នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្រ្កាបទំនិញរំលោភកម្មសិទ្ធិបញ្ញា ខុសច្បាប់ចំនួន២ទីតាំងក្នុងខណ្ឌចំការមន ដកហូតបានផលិតផលទឹកដោះគោជូម៉ាកDUTCHMILLខុសច្បាប់ជាច្រើនដប
រាជធានីភ្នំពេញ៖ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខណ្ឌចំការមនបានចុះទៅបង្រ្កាបទំនិញរំលោភកម្មសិទ្ធិបញ្ញាខុសច្បាប់ចំនួន២ទីតាំងនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញដោយបានរកឃើញផលិតផលទឹកគោជូម៉ាកDUTCHMILL ខុសច្បាប់ជាច្រើនដប។
ការបង្រ្កាបកម្លាំងសមត្ថកិច្ចបានធ្វើឡើងក្រមការសម្របសម្រួលនីតិវិធីពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ទីតាំងទី១យីហា សុខ មួយហ្គិច ស្ថិតផ្ទះលេខ១១៤ ផ្លូវ១៦៣ ក្រុម៧ ភូមិ២ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានិភ្នំពេញ។ទីតាំងទី២ ស្ថិតនៅផ្ទះលេខ២៩៤A ផ្លូវ១៦៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។
សេចក្តីរាយការណ៍ឱ្យដឹងថាការបង្រ្កាបផលិតផលរំលោភកម្មសិទ្ធិបញ្ញាសមត្ថកិច្ចអនុវត្តតាមបណ្តឹងរបស់ក្រុមហ៊ុនតាយ ហ៊ុយ ដែលបានប្តឹងកមសមត្ថកិច្ចឱ្យជួយចាត់វិធានការនូវការនាំចូលលួចលាក់ចរាចរណ៍ផលិតផលទឹកគោជូម៉ាកDUTCHMILL ខុសច្បាប់បង្កប៉ះពាល់ការរកស៊ីស្របច្បាប់របស់ក្រុមហ៊ុន។
សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ប្រតិបត្តិការបង្រ្កាបទំនិញរំលោភសិទ្ធិបញ្ញាធ្វើឡើងនៅទីតាំង១យីហោ សុខ មួយហ្គិច សមត្ថកិច្ចបានដកហូតផលិតផលទឹកគោជូម៉ាកDUTCHMILL ខុសច្បាប់ ចំនួន១៤១ដបនិងទីតាំងទី២ទឹកគោជូម៉ាកDUTCHMILL ខុសច្បាប់ចំនួន២២២ដប។
ផលិតផលទាំងនោះត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនាំយកមករក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដោយឡែកម្ចាស់ទីតាំងសមត្ថកិច្ចមិនបានឃាត់ខ្លួននោះទេដែលគ្រាន់តម្រូវឱ្យម្ចាស់ទីតាំងខាងលើ ចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីអនុវត្តបន្តតាមនីតិវិធី៕ធ.ដ
ដោយ៖ សំ វិច្ឆិកា