វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពី រដ្ឋបាលកីឡា លើកទី៣ បន្តបើកជូនសក្ខាកាមខេត្តកែប

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបន្តរៀបចំវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ជាលើកទី៣ ប្រចាំឆ្នាំ២០២១ដល់សក្ខាកាម ខេត្តកែប ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធបច្ចេកវិទ្យា Zoom។


វគ្គរដ្ឋបាលកីឡានេះ ត្រូវបានធ្វើឡើង២លើករួចមកហើយ គឺនៅភ្នំពេញ និងខេត្តតាកែវ ហើយបន្តមកធ្វើខេត្តកែប មុននឹងបន្តទៅ១ខេត្តចុងក្រោយ ដែលគ្រោងនឹងធ្វើឡើងនៅខេត្តរតនគីរី នាពេលខាងមុខ។ វគ្គសិក្សានេះ ធ្វើឡើងសម្រាប់មន្ត្រី-ថ្នាក់ដឹកនាំកីឡា គ្រូអប់រំកាយ និងកីឡា នៅតាមរាជធានីខេត្តខាងលើ ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមពីគ្រូឧទ្ទេសចំនួន៣រូប។


លោក ឯម ហៀង ប្រធានគណៈគ្រប់គ្រងវគ្គសិក្សា NOCC បញ្ជាក់ថា នេះជាវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាមួយ ក្នុងចំណោម៤វគ្គ នៃផែនការរបស់ NOCC ប្រចាំឆ្នាំ២០២១នេះ និងជាវគ្គទី៣ បន្ទាប់ពីបានបញ្ចប់វគ្គលើកទី១ នៅរាជធានីភ្នំពេញ និងលើកទី២ នៅខេត្តតាកែវកន្លងមកថ្មីៗនេះ។ ជាមួយគ្នានោះ លោក ឯម ហៀង ក៏បានជំរុញឲ្យសិក្ខាកាមទាំងអស់ ប្រឹងប្រែងសិក្សាស្វែងយល់ក្រេបយកចំណេះដឹងពីគ្រូឧទ្ទេសប្រចាំវគ្គឲ្យបានល្អប្រសើរ ជាពិសេសគឺសូមអោយសិក្ខាកាមសាកសួរអោយបានច្រើន ដើម្បីឲ្យគ្រូឧទ្ទេសពន្យល់បញ្ជាក់បន្ថែមឲ្យបានយល់ច្បាស់ និងដើម្បីយកចំណេះដឹងទាំងអស់នេះ ទៅប្រើប្រាស់ក្នុងការងារ កាន់តែមានប្រសិទ្ធភាពខ្ពស់។


វគ្គរដ្ឋបាលកីឡានេះ ផ្តោតសំខាន់ខ្លឹមសារវេជ្ជសាស្ត្រកីឡា ការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត រៀបចំព្រឹត្តិការណ៍ រៀបចំអង្គប្រជុំ ទំនាក់ទំនង ស្ត្រី និងកីឡា ប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធ អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ភាពជាអ្នកដឹកនាំ ផែនការកម្មវិធីហ្វឹកហាត់កីឡា និងផែនការធ្វើដំណើររបស់គណៈប្រតិភូ។ ក្រៅពីគោលដៅសំខាន់ៗនៃវគ្គសិក្សានេះ គ្រូឧទ្ទេសក៏បានបញ្ជ្រាបការផ្សព្វផ្សាយនូវគោលដៅចម្បងនៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នៅកម្ពុជា ជូនដល់សិក្ខាកាមទាំងអស់ផងដែរ។


ឯកឧត្តម ឯកឧត្តម វ៉ាត់ ចំរើន ជឿជាក់ថា តាមរយៈការចែករំលែកចំណេះដឹងពីគ្រូឧទ្ទេសទាំងអស់ គឺសិក្ខាកាម ដែលជាគ្រូកីឡា មន្ត្រីកីឡាទាំងអស់ប្រចាំខេត្តនេះ នឹងទទួលបាននូវអត្ថប្រយោជន៍បន្ថែមទៀត ដើម្បីជួយជំរុញឲ្យវិស័យកីឡានៅខេត្តគោលដៅទាំងអស់កាន់តែមានភាពរីកចម្រើនបន្ថែមទៀត ជាពិសេសគឺគោលដៅរួមគ្នាអភិវឌ្ឍឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផងដែរ៕អត្ថបទ៖ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner