ពិធីបិទការបដិបត្តិព្រះធម៌ធ្វើធុតង្គ (ដើរឆ្ពោះទៅរកការំលត់ទុក) នៅក្នុងបរិវេណវត្តព្រះវិហារ៧ល្វែងនៃទីក្រុងអង្គរធំខេត្តសៀមរាប
សៀមរាប៖ ព្រះពុទ្ធសាសនាជាសាសនាមួយ ដែលកត់ត្រាទុកក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិបានចែងក្នុងមាត្រា៤៣ ត្រង់វាក្យខ័ណ្ឌទី០៣ ថា៖ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ នៅក្នុងមាត្រា១៣ថ្មី ក៏បានចែងបន្ថែមថា សម្តេចព្រះសង្ឃរាជគណៈមហានិកាយ និងសម្ដេចព្រះសងរាជគណៈធម្មយុត្តិកនិកាយ ជាក្រុមប្រឹក្សារាជ្យសម្បត្តិផងដែរ។

ពិធីបិទការបដិបត្តិព្រះធម៍ធ្វើធុតង្គ (ដើរឆ្ពោះទៅរកការំលត់ទុក) ក្រោមអធិបតិភាពដ៏ឧត្តុងឧត្តមសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជា ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាក្រកម្ពុជា ក្នុងព្រះធម៌ថ្ងៃនេះជាថ្ងៃប្រកបដោយមហាអភិលក្ខិតសម័យមួយនៅក្នុងព្រះពុទ្ធសាសនា នាវត្តប្រាសាទព្រះវិហារប្រាំពីរល្វែង ទល់មុខទីព្រះលានជល់ដំរី ស្ថិតក្នុងបរិវេណប្រាសាទបាយ័ន (អង្គរធំ) សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ទឹកដីអង្គរដ៏បវររុងរឿងនៃយើង ដែលគណៈសង្ឃនិកាយធម្មយុត្តខ្មែរដឹកនាំដោយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមន្ត្រីសង្ឃ-ព្រះសង្ឃ អាជ្ញាធរពាក់ព័ន្ធ និងឧបាសក-ឧបាសិកា-តាជី-យាយជី មកប្រព្រឹត្តប្រតិបត្តិបំពេញ បដិបត្តិព្រះធម៌-ធ្វើធុតង្គ ដើរឆ្ពោះទៅរកការរំលត់ទុក្ខ។ រយ:ពេល ០៥ ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០២០ កន្លងមក ។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា៖ ព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់បំផុតសម្រាប់ការគោរពប្រតិបត្តិតាមផ្លូវជំនឿដែលមានគុណ ធម្មយុត្ត និងគណៈមហានិកាយ ទាំងពីរនេះ ជាតំណាងព្រះពុទ្ធសាសនាថេរវាទនៅកម្ពុជា។ ការប្រព្រឹត្តបំពេញ បដិបត្តិព្រះធម៌ -ធ្វើធុតង្គ “ដើរឆ្ពោះទៅរកការរំលត់ទុក្ខ “ រយៈពេល ០៥នេះ គឺជាការដុសខាត់ទៅលើផ្លូវចិត្តរបស់មនុស្សឱ្យមានការអត់ធ្មត់ខ្ពង់ខ្ពស់ចេះយោគយល់អាធ្យាស្រ័យគ្នា ជាភារតភាព ក្នុងការរស់នៅជាសុខសប្បាយជាមហាគ្រួសារខ្មែរ និងសាកលលោក។

ធុរៈក្នុងព្រះពុទ្ធសាសនាមានពីរយ៉ាងគឺ៖ គន្ធធុរ១ និងវិបស្សនាធុរ១។ ធុតង្គវត្ត គឺជាផ្នែកមួយ វិបស្សនាធុរមាន ១៣យ៉ាង៖ ១ បង្សកូលិកធុតង្គ គឺទ្រទ្រង់សំពត់បង្សកូលជាវត្ត ២ គេប៊ីរិកធុតង្គ គឺទ្រទ្រង់ត្រៃចីវរជាវត្ត ៣ បបាតិកធុតង្គ គឺសមាទានការត្រាច់បិណ្ឌបាតជាវត្ត ៤ សបទានចារិកធុតង្គ គឺដើរបិណ្ឌបាតទៅតាមលំដាប់ច្រកជាវត្ត គឺដើរបិណ្ឌបាតតាមរឿងនៃផ្ទះមិនរំលងទៅផ្ទះដទៃ ៥ ឯកាសនិកធុតង្គ គឹសមាទានការអង្គុយឆាន់ក្នុងអាសនៈមួយជាវត្ត គឺឆាន់ក្នុងកន្លែងតែមួយរហូតរួចរាល់ ៦ បត្តបិណ្ឌបាតិកធុតង្គ គឺសមាទានការឆាន់ក្នុងបាតមួយជាវត្ត ៧ខលុបចេ្ចកត្តិកធុតង្គ គឺសមាទានការហាមភត្តដែលនាំមកប្រគេនក្នុងខាងក្រោយជាវត្ត គឺឆាន់តែមួយពេល (បើចាប់ផ្តើមឆាន់ហើយ គឺមិនទទួលចង្ហាន់ ដែលនាំមកតាមក្រោយឡើយ ៨ អារញ្ញិកធុតង្គ គឺសមាទានការនៅព្រៃជាវត្ត ៩ រុក្ខមូលិកធុតង្គ គឺសមាទានការនៅក្បែរគល់ឈើជាវត្ត ១០ អង្អោកាសិកធុតង្គ គឺសមាទានការនៅក្នុងទីវាលជាវត្ត ១១ សោសានិកធុតង្គ គឺសមាទានការនៅក្នុងព្រៃស្មសានជាវត្ត ១២ យថាសន្តតិកធុតង្គ សមាទានការនៅក្នុងអាសនៈដែលគេចាត់ចែងអោយយ៉ាងណាមួយជាវត្ត ១១ នេសជិកធុតង្គ គឺសមាទានការអង្គយជាវត្ត (មិនដេក) ជាដើម។

សម្តេចព្រះមហាសង្ឃរាជ មានក្នុព្រះរាជបន្ទូលបញ្ជាក់ថា៖ ក្នុងចំណោម ធុតង្គទាំង ១៣ ប្រការនេះ ភិក្ខុដែលពេញចិត្ត បដិបត្តិធុតង្គ អាច ជ្រើសរើស ប្រការណាមួយ ក៏បាន ឬក៏ បដិបត្តិធុតង្គ ទាំង១៣ ប្រការនេះតាមការចូលចិត្តគឺ មិនដាច់ខាតត្រូវ បដិបត្តិ ដូចជាព្រះវិន័យ ដែលភិក្ខុត្រូវ បដិបត្តិ យ៉ាងដាច់ខាតគ្រប់ សិក្ខាបទឡើយ។សូមអរគុណចំពោះសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ ទាំងពុទ្ធចក្រ និងអាណាចក្រ មានសន្តិភាពទើបមានការអភិវឌ្ឍទាំងផ្លូវ សម្ភារៈ ទាំងផ្លូវចិត្តវិញ្ញាណ។ មានសន្តិភាពទើបយើង អាចនាំគ្នាមកជួបជុំប្រព្រឹត្តបំពេញ បដិបត្តិព្រះធម៌-ធ្វើធុតង ដូចនៅក្នុងឱកាសពេលនេះបាន។ ពេលនេះយើងមកអភិវឌ្ឍផ្លូវចិត្តធ្វើចិត្តអោយស្ងប់ប្រកបដោយ សីល សមាធិ បញ្ញា ដើម្បីបានជាមាគ៌ាឆ្ពោះទៅរកការ
រំលត់ទុក្ខ៕ធ.ដ
ដោយ ស៊ាន សុផាត





