ប្លន់មួយករណីទៀតហើយនៅខណ្ឌពោធិ៍សែនជ័យ តែលោកអធិការទើបឡើងថ្មីមិនទាន់បង្ក្រាបបាន១ករណីសោះ
នំពេញ ៖ បន្ទាប់ពីលោកម៉ន វុធី ឡើងកាន់តំណែងជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ គែសង្កេតឃើញថាមានភាពអសកម្មជាច្រើន ជាពិសេសករណីលួច ឆក់ ប្លន់ កើតមានឡើងជាហូរហែរ ប៉ុន្តែមិនទាន់ឃើញលោកបញ្ចេញស្នាដៃបង្ក្រាបទាល់តែសោះ ជាស្តែងបុរសម្នាក់ត្រូវបានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូស្កុបពីសេរី២០១៩ បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្តិភាព ខណះជនរងគ្រោះចេញពីជួបជុំផឹកស៊ីនៅផ្ទះជួល ហើយ ជិម៉ូតូគោលបំណងឆ្ពោះទៅផ្ទះមិត្តស្រី ពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងលេខ១ តាកន ភូមិព្រៃជីសាក់ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា នេះ ទើបពលរដ្ឋប្រទះឃើញ ដេកននៀលចិញ្ចើមផ្លូវ ដាស់សាកសួរ ទើបដឹងថាគេយកម៉ូតូ កាបូបលុយបាត់អស់ ផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើលជាក់ស្តែង ។
បុរសរងគ្រោះមានឈ្មោះ យឹម វិទូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ក្រុងព្រៃវែង ខេត្តព្រៃវែង ជនរងគ្រោះក្នុងសភាពរបួស ឆ្អឹងជំនី ក្រោមក្លៀកឆ្វេង របួសដៃជើង។
បុរសរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី១៧ ខែមករា ខ្លួនជួបជុំមិត្តភ័ក្រផឹកស៊ី លុះដល់វេលាម៉ោង១១យប់ ថ្ងៃដដែល ជិះម៉ូតូស្កុបពី ពណ៌ស សេរី២០១៩ មិនចាំស្លាកលេខ គោលបំណងជិះឆ្ពោះទៅផ្ទះមិត្តស្រី នៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយជិះតាមផ្លូវបេតុង ភូមិព្រៃទា ចេញមកដល់ផ្លូវបេតុង ភូមិព្រៃជីសាក់ទីតាំងកន្លែងកើតហេតុ មានជនមួយក្រុមជិះម៉ូតូ មកធាក់បណ្តាលឲ្យដួល ហើយដណ្តើមយកម៉ូតូ កាបូបលុយ ហើយគេចទៅបាត់ ដោយឈឺខ្លួនពេក ម្យ៉ាងស្រវឹងស្រើងៗផង ដេកដួលចិញ្ចើមផ្លូវចំកន្លែងស្ងាត់លង់លក់ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា ទើបដឹងខ្លួន ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ឃើញបុរសរងគ្រោះដេកចិញ្ចើមផ្លូវមិនងើបសោះ មិនហ៊ានទៅដាស់ ស្មានតែមនុស្សអនាថាដើរដេកតាមផ្លូវ រហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ទៅដាស់ទើបដឹងថាមានអ្នកយកម៉ូតូរបស់គាត់ផ្អើលឆោឡោ ។
ក្រោយពីប្រទះឃើញជនរងគ្រោះ ប្រជាពលរដ្ឋជួយនាំមកអង្គុយមុខផ្ទះ ឲ្យហូបទឹក ទឹកក្រូច លុបលាងមុខដើម្បីឲ្យស្វាង រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើលសាកសួរជាក់ស្តែង តែជនរងគ្រោះក្នុងសភាពក្រំខ្លួនឈឺចុកចាប់ ទើបសមត្ថកិច្ចប្រាប់ឲ្យទៅផ្ទះរកពេទ្យសិន រង់ចាំឲ្យស្រួលខ្លួនចាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសតាមក្រោយ៕



