រាជធានីភ្នំពេញ នៅឆ្នាំនេះបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រោះថ្នាក់ចរាចរណ៍ថយចុះច្រើន នៅក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ
ភ្នំពេញ៖រាជធានីភ្នំពេញនៅឆ្នាំនេះ២០២១បទល្មើសព្រហ្មទណ្ឌនិងបទល្មើសគ្រោះថ្នាក់ចរាចរណ៍បានថយចុះច្រើនគួរឱ្យកត់សម្គាល់នៅក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌដែលមានរយៈពេល១៥ថ្ងៃ ខណៈដែលកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ផ្នែកនិងគ្រប់ជំនាញដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានដាក់ពង្រាយការពារពង្រឹងសន្តិសុខ និងចេញរក្សាសណ្តាប់ធ្នាប់យ៉ាងម៉ឺងម៉ាត់នៅគ្រប់ច្រកល្ហកក្នុងរាជធានីភ្នំពេញ។
បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថាៈរយៈពេល១៥ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន១៣លើក ក្នុងនោះបង្រ្កាបបានចំនួន១២លើកចាប់ឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ បើប្រៀបធៀបកាលពីឆ្នាំ២០២០ក្នុងរយៈពេលដូចគ្នាបទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន២៦លើកដែលនាំឱ្យបទល្មើសព្រហទណ្ឌថយចុះ១៣លើក។ដោយឡែកករណីបទល្មើសគ្រោះថ្នាក់ចរាចរណ៍ឯណោះវិញកើតឡើងចំនួន៣៣លើកបណ្តាលឱ្យស្លាប់មនុស្ស១០នាក់ រងរបួសធ្ងន់ស្រាល៣៥នាក់ បើប្រៀបឆ្នាំ២០២០ បទល្មើសគ្រោះថ្នាក់ចរាចរណ៍កើតឡើង៤៥លើក បណ្តាលឱ្យស្លាប់១៤នាក់ និងរងរបួសធ្ងន់ស្រាល៦៥នាក់។ដែលនាំបទល្មើសគ្រោះថ្នាក់ចរាចរណ៍ក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ២០២១ ថយចុះ១២លើក ថយអ្នកស្លាប់០៤នាក់ ថយអ្នករងរបួសធ្ងន់ស្រាល៣០នាក់។
បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងទៀតថា ក្នុងអំឡុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះផងដែរ កម្លាំងនគរបាលរាជធានីភ្នំពេញបង្រ្កាបករណីល្មើសវិធានក្រសួងសុខាភិបាលកម្ពុជាបង្កហានិភ័យឆ្លងរីករាលដាលជំងឺកូវីដ១៩នជួបជុំផឹកស៊ី(ខារ៉ាអូខេ)០១ករណីឃាត់ខ្លួនជនសង្ស័យ៣០នាក់និងប្រតិបត្តិការបង្ការទប់ស្កាត់បង្រ្កាបក្មេងទំនើងបង្កការអុកឡុកប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានចំនួន២៧ករណីឃាត់ខ្លួន៣៨នាក់ដោយបានបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ចំនួន៣០នាក់។
កត្តាដែលនាំបទល្មើសគ្រប់ប្រភេទមានការថយចុះបែបនេះគឺមានការចូលរួមរបស់ប្រជាពលរដ្ឋមួយផ្នែកធំ ក្នុងនោះកម្លាំងនគរបាលរាជធានីភ្នំពេញជាកម្លាំងស្នូលនៃការចេញប្រតិបត្តិការដោយមានការចូលរួមសហការជាមួយកម្លាំងពាក់ព័ន្ធអនុវត្តទៅតាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនិងរដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនិងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្នុងការចុះអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដោយបានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ក្នុងការធានាឱ្យបានសេចក្តីសុខសុវត្ថិភាពគ្រប់គ្រាន់ជូនប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តតាមរមណីដ្ឋាននានា ការធ្វើដំណើរទៅស្រុកកំណើត និងការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋឱ្យនាំគ្នាយកចិត្តទុកដាក់ឱ្យបានខ្ជាប់ខ្ជួនក្នុងការអនុវត្តវិធានការ០៣កុំ ០៣ការពារ ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ និងការធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសការគោរពច្បាប់បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកដើម្បីបញ្ចៀសការកើតឡើងគ្រោះថ្នាក់ចរាចរណ៍៕ ដោយ / គ្រី សម្បត្តិ