មនុស្សទី២ហើយបានបាត់បង់ជីវិត ដោយសារវីរុសរលាកសួតថ្មីនៅប្រទេសចិន ខណៈជនជាតិជប៉ុនម្នាក់ក៏ឆ្លងវីរុសនេះដែរក្រោយត្រឡប់មកពីទីក្រុងវូហានវិញ

ចិន៖ អាជ្ញាធរចិនបានរាយការណ៍អំពីការស្លាប់មនុស្សទី២ ដែលបណ្តាលមកពីវីរុសអាថ៌កំបាំងមួយ ដែលបានធ្វើឲ្យមនុស្សរាប់សិបនាក់ឈឺនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិន ។
អាជ្ញាធរសុខាភិបាលទីក្រុងវូហាន បានឱ្យដឹងនៅថ្ងៃទី១៦ ខែមករានេះថា បុរសអាយុ៦៩ឆ្នាំម្នាក់ដែលបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃ៣១ ខែធ្នូកន្លងទៅ បានស្លាប់កាលពីថ្ងៃ១៥ ខែមករានេះ នៅមន្ទីរពេទ្យ វូហាន ជីនយីនតាន់ ក្នុងខេត្តហ៊ូប៉េក្រោយពីធ្លាក់ខ្លួនឈឺអស់២សប្តាហ៍ដែលបណ្តាលឲ្យខូចប្រព័ន្ធសរីរាង្គខាងក្នុងជាច្រើន ។

ការស្លាប់មនុស្សទី២ដោយវីរុសថ្មីនេះ កើតឡើងក្រោយពីមានសេចក្តីរាយការណ៍អំពីការរកឃើញមនុស្សឆ្លងកូរ៉ូណាវីរុសនេះទី២នៅក្រៅប្រទេសចិន ។ អាជ្ញាធរជប៉ុនបាននិយាយថា បុរសម្នាក់នៅតំបន់កាណាហ្កាវ៉ារបស់ជប៉ុន បានធ្លាក់ខ្លួនឈឺ ដោយសារវីរុសនេះបន្ទាប់ពីបានទៅលេងប្រទេសចិន ។

ជំងឺនេះនៅក្រៅទឹកដីចិនលើកទី១ ត្រូវបានគេរកឃើញនៅលើស្ត្រីចិនអាយុ៦១ឆ្នាំនៅប្រទេសថៃ កាលពីថ្ងៃទី១៣ ខែមករានេះ ហើយបច្ចុប្បន្នស្ត្រីមកពីចិននេះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំពោះរោគសញ្ញាក្តៅខ្លួនខ្លាំង និងពិបាកដកដង្ហើម ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner