តើកត្តាអ្វីខ្លះដែលជំរុញវិបត្តិកង្វះថាមពលនៅអឺរ៉ុប?
តម្លៃថាមពលធម្មជាតិនៅទ្វីបអឺរ៉ុប ឬ ចក្រភពអង់គ្លេស នៅខែ តុលា នេះ បានឡើងថ្លៃយ៉ាងហោច ៥ ដងបើធៀបនឹងមួយឆ្នាំមុន ដែលកត្តាចម្បងបង្កឱ្យមានវិបត្តិនេះមានភាពខុសៗប្លែកពីគ្នា ក្នុងនោះរួមមាន ការរញ្ជួយដីនៅប្រទេសហូឡង់ គោលការណ៍សម្អាតខ្យល់អាកាសរបស់ចិន និងនយោបាយពង្រីកអំណាចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។

បម្រែបម្រួលតម្លៃកំណត់ដោយអ្នកផ្គត់ផ្គង់នៅអឺរ៉ុប និងកង្វះខាតការផ្គត់ផ្គង់ឧស្ម័ននៅទូទាំងទ្វីប បានបង្កឱ្យមានការភ័យខ្លាច ចំពោះវិបត្តិថាមពល ប្រសិនបើអាកាសធាតុត្រជាក់ជាងធម្មតា។ គ្រួសារនានា កំពុងប្រឈមមុខនឹងការឡើងថ្លៃនៃតម្លៃថាមពល ខណៈឧស្សាហកម្ម ដែលពឹងផ្អែកលើថាមពលមួយចំនួន បានចាប់ផ្តើមផលិតកម្មយឺតយ៉ាវ ធ្វើឱ្យមនុស្សគ្រប់គ្នាមានសុទិដ្ឋិនិយម ជុំវិញការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត សង្ឃឹមថាស្ថានភាពនឹងប្រសើរឡើងជាងមុន។
អ្នកខ្លះនៅក្នុងឧស្សាហកម្មឧស្ម័នជឿថា ការឡើងថ្លៃ គឺជាបាតុភូតបណ្តោះអាសន្ន ដែលបណ្តាលមកពីការផ្លាស់ប្តូរសេដ្ឋកិច្ច ដោយសារវីរុសកូរ៉ូណា ហើយអ្នកផ្សេងទៀតជាច្រើននិយាយថា វាបង្ហាញពីភាពទន់ខ្សោយនៃរចនាសម្ព័ន្ធនៅក្នុងទ្វីបអឹរ៉ុប ដែលពឹងផ្អែកលើឧស្ម័ននាំចូល។
យ៉ាងណាមិញ កត្តាសំខាន់បំផុតនៃបញ្ហាកង្វះថាមពលនេះក៏ដោយសារប្រទេសរុស្ស៊ី។ ទ្វីបអ៊ឺរ៉ុប ទទួលបានការផ្គត់ផ្គង់ប្រមាណជាងមួយភាគបីនៃការផ្គត់ផ្គង់ហ្គាសសរុបរបស់ខ្លួនពីក្រុមហ៊ុនគាំទ្រដោយរដ្ឋរុស្ស៊ី Gazprom ដែលជាអ្នកផ្គត់ផ្គង់បំពង់បង្ហូរប្រេងផ្តាច់មុខគេ។ សង្វាក់ផ្គត់ផ្គង់នេះ កើតឡើងអស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែបានបែកបាក់កាលពីពេលថ្មីៗ ដោយសារការដាក់បញ្ចូលឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ។
សហភាពអឺរ៉ុបជារឿយៗ ត្រូវបានកំណត់ ដោយអ្នករិះគន់ថា ងាយរងគ្រោះ ដោយសារការពឹងផ្អែកលើការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី។ ប៉ុន្តែទំនាក់ទំនង មានលក្ខណៈស្មុគស្មាញជាងនេះ។ ដំបូងសហភាពអឺរ៉ុប បានជំរុញឱ្យមានការផ្លាស់ប្តូររុស្ស៊ីឱ្យឆ្ងាយពីកិច្ចសន្យារយៈពេលវែង ដែលទាក់ទងនឹងតម្លៃប្រេង ដែលជាការផ្លាស់ប្តូរមួយ បង្កើតប្រព័ន្ធកំណត់តម្លៃ ដោយប្រយោល ដែលឆ្លុះបញ្ចាំងពីសក្ដានុពលទីផ្សារឧស្ម័ន។
ទោះយ៉ាងណាក៏ដោយ ភាពជឿជាក់របស់ក្រុមហ៊ុន Gazprom ត្រូវបានចោទសួរនៅឆ្នាំនេះ។ ពោលគឺរដូវរងាឆ្នាំ ២០២០-២១ កន្លែងផ្ទុកទាំងឧស្ម័ននៅក្នុងប្រទេសរុស្ស៊ី និងទ្វីបអឺរ៉ុបត្រូវបានបង្ហូរទៅកម្រិតទាប។ ហើយក្រុមហ៊ុន Gazprom មិនបានជួយបំពេញបន្ថែមតម្រូវការអឺរ៉ុបប៉ុន្មានទេ ដោយបដិសេធមិនបញ្ជូនការផ្គត់ផ្គង់បន្ថែមតាមរយៈអ៊ុយក្រែនលើសពីអ្វី ដែលត្រូវបានធានាក្រោមកិច្ចសន្យារយៈពេលវែង។
លោក Tom Marzec-Manser នៅ ICIS ដែលជាអ្នកពិគ្រោះយោបល់ បានប្រាប់សារព័ត៌មានThe Financial Times ថា៖ «អឺរ៉ុបមានជម្រើស ២ សម្រាប់ផ្គត់ផ្គង់ហ្គាសបន្ថែម ព្រោះវាពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីរុស្ស៊ី ឬ ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ ប៉ុន្តែវិធីទាំង ២ នេះ មិនដំណើរការទេ»។
ការផ្លាស់ប្តូរទៅជាការប្រើប្រាស់ថាមពលស្អាត ដូចជាថាមពល ខ្យល់ និងពន្លឺព្រះអាទិត្យ មានឥទ្ធិពលជំរុញឱ្យមានតម្រូវការប្រើប្រាស់ឧស្ម័នកាន់តែច្រើន ដែលការផ្លាស់ប្ដូរនេះត្រូវបានគេមើលឃើញថាជា «ការតភ្ជាប់ឥន្ធនៈ» រយៈពេលមធ្យមរវាងយុគសម័យអ៊ីដ្រូកាបូន និងថាមពលកកើតឡើងវិញ។
ទន្ទឹមនឹងនេះ គោលដៅរយៈពេលវែងនៃការបង្កើតសេដ្ឋកិច្ចមិនប៉ះពាល់បរិស្ថាន នៅចក្រភពអង់គ្លេស និងអឺរ៉ុប ក៏បានកាត់បន្ថយនូវឆន្ទៈរបស់វិនិយោគិនក្នុងការវិនិយោគលើការផ្គត់ផ្គង់ប្រេងឥន្ធនៈហ្វូស៊ីល ដែលពួកគេជឿថា អាចនឹងលែងប្រើបានក្នុងរយៈពេល ៣០ ឆ្នាំ។ ជាមួយគ្នានេះ ការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុករបស់អឺរ៉ុប បានធ្លាក់ចុះក្នុងកម្រិតទាប ដោយសារការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាច្រើនទសវត្ស ដែលទើបធ្លាក់ចុះ ៣០ ភាគរយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
ម៉្យាងវិញទៀត ការប៉ុនប៉ងរបស់អឺរ៉ុបក្នុងការធ្វើជាមេដឹកនាំពិភពលោក ដើម្បីដោះសា្រយបញ្ហាប្រែប្រួលអាកាសធាតុ បានបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងទីផ្សារ។ ទ្វីបនេះ បានរុញច្រានសេដ្ឋកិច្ច ដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សនៅអាស៊ីឱ្យឃ្លាតឆ្ងាយពីការប្រើប្រាស់ថាមពលធ្យូងថ្ម។ ក្រោយមកប្រទេស ចិន និងឥណ្ឌា បានក្លាយជាគូប្រជែងសហភាពអឺរ៉ុបសម្រាប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ខណៈអឺរ៉ុបពឹផ្អែកការនាំចូលពីប្រទេសដូចជា អាមេរិក និងកាតាវិញ។
ឧស្សាហកម្មឧស្ម័ន ធ្លាប់ដំណើរការស្ទើរតែទាំងស្រុងលើបំពង់បង្ហូរប្រេងពីចំណុចមួយទៅចំណុចមួយ ដែលធ្វើឱ្យការប្រកួតប្រជែងក្នុងតំបន់អឹរ៉ុបមានកម្រិតទាបបំផុត។ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មឧស្ម័ន LNG មានន័យថា ការដឹកទំនិញតាមសមុទ្រឥឡូវនេះ បានបង្កើតនូវអ្វី ដែលស្រដៀងនឹងទីផ្សារពិភពលោករបស់ប្រេងដែរ។
លោក Henning Gloystein ជាអ្នកប្រឹក្សាយោបល់នៅក្រុមហ៊ុន Eurasia Group លើកឡើងថា៖ «ជារៀងរាល់ឆ្នាំ ប្រទេសចិនផ្គត់ផ្គង់ឧស្ម័នដល់ផ្ទះរហូតដល់ ១៥ លាននៅទីក្រុងឆ្នេរសមុទ្ររបស់ខ្លួនទៅនឹងបណ្តាញឧស្ម័ន ដែលបន្ថែមតម្រូវការហូឡង់ និងបែលហ្ស៊ិកជារៀងរាល់ឆ្នាំ។ ដូច្នេះ នៅពេល ដែលអាកាសធាតុត្រជាក់នៅប្រទេសចិន តម្លៃឧស្ម័នឡើងថ្លៃនៅចក្រភពអង់គ្លេស និងអាល្លឺម៉ង់»។
ទោះយ៉ាងណា រដ្ឋាភិបាលអ៊ឺរ៉ុបអះអាងថា ការកើនឡើងតម្លៃឧស្ម័ន អាចជាការពង្រឹងកំណើនការប្រើប្រាស់ថាមពលកកើតឡើងវិញ។ប៉ុន្តែ មានការព្រួយបារម្ភថា បញ្ហានេះអាចបង្កឱ្យមានប្រតិកម្មប្រឆាំងនឹងការប្រើប្រាស់ថាមពលកកើតឡើងវិញ ប្រសិនបើអ្នកប្រើប្រាស់ចាប់ផ្តើមជឿជាក់ថា តម្លៃនៃការផ្លាស់ប្តូរថាមពលឡើងថ្លៃខ្ពស់ពេក។