ដំណើរការនិតីវិធីដកតំណែងលោក ដូណាល់ ត្រាំ ជាប្រវត្តិសាស្រ្តចាប់ផ្តើមជាផ្លូវការហើយនៅក្នុងព្រឹទ្ធសភាអាមេរិក
សហរដ្ឋអាមេរិក៖ ដំណើរការនិតីវិធីដកតំណែងលោក ដូណាល់ ត្រាំ បានចាប់ផ្តើមប្រព្រឹត្តទៅហើយនៅថ្ងៃទី១៦ ខែមករានេះ (ម៉ោងក្នុងតំបន់) នៅក្នុងព្រឹទ្ធសភាអាមេរិក ខណៈដែលសមាជិកសភាបានស្បថយ៉ាងឱឡារិកថា “មិនលំអៀង” ក្នុងការសម្រេចថាតើត្រូវបង្ខំឲ្យប្រធានាធិបតីអាមេរិកទី៤៥ ចេញពីតំណែងឬក៏យ៉ាងណា ។
ដំណើរការនិតីវិធីដកតំណែងលោក ត្រាំ ខាងលើនេះ ត្រូវបានធ្វើឡើងក្រោយប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផែលឡូស៊ី បានចុះហត្ថលេខាលើនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ផ្ញើទៅកាន់ព្រឹទ្ធសភាអាមេរិក ជាមួយការចោទប្រកាន់ចំនួនពីរករណីធំៗគឺការរំលោភអំណាច និងបង្កការាំងស្ទះដល់កិច្ចការស៊ើបអង្កេតរបស់សភា ជុំវិញរឿងអាស្រូវដែលគេចោទថា លោកបានគំរាមកាត់បន្ថយជំនួយយោធា ជាការដាក់សម្ពាធលើមេដឹកនាំបរទេស គឺប្រធានា ធិបតីអ៊ុយក្រែន ឲ្យស៊ើបអង្កេតលើកូនប្រុសលោក ចូ បៃដិន និងលោក ចូ បៃដិន ផ្ទាល់ ដែលជាគូប្រជែងដ៏លេចធ្លោរមួយរូបមកពីបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ ។
ប៉ុន្តែលោក ដូណាល់ ត្រាំ បានទាត់រាល់ការចោទប្រកាន់ទាំងអស់នេះ និងចាត់ទុកថា នីតិវិធីប្រឆាំងនឹងរូបលោក គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារដ៏អាក្រក់បំផុត ។ សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីទី ៣ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលត្រូវបានសភាតំណាងរាស្ត្រដំណើរការនីតិវិធីដកតំណែង ៕ធ.ដ