យន្តហោះរុស្ស៊ីដឹកអ្នកលោតឆត្រយោងធ្លាក់ សម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់

ម៉ូស្គូ៖ក្រសួងផ្នែក​​សង្រ្គោះ​បន្ទាន់​រុស្ស៊ី​រាយការណ៍​​ថា​ យន្តហោះ​មួយ​គ្រឿង​ដែល​ផ្ទុក​អ្នក​លោត​ឆត្រ​យោង​មួយ​ក្រុម​​បាន​ធ្លាក់​ចុះ​ បន្ទាប់​ពី​ហោះ​ឡើង​នៅ​សាធារណ​រដ្ឋ​ Tatarstan ​ប្រទេស​រុស្ស៊ី​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ដោយ​​សម្លាប់​មនុស្ស​ ១៦ ​នាក់​ និង​ធ្វើ​ឱ្យ​របួស ​៦ ​នាក់​។​

​អភិបាល​នៃ​សាធារណរដ្ឋ​ Tatarstan ​លោក​ Rustam Minnikhanov ​​និយាយ​ថា​ ​អ្នក​បើក​យន្ត​ហោះ​បាន​រាយការណ៍​ថា​ម៉ាស៊ីន​ខាង​ឆ្វេង​របស់​យន្ត​ហោះ​មិន​ដំណើរការ​នៅ​ពេល​ហោះ​បាន​រយៈ​កម្ពស់​ ៧០ ​ម៉ែត្រ​ ​បន្ទាប់​មក​ក៏​ព្យាយាម​ចុះ​ចត​​ជា​បន្ទាន់​នៅ​ជិត​ទី​ក្រុង​ Menzelinsk ​ដោយ​ព្យាយាម​បង្វែរ​យន្តហោះ​​ដើម្បី​ចៀស​វាង​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​។​ ប៉ុន្តែ​ស្លាប​របស់​យន្តហោះ​បាន​បុក​នឹង​រថយន្ត​ Gazelle ​ខណៈ​ដែល​​ចុះ​ចត​បណ្ដាល​ឱ្យ​ក្រឡាប់​។​

​យោង​តាមក្រ​សួង​សុខាភិបាល​រុស្ស៊ី​ យន្ត​ហោះ​ឈ្មោះ​ The Let L-410 Turbolet ​ដែល​ធ្លាក់​នេះ​ ដឹក​អ្នក​លោត​ឆត្រ​យោង​ចំនួន​ ២០ ​នាក់​ និង​អ្នក​បើក​ពីរ​អ្នក​ ហើយ​សម្រាប់​អ្នក​ដែល​នៅ​រស់​​ទាំង​ ៦ ​នាក់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​។​

​​លោក ​Ravil Nurmukhametov ​ប្រធាន​ក្លឹប​ហោះ​ហើរ​ដែល​ជាម្ចាស់​យន្ត​ហោះ​និយាយ​ថា​ អវកាស​​យានិក​ប្រើ​ប្រាស់​តំបន់​ដែល​យន្ត​ហោះ​ធ្លាក់​នេះ​សម្រាប់​ការ​ហ្វឹក​ហាត់​ ដោយ​ក្លឹប​បាន​រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​អឺរ៉ុប​ និង​ជើង​ឯក​ពិភព​លោក​មួយ​​​។​

យ៉ាង​ណា​មិញ​ លោក​ Nurmukhametov ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​វែង​ឆ្ងាយ​ជុំ​វិញ​ហេតុការណ៍​ដែល​កើត​ឡើង​ ដោយ​លើក​ឡើង​ថា​នឹង​មាន​ការ​ស៊ើប​អង្កេត​ការ​អនុវត្ត​ច្បាប់​ចំពោះ​ករណី​នេះ​។​ ចំណែក​ឯ​គណៈកម្មាធិការ​ស៊ើប​អង្កេត​​និយាយ​ថា​ ខ្លួន​បាន​បើក​ការ​ស៊ើប​អង្កេត​ព្រហ្ម​ទណ្ឌ​ទៅ​លើ​ការ​សង្ស័យ​ថា​រំលោភ​លើ​ច្បាប់​សុវត្ថិភាព​។​

​រុស្ស៊ី​រឹត​បន្តឹង​ស្តង់ដារ​សុវត្ថិភាព​អាកាសចរណ៍​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​​គ្រោះ​ថ្នាក់​នៅ​តែ​បន្ត​កើត​មាន​ជា​ពិសេស​នៅ​តំបន់​ដាច់​ស្រយាល​។​ កាល​ពី​ខែ​មុន​ យន្ត​ហោះ​ដឹក​ជញ្ជូន​ Antonov An-26 ​ចំ​ណាស់​មួយ​គ្រឿង​​ធ្លាក់​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​​​ដោយ​​សម្លាប់​មនុស្ស​ ៦ ​នាក់​ ហើយ​កាល​ពី​ខែ​កក្កដា​ យន្ដហោះ​ម៉ាស៊ីន​ភ្លោះ ​Antonov An-26 ​មួយ​ផ្សេង​ទៀត​ធ្លាក់​នៅ​តំបន់​ Kamchatka ​ដោយ​សម្លាប់​មនុស្ស​ទាំង​ ២៨ ​នាក់​​ដែល​ជិះ​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner