បទភ្លេងគោរពទង់ស៊ីហ្គេមកម្ពុជាត្រូវបានអាស៊ានផ្តល់សិទ្ធិឲ្យនិពន្ធចងក្រង

គណៈអចិន្រៃយ៍ CAMSOC នាព្រឹកថ្ងៃ ទី១២ ខែ តុលា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍភាពការងារលម្អិតរបស់គណៈកម្មកាពិធីបិទ-បើក ដោយកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ CAMSOC តាមប្រព័ន្ធបច្ចេកវិទ្យាZOOM។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូបញ្ជាក់ឲ្យដឹង ក្រោយកិច្ចប្រជុំថាក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានCAMSOC ឯកឧត្តមបណ្ឌិត ថោង ខុន បន្តដឹកនាំត្រួតពិនិត្យវឌ្ឍនភាពការងារពិធីបើក-បិទស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយគ្រោងឆ្អឹងសំខាន់ៗ ប្រក្រតីទិនការងារ ផែនការសកម្មភាពការគ្រប់គណៈកម្មការជំនាញរបស់ខ្លួនត្រូវបានរៀបចំត្រៀមខ្លួនឲ្យរួចរាល់ ប៉ុន្តែអ្វីដែលសំខាន់ គឺលម្អិតនៃតួនាទីភារៈកិច្ចរបស់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបានស៊ីជម្រៅលើកម្មវិធីបើក-បិទលម្អិត ឬលំហូរនៃកម្មវិធីនីមួយៗ ពីដំណាក់កាលមួយទៅដំណាក់កាលមួយឲ្យកាន់តែច្បាស់លាស់ រួមទាំងផ្ទាំងទស្សនីយភាពសម្តែងពីមួយទៅមួយជាដើម។

ឯកឧត្តម អះអាងថា ការរៀបចំកម្មវិធីទាំងអស់យ៉ាងលម្អិតនេះ គឺដើម្បីសម្រួចធ្វើយ៉ាងណាឲ្យមានភាពរលូន មិនឲ្យមានអ្វីដែលជាឧបស័គ្គដល់ដំណើរការកម្មវិធីអ្វីឡើយ។ ហើយអ្វីដែលកំពុងធ្វើនាពេលនេះ គឺលម្អិតទៅលើការសម្តែង ទាំងការសម្តែង សម្លៀកបំពាក់ បទចម្រៀងជាដើមនោះ គឺត្រូវបាន ឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញឲ្យគណៈកម្មការជំនាញធ្វើឲ្យបានល្អប្រសើរ គ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាពខ្ពស់។


ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ទៀតថា «អ្វីដែលចាប់អារម្មខ្លាំងបំផុតនៅក្នុងកិច្ចប្រជុំនេះក្រៅពីកម្មវិធីបើក បិទ គឺយើងកំពុងធ្វើកម្មវិធីបើកស៊ីហ្គេម ឆ្នាំ២០២៣ឲ្យមានលក្ខណៈអស្ចារ្យ និងទាក់ទាញបំផុតជាងកម្មវិធីផ្សេងៗទៀត។ នោះគឺបញ្ហាលើការគោរពទង់ស៊ីហ្គេម មិនទាន់មានបទភ្លេង ក្នុងពេលគោរពទង់ ស៊ីហ្គេម នៅឡើយទេ។ កន្លងមក ក្នុងពេលគោរពទង់ស៊ីហ្គេម បណ្តាម្ចាស់ផ្ទះស៊ីហ្គេម នានាចាក់បទភ្លេងផ្សេងៗ ពោលគឺមិនទាន់មានបទភ្លេង១ ដែលត្រូវបានប្រើប្រាស់ជារួមតែមួយ សម្រាប់ម្ចាស់ផ្ទះនីមួយៗនោះទេ។

ដូច្នេះហើយបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានឯកភាពគ្នាស្នើសុំឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងពេលដែលឯកឧត្តមបណ្ឌិតក្លាយជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជួយរៀបចំនិពន្ធបទភ្លេងគោរពទង់ស៊ីហ្គេម សម្រាប់ឆ្នាំ២០២៣ ហើយបន្តយកទៅប្រើប្រាស់ សម្រាប់ស៊ីហ្គេម នាពេលខាងមុខជាបន្តបន្ទាប់។

ដូច្នេះក្រោយពីចេញពីស៊ីហ្គេម នៅកម្ពុជាទៅ ក្រោមភាពជាអ្នកដឹកនំារបស់ឯកឧត្តមបណ្ឌិត ថោង ខុន ជាប្រធានប្តូរវេននោះនឹងត្រូវចារចូលក្នុងកំណត់ត្រាប្រវត្តិសាស្ត្រអាស៊ានថា បទភ្លេងគោរពទង់ស៊ីហ្គេមត្រូវបានបង្កើតឡើងនៅស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា។ កន្លែងនេះគឺជាចំណុចពិសេស ដែលយើងនឹងព្យាយាមធ្វើឲ្យបានសម្រេច ដើម្បីជាមោទនភាពជាតិកម្ពុជាយើងទាំងមូល ក៏ដូចជាបង្ហាញជូនមិត្តអន្តរជាតិថា កម្ពុជាពិតជាមានសមត្ថភាពអាចធ្វើទៅបាន៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner