អាមេរិកនិយាយថាការចរចាជាមួយតាលីបង់នៅក្រុងដូហាគឺ «ត្រង់ៗ និងប្រកបដោយវិជ្ជាជីវៈ»

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១០ តុលា​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ការ​ចរចា​ជា​មួយ​ក្រុម​តាលីបង់​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ក្រុម​នេះ​ចូល​កាន់​អំណាច​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ គឺ​ «ត្រង់​ៗ និង​ប្រកប​ដោយ​វិជ្ជាជីវៈ​» ដោយ​ភាគី​អាមេរិក​បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា​ក្រុម​តាលីបង់​នឹង​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​សកម្មភាព​របស់​ពួកគេ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក​ណេដ ប្រៃស​បាន​និយាយ​ថា​ក្នុង​ជំនួប​នៅ​ក្រុង​ដូហា​ប្រទេស​កាតា គណៈប្រតិភូ​អាមេរិក​បាន​ផ្ដោត​ទៅ​លើ​ប្រធានបទ​សន្តិសុខ ការ​ប្រឆាំង​អំពើ​ភេរវកម្ម​ ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​អាមេរិក ជន​បរទេស​ដទៃ​ទៀត និង​ជនជាតិ​អាហ្វហ្គានីស្ថាន​ ក៏​ដូចជា​បញ្ហា​សិទ្ធ​មនុស្ស​ ជា​ពិសេស​បញ្ហា​សិទ្ធ​ស្ត្រី និង​កុមារី​។

រីឯ​ទូរទស្សន៍​ Al-Jazeera វិញ​បាន​រាយការណ៍​ថា​តាលីបង់​បាន​ស្នើ​ឱ្យ​អាមេរិក​ដោះ​លែង​ប្រាក់​បម្រុង​រាប់​ពាន់​លាន​ដុល្លារ​របស់​ធនាគារ​កណ្ដាល​អាហ្វហ្គានីស្ថាន​ ដែល​ឥឡូវ​នេះ​កំពុង​ជាប់​បង្កក​នៅ​ធនាគារ​បរទេស​។

Al-Jazeera ក៏​បាន​រាយការណ៍​ថា​រដ្ឋមន្ត្រី​ការបរទេស​ស្ដីទី​របស់​តាលីបង់​លោក​អាមៀ ខាន ម៉ុតាគី​បាន​ស្នើ​ឱ្យ​អាមេរិក​ជួយ​ផ្គត់ផ្គង់​វ៉ាក់សាំង​ជំងឺ​កូវីដ-១៩​សម្រាប់​ប្រជាជន​អាហ្វហ្គានីស្ថាន​ ហើយ​បាន​ពិភាក្សា​ «ការ​បើក​ទំព័រ​ថ្មី» ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។

រហូត​មក​ដល់​ពេល​នេះ​គ្មាន​ការ​រាយការណ៍​អំពី​ការ​ធ្វើ​កិច្ចព្រមព្រៀង​ ឬ​កិច្ច​សន្យា​ណា​មួយ​រវាង​ភាគី​ទាំង​ពីរ​ក្នុង​ការ​ចរចា​ខាង​លើ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner