កុមារជាង១ម៉ឺននាក់ និងគ្រូបង្រៀន៣០០នាក់នៅសាលារៀនចំនួន៥៣ បានទទួលចំណេះដឹងផ្នែកហិរញ្ញវត្ថុពីមូលនិធិធនាគារមេយប៊ែង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ កុមារជាង១៥.០០០នាក់និងគ្រូបង្រៀនចំនួន ៣០០ នាក់នៅសាលាចំនួន៥៣បានទទួលចំណេះដឹងផ្នែកហិរញ្ញវត្ថុពីកម្មវិធី “CASHVILLE KIDZ” ដែលផ្តួចផ្តើមឡើងដោយមូលនិធិធនាគារមេយប៊ែង សហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងធនាគារជាតិនៃកម្ពុជា ។ កម្មវិធី “CASHVILLE KIDZ” នេះបង្កើតឡើងដើម្បីលើកកម្ពស់អំពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្ស អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងសាធារណជនទូទៅ ។

កម្មវិធីប្រកួតចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះដែរ បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៦ ខែមករានេះ ដែលរៀបចំឡើងនៅអគារធនាគារមេយប៊ែងថៅវើ រាជធានីភ្នំពេញ ។
ពានរង្វាន់ចំនួន៣ ត្រូវបានប្រគល់ទៅដល់សាលាគ្រូ និងសិស្ស នោះគឺពានរង្វាន់សាលាល្អបំផុតដែលត្រូវបានផ្តល់ជូនទៅសាលាដែលបង្ហាញនូវភាពជាអ្នកដឹកនាំគំរូ ចក្ខុវិស័យ និងឆន្ទៈក្នុងការជំរុញរបៀបវារៈចំណេះដឹងហិរញ្ញវត្ថុនៅក្នុងសាលារបស់ពួកគេ ។

ពានរង្វាន់អ្នកអប់រំល្អបំផុត ដែលបានផ្តល់ដល់លោកគ្រូ ឬអ្នកគ្រូដែលបានបង្ហាញការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លាក្នុងការចូលរួមក្នុងកម្មវិធីចំណេះដឹងហិរញ្ញវត្ថុហិរញ្ញវត្ថុរបស់ធនាគារ មេយប៊ែង និងពានរង្វាន់សិស្សឆ្នើម ដែលផ្តល់ជូនសិស្សដែលទទួលបានពិន្ទុវាយតម្លៃខ្ពស់បំផុតនៅក្នុងកម្មវិធី CASHVILLE KIDZ និង ក្លាយជាគំរូនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមសិស្សជាច្រើនផ្សេងទៀត ។

នាយកប្រតិបត្តិមូលនិធិធនាគារ មេយប៊ែង លោក សារីល អាស៊ូជីមីន បានបញ្ជាក់ថា ធនាគារ មេយប៊ែង បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទ្វេដង តាមរយៈការដាក់ឱ្យប្រើប្រាស់កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ CASHVILLE KIDZ ពី ១៥ សាលានៅឆ្នាំ២០១៨ ដល់៣០សាលានៅឆ្នាំ២០១៩ដោយពង្រីកកម្មវិធីនេះទៅដល់ខេត្តចំនួន ៥ក្នុងប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង ខេត្តកំពង់ចាម រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។ លោកបន្តថា ចាប់តាំងពីកម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ កម្មវិធីនេះ បានជះឥទ្ធិពលដល់ជីវិតរបស់កុមារជាង១៥.០០០នាក់ និងគ្រូបង្រៀនចំនួន៣០០ នាក់នៅទូទាំងសាលាចំនួន៥៣នៅកម្ពុជាដោយជោគជ័យ ។

នេះគឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងរយៈពេលដ៏ខ្លី ដែលបង្ហាញពីការប្តេជ្ញាចិត្តជាបន្តរបស់ធនាគារមេយប៊ែង ក្នុងការបណ្ដុះបណ្ដាលសហគមន៍សន្សំសំចៃផ្នែកហិរញ្ញវត្ថុ ក៏ដូចជាពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល ហើយកម្មវិធីនេះទៀតសោត នឹងបន្តឆ្នាំទី៤ទៀត ។ លោក សារីល បន្ថែមថា កម្មវិធីនេះ រួមបញ្ចូលគ្នានូវការសប្បាយ និងការរៀនសូត្រដែលធ្វើឱ្យវាកាន់តែគួរឱ្យរំភើប និងងាយស្រួលសម្រាប់កុមារដើម្បីក្លាយជាអ្នកយល់ដឹងផ្នែកហិរញ្ញវត្ថុ ។ តាមរយៈភាពជាដៃគូរបស់យើងជាមួយ MONEY TREE អាស៊ីប៉ាស៊ីហ្វិក ការអនុវត្តគំនិតផ្តួចផ្តើមនេះមានភាពរលូនច្រើន ពីព្រោះខ្លឹមសារត្រូវបានគេធ្វើតម្រូវតាមភាសា និងវប្បធម៌ក្នុងស្រុក ក៏ដូចជានៅទាន់និន្នាការឌីជីថលថ្មីៗបំផុត ។

កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ CASHVILLE KIDZ ដែលកំពុងដំណើរការក្នុងឆ្នាំទី៤ ក្នុងឆ្នាំ២០២០ នឹងបន្តឈ្នះលើចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡានៅកម្ពុជា ។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា ក្រសួងអប់រំយុវជន និងកីឡាបានបង្កើតកម្មវិធីសិក្សាថ្មីមួយ ដើម្បីបណ្តុះគំនិតដល់សិស្សានុសិស្សឲ្យចេះគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ រួមមានឲ្យចេះសន្សំសំចៃប្រាក់ និងការចាយវាយប្រាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

កម្មវិធីថ្មីនេះ ក៏នឹងជួយឲ្យកុមារទាំងអស់ឲ្យយល់ដឹងពីសារៈសំខាន់នៃផែនការចំណូល និងចំណាយសម្រាប់រយៈពេលខ្លី និងរយៈពេលវែង ដើម្បីអភិវឌ្ឍន៍គំនិតរបស់ពួកគាត់ឲ្យក្លាយទៅជាសហគ្រិន និងភាពជាអ្នកដឹកនាំនាពេលអនាគត ។ ឯកឧត្តមបណ្ឌិតបន្ថែមថា ក្រសួងអប់រំសូមធ្វើការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសហការ និងប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃសម្ព័ន្ធធនាគារមេយប៊ែង និងមូលនិធិធនាគារមេយប៊ែង ក្នុងការពង្រីកវិសាលភាពនៃការបណ្តុំបណ្តាលថ្នាលចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះដល់សិស្សានុសិស្ស នៅតាមសាលារបស់រដ្ឋ និងឯកជននានាក្នុងប្រទេសកម្ពុជា ។

លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាបានគាំទ្រកម្មវិធីកម្មវិធីខាសវ៉ីលឃីដ របស់មេយប៊ែងនេះ ព្រោះថានៅពេលដែលកុមារទទួលបានចំណេះដឹងគ្រប់គ្រាន់ផ្នែកហិរញ្ញវត្ថុនេះ នឹងអាចជួយឲ្យពួកគេអាចចេះការពារខ្លួនពីការកេងប្រវ័ញ្ច ឬការបោកប្រាស់ផ្សេងៗទាក់ទិននឹងផ្នែកហិរញ្ញវត្ថុ ព្រោះថា កុមារក៏ជាអតិថិជនសក្តានុពលដែរ ដោយ សារតែការរីកចំរើននៃបច្ចេកវិទ្យា ។

លោកស្រីបានបញ្ជាក់ទៀតថា កម្មវិធីនេះជួយឱ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃហិរញវត្ថុនិងរួមចំណែកជួយជ្រោមជ្រែងដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិ ក្នុងការជំរុញនិងលើកកម្ពស់ដល់ការពង្រឹងសមត្ថភាពដល់អ្នកប្រើសេវាហិរញ្ញវត្ថុ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner