ពលរដ្ឋ១៨៦គ្រួសារ ដែលរងផលប៉ះពាល់ដោយ គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកស្ទឹងសង្កែ “ទំនប់សាលាតាអន”ខេត្តបាត់ដំបងបានចាប់ឆ្នោតទទួល យកដឺសម្បទានសង្គមកិច្ច នៅក្នុងសង្កាត់ក្តុលដូនទាវ ក្រុង-ខេត្តបាត់ដំបង
ប្រជាពលរដ្ឋចំនួន១៨៦គ្រួសារ ដែលរងផលប៉ះពាល់ដោយសារតែគម្រោងទំនប់សាលាតាអន ហើយគ្មានទីតាំងបន្លាស់ទីនិងមកពីកន្លែងផ្សេងៗគ្នា ត្រូវអាជ្ញាធររៀបចំឲ្យមករស់នៅជុំគ្នាក្នុងភូមិតែមួយដើម្បីទទួលបាននូវគោលនយោបាយដីធ្លីម្នាក់មួយឡូតិ៍ ដែលមានទំហំ៧គុណ១៥ម៉ែត្រ និងបង្គន់អនាម័យមួយ។
នេះជាការថ្លែងគូសបញ្ជាក់របស់ឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបងដែលបានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតទទួលយកដីឡូតិ៍” ជាដីសម្បទានសង្គមកិច្ចរដ្ឋ ចំនួន១៨៦ឡូតិ៍ ដែលស្ថិតក្នុងភូមិ-សង្កាត់ក្តុលដូនទាវ ក្រុង-ខេត្តបាត់ដំបង ហើយត្រូវបានផ្តល់ជូនប្រជាពលរដ្ឋចំនួន ១៨៦គ្រួសារ ដែលត្រូវបន្លាស់ប្តូរទី ដោយសាររងផលប៉ះពីគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន។ ពិធីនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ខែមករា២០២០ម្សឹលម៉ិញនេះ។
កន្លងមកតាមរយៈក្រុមការងារដោះស្រាយផលប៉ះពាល់នៃគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់និងបានសហការជាមួយក្រុមការ
ងារអនុគណៈកម្មការខេត្តបាត់ដំបង និង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានចាប់ផ្ដើមចុះអនុវត្តការងារតាំងពីខែធ្នូ ឆ្នាំ២០១៦ ក្នុងនោះ
មានប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន១.៥២៧ គ្រួសារនិងបើកប្រាក់សំណងជូនរួចរាល់ជាស្ថាពរ១០០% នៅអំឡុងខែមិនាឆ្នាំ២០១៩កន្លងទៅ។
ដោយឡែកប្រជាពលរដ្ឋ ដែលរស់នៅលើដីចំណីផ្លូវ ចំណីប្រឡាយ ដែលគ្មានដីដើម្បីបន្លាស់ទី មានចំនួនសរុប ១៨៦គ្រួសារ ។
សូមបញ្ជាក់ថា៖ គម្រោងទំនប់ស្ទាក់ទឹកស្ទឹងសង្កែ “ទំនប់សាលាតាអន” គឺជាគម្រោងទទួលហិរញ្ញប្បទានសហប្រតិបត្តិការ ពីសាធារណរដ្ឋកូរ៉េ គម្រោងនេះ ស្ថិតក្នុងក្រុងបាត់ដំបង និងស្រុកឯកភ្នំ ដែលមានសមាសភាពនៃគម្រោងសំខាន់ៗដូចជា៖មានទំនប់ទឹកមួយកន្លែង,ប្រឡាយដូនទាវប្រវែង ៥,៧៥គ.ម,ប្រឡាយព្រែកស្នោរប្រវែង៤,៥០គ.ម,ប្រឡាយសំរោងក្នុងប្រវែង៣,៧០គ.ម និង ប្រឡាយព្រែកខ្ពបប្រវែង២,៧គ.ម។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានបន្តទៀតថា៖ដោយមានការគិតគូរពីប្រមុខនៃរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និង ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏បានចេញជាគោលការណ៍និងលក្ខខណ្ឌមួយចំនួនក្នុងការរៀបចំទីតាំងបន្លាស់ទីនិងបានឯកភាពគ្នាជាមួយនិងដៃគូហិរញ្ញប្រទាននេះដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលពុំមានដីបម្លាស់ទី ដោយបានផ្ដល់ជូនជាដីឡូតិ៍ដែលមានទំហំ”៧មx១៥ម”និងបង្គន់មួយ។ដីឡូតិ៍ដែលរៀបចំជូននៅនេះគឺមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់និងមានផ្លូវទទឹង៨ម៉ែត្រ,ដីចំណីផ្លូវសងខាង១,៥ម៉ែត្រ សម្រាប់ដាក់លូបង្ហូរទឹក រៀបចំដាក់បណ្ដាញទឹកស្អាតមេនិងដាំបង្គោលភ្លើងមេ។ម្យ៉ាងវិញទៀតប្រជាពលរដ្ឋដែលទទួលបានដីឡូតិ៍ គឺ៖ត្រូវតែគោរពនូវលក្ខន្តិកៈ”ពីរ” ១-មិនអាចលក់ដីឡូតិ៍នេះទៅឱ្យអ្នកដទៃ(មុនរយៈពេលទទួលបានកម្មសិទ្ធិ)។២-ការរស់នៅគ្រប់ ៥ឆ្នាំ ទើបអាជ្ញាធរមូលដ្ឋានចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដីឡូតិ៍នេះ។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងទៀតថា៖ តាមរបាយការណ៍របស់លោកប្រធាននាយកដ្ឋាន បានបង្ហាញថា៖ផលប៉ះពាល់គឺមានលក្ខណៈខុសៗគ្នាក្នុងការដោះស្រាយ។ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអនុញ្ញាត ឲ្យរដ្ឋបាលខេត្ត និងក្រុមការងាររៀបចំដីឡូតិ៍សម្បទានជូនបងប្អូនដែលទទួលរងផលប៉ះពាល់ដោយសារការតែអនុវត្តគម្រោង”ទំនប់សាលាតាអន”និងផ្អែក
តាមគោលការណ៍ រដ្ឋបាលខេត្តបាត់ដំបង ក៏បានរៀបចំឲ្យមានការចាប់ឆ្នោតយកដីឡូតិ៍នៅថ្ងៃនេះ។ទោះបីការរៀបចំយឺតយ៉ាវបន្តិចក៏ពិតមែន តែយើងបានរៀបចំទៅតាមផ្លូវច្បាប់ និង ឆ្លើយតបទៅតាមគោលការណ៍គម្រោងក្នុងការដោះស្រាយនូវគោលនយោបាយដែលត្រួវបានបញ្ចប់។នេះជាលើកទី១ដែលខេត្តបាត់ដំបង ធ្វើការដោះដូរ និងបានរៀបចំជាភូមិឋានថ្មី ក្នុងការប្រមូលផ្ដុំប្រជាពលរដ្ឋ ដែលរងនូវផលប៉ះពាល់ដោយសារគម្រោងទំនប់សាលាតាអនពីកន្លែងផ្សេងៗគ្នាឲ្យមករស់នៅជុំគ្នាក្នុងភូមិតែមួយ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានសង្កត់ធ្ងន់បន្ថែមថាៈការធ្វើទំនប់ស្ទាក់ទឹក”សាលាតាអន”នេះ គឺជាការវិនិយោគរបស់រដ្ឋ សម្រាប់ខេត្តបាត់ដំបង ដើម្បីផ្តោតឲ្យចំគោលដៅតែម្ដងក្នុងការស្ដារនូវសេដ្ឋកិច្ចសហគមន៍ ជាពិសេសគ្រួសារដែលនៅជិតគម្រោងផ្ទាល់។ ឯកឧត្តម ងួន រតនៈ បានផ្តោតការរំពឹងទុកថាក្រោយពី “ទំនប់សាលាតាអន”នេះ ត្រូវបានសាងសង់បញ្ចប់រួចរាល់ ប្រជាពលរដ្ខរស់
នៅក្នុងស្រុកឯកភ្នំ ស្រុកសង្កែ និងក្រុងបាត់ដំបង បាត់ដំបង មួយចំនួននឹងទទួលបានផលពីគម្រោងនេះជាក់ជាមិនខាន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )









