ត្រីខ្មែរ តែពេលបច្ចុប្បន្ន នឹងមានការកំណត់សញ្ជាតិឋានៈឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬអនុប្រធានរដ្ឋសភា ព្រឹទ្ធសភានោះទេ។ សម្រាប់សម្តេចតេជោ ការមិនកំណត់បែបនេះ គឺទុកផ្លូវឱ្យខ្មែរនៅក្រៅប្រទេស បានចូលរួមចំណែកក្នុងការ កសាង និងអភិវឌ្ឍសង្គមជាតិ។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជារដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យជួប ជជែកជាមួយមន្ត្រីប្រទេសាយប្រឹស ដើម្បីបញ្ចប់ការភ័ន្តច្រឡំមួយចំនួន ជុំវិញការចេញផ្សាយពាក់ព័ន្ធការផ្តល់សញ្ជាតិដល់ សម្តេចពីសំណាក់សារព័ត៌មានអង់គ្លេស The Guardian ។ សម្តេចតេជោ បានចាត់ទុកប្រទេសសាយប្រឹស និងកម្ពុជា សុទ្ធ តែជាអ្នករងគ្រោះពីការចេញផ្សាយខុសពីការពិតមួយនេះ។ សម្តេចតេជោ បានបន្តថា ដ្បិតថា សារព័ត៌មានបានកែហើយ តែ យើងត្រូវបញ្ជាក់រវាងរដ្ឋ និងរដ្ឋជាមួយគ្នា។

បើចាំបាច់ឯកឧត្តម ប្រាក់ សុខុន ឬឯកឧត្តម កើត រិទ្ធ ជួបរដ្ឋមន្ត្រីការបរទេស ឬ ជួបរដ្ឋមន្ត្រីយុត្តិធម៌ តាមប្រព័ន្ធវីដេអូ និយាយគ្នាឱ្យច្បាស់លើរឿងហ្នឹង”។ រឿងមេដឹកនាំជាតិមួយ ដែលត្រូវបានគេមូលបង្កាច់ មិនមែនជារឿងតូចតាចនោះឡើយ។ សម្តេច ក៏បានណែនាំឱ្យឯកអគ្គរាជទូតខ្មែរនៅទីក្រុងប៉េកាំង ជួបជាមួយទូតប្រទេស សាយប្រឹស ហើយបើសាយប្រឹស មិនឆ្លើយតបទេ គឺត្រូវធ្វើកំណត់ទូតជូនទៅកាន់ប្រទេសនេះថែមទៀត។ សម្តេចថា ដើម្បី បញ្ជាក់ពីភាពស្អាតស្អំពាក់ព័ន្ធរឿងសញ្ជាតិនេះ កម្ពុជា បានធ្វើកំណត់ទូត ទៅអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងអគ្គរដ្ឋទូតប្រទេស អឺរ៉ុបប្រចាំនៅកម្ពុជា បូករួមទាំងប្រទេសអង់គ្លេសផងដែរ ។

សូមជម្រាបថា សារព័ត៌មានរបស់អង់គ្លេស The Guardian កាលពីថ្ងៃទី០៣ ខែតុលា កន្លងទៅ បានចេញផ្សាយថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូប ក្នុងចំណោមបណ្តា ប្រទេសជាច្រើនទទួលបានសញ្ជាតិពីប្រទេសសាយប្រឹស។ ការចុះផ្សាយនាំឱ្យមានការប្រតិកម្មខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា និង មានការទាមទារឱ្យបំភ្លឺឡើងវិញពីសារព័ត៌មានមួយនេះផងដែរ។ ក្រោយការទាមទារ សារព័ត៌មានមួយនេះ ក៏បានយល់ព្រម កែប្រែការផ្សាយរបស់ខ្លួនដោយប្តូរមកថា មនុស្សក្បែរខ្លួនសម្តេចតេជោ ជាអ្នកទទួលបានសញ្ជាតិពីប្រទេសសាយប្រឹសវិញ។

ដោយឡែកថ្លែងពាក់ព័ន្ធនឹងជំងឺកូវិដ-១៩ នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មិនចង់ឃើញអ្នកប្រឆាំង ស្លាប់ដោយកូវីដ១៩ ព្រោះមិនបានចាក់វ៉ាក់សាំងទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវជាថ្មីដល់ក្រុមប្រឆាំង និងអ្នកជឿតាមការឃោសនារបស់ក្រុមប្រឆាំង ឱ្យនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ សម្តេចក៏បានបញ្ជាឱ្យមានការ ស្រាវជ្រាវពាក់ព័ន្ធអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ តើពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬអត់?

សម្តេចតេជោ បានបញ្ជាក់ថា មានអ្នកជំងឺវ័យក្មេងមួយចំនួនបានស្លាប់ ដោយសារតែពួកគេមិនបានចាក់វ៉ាក់សាំង។ សម្តេច ក៏បានបញ្ជាឱ្យស្រាវជ្រាវពីមូលហេតុដែលពួកគេ មិនព្រមចាក់វ៉ាក់សាំងផងដែរ។ លទ្ធផលស្រាវជ្រាវបង្ហាញថា អ្នកមិនព្រម ចាក់នោះ គឺជាអ្នកមាននិន្នាការប្រឆាំង និងអ្នកខ្លះទៀតជឿតាមការឃោសនារបស់ក្រុមប្រឆាំងនេះ ។ សម្តេចតេជោ បានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធ ឱ្យខិតខំស្រាវជ្រាវរកអ្នកមិនទាន់ចាក់វ៉ាក់សាំងនេះ មកទទួលវ៉ាក់សាំង ឱ្យបាន គ្រប់គ្នា ដោយសម្តេច មិនចង់ឃើញពួកគេ ត្រូវស្លាប់ព្រោះតែមិនបានចាក់វ៉ាក់សាំងនោះឡើយ ។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់អ្នកមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅស្វែងរកការ ចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យបង្អែកតាមខេត្តនានា គឺអាជ្ញាធរនៅតែទទួលចាក់វ៉ាក់សាំងជូនពួកគេ។ ពាក់ព័ន្ធការចាក់វ៉ាក់សាំងនេះ សម្តេច ក៏បានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មិនត្រឹមតែជួយការពារសុខភាព ការពារអាយុជីវិតពីការយាយីមេរោគកូវីដ១៩ប៉ុណ្ណោះទេ។ តែទៅថ្ងៃមុខការចាក់វ៉ាក់សាំង នឹងក្លាយទៅជាតម្រូវការចាំបាច់ពាក់ ព័ន្ធការរស់នៅប្រចាំថ្ងៃផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner