ឯកអគ្គរដ្ឋទូតរុស្សីប្រចាំសហភាពអឺរ៉ុបជំរុញឱ្យអឺរ៉ុបជួសជុលទំនាក់ទំនងដើម្បីជៀសវាងបញ្ហាកង្វះឧស្ម័នធម្មជាតិ
ឯកអគ្គរដ្ឋទូតរុស្សីប្រចាំសហភាពអឺរ៉ុបបានអំពាវនាវដល់អឺរ៉ុបជួសជុលទំនាក់ទំនងជាមួយទីក្រុងមូស្គូដើម្បីជៀសវាងបញ្ហាកង្វះឧស្ម័នធម្មជាតិនៅពេលអនាគត ប៉ុន្តែបានបញ្ជាក់ថារុស្សីមិនមានអ្វីពាក់ព័ន្ធទៅនឹងការឡើងថ្លៃនៅពេលថ្មីៗនេះទេ។

តំណាងអចិន្ត្រៃយ៍រុស្សីប្រចាំសហភាពអឺរ៉ុបលោកវ៉្លាឌីមៀរ ឈីហ្សូវបាននិយាយថាលោករំពឹងថាក្រុមហ៊ុនរុស្សីហ្គាសប្រូម ដែលជាអ្នកផ្គត់ផ្គង់ ៣៥ ភាគរយនៃតម្រូវការឧស្ម័ននៅអឺរ៉ុប នឹងចាត់វិធានការឆាប់ៗនេះតាមការណែនាំរបស់លោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីនក្នុងការលៃតម្រូវការផ្គត់ផ្គង់ដើម្បីជួយធ្វើឱ្យតម្លៃថាមពលនៅអឺរ៉ុបមានស្ថិរភាព។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មុន តម្លៃឧស្ម័នធម្មជាតិនៅទ្វីបអឺរ៉ុបបានហក់ឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យមានការព្រួយបារម្ភបន្ថែមទៀតអំពីការឡើងថ្លៃថាមពលនៅរដូវរងា និងការប៉ះពាល់ទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ច។ នៅចំណុចមួយកាលពីសប្ដាហ៍មុន តម្លៃឧស្ម័នធម្មជាតិនៅទ្វីបអឺរ៉ុបបានកើនដល់ទៅដង ១០ បើប្រៀបធៀបទៅនឹងកាលពីដើមឆ្នាំនេះ ដែលក្រោយមកធ្លាក់ចុះវិញបន្ទាប់ពីលោកពូទីនបង្ហាញសញ្ញាថាហ្គាសប្រូមអាចបង្កើនការផ្គត់ផ្គង់។
ខណៈពេលដែលធ្វើការច្រានចោលការអះអាងពីសមាជិកសភាអឺរ៉ុបមួយចំនួនថារុស្ស៊ីបានដើរតួក្នុងការឡើងថ្លៃឧស្ម័ននៅអឺរ៉ុប លោកឈីហ្សូវបាននិយាយថាការសម្រេចចិត្តរបស់អឺរ៉ុបក្នុងការចាត់ទុករុស្សីជាសត្រូវភូមិសាស្ត្រនយោបាយគឺមិនបានជួយអ្វីទេ។
«ចំណុចសំខាន់នៃបញ្ហានេះគឺគ្រាន់តែជាបញ្ហានៃការប្រើប្រាស់ពាក្យសំដីប៉ុណ្ណោះ» លោកនិយាយបែបនេះហើយបន្តទៀតថា៖ «ផ្លាស់ប្តូរសត្រូវទៅជាដៃគូហើយអ្វីៗ ត្រូវបានដោះស្រាយកាន់តែងាយស្រួល នៅពេលដែលអឺរ៉ុបរកឃើញឆន្ទៈនយោបាយដើម្បីធ្វើបែបនេះ ពួកគេដឹងថាត្រូវរកយើងនៅឯណាហើយ»៕