របៀបវារៈសំខាន់ៗចំនួន៤ ត្រូវបានលើកយកមកពិភ្សាក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលប្រចាំឆ្នាំ២០១៩ និងទិសដៅវិធានការឆ្នាំ២០២០
រដ្ឋបាលជលផល ព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ មានរៀបចំបើកកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលប្រចាំឆ្នាំ២០១៩ និងទិសដៅវិធានការឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមហាស់ សារ៉េតរដ្ឋលេខាធិការ តំណាងឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល។
តាមការឲ្យដឹងពី ឯកឧត្តមអេង ជាសាន ថា ជារៀងរាល់ឆ្នាំរដ្ឋបាលជលផល បានការអនុញ្ញាតពីក្រសួងកសិកម្ម អោយរៀបចំប្រជុំបូកសរុបសភាពការវិស័យជលផល ដែលបានអនុវត្តក្នុងឆ្នាំកន្លងមក និងលើកទិសដៅអនុវត្តបន្ត ដោយផ្អែកលើលទ្ធផលទទួលបាន និងឆ្លុះបញ្ចាំងនូវចំណុចខ្វះខាតក្នុងឆ្នាំកន្លងមក។
របៀបវារៈនៃកិច្ចប្រជុំសំខាន់គឺផ្តោតលើការយកចិត្តទុកដាក់ ពិនិត្យលើលទ្ធផលនៃការសិក្សាស្រាវជ្រាវលទ្ធផល នៃការអនុវត្តលើការគ្រប់គ្រង និងពិភាក្សារាល់បញ្ហាដែលជួបប្រទះ នឹងខិតខំរិះរកវិធីសាស្ត្រដើម្បីដោះស្រាយ ជាពិសេសការបង្រាបបទល្មើសជលផល ការពង្រឹងសហគមន៍នេសាទ ការអភិរក្សធនធានជលផល និងវិធានការជំរុញការអភិវឌ្ឍន៍វារីវប្បកម្ម។
ឯកឧត្តម ហាស់ សារ៉េត តាងនាមឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោក លោកស្រី និងថ្នាក់ដឹកនាំរដ្ឋបាលជលផលទាំងអស់ ដែលបានអញ្ជើញចូលរួមប្រជុំបូកសរុបសភាពការណ៍វិស័យជលផលប្រចាំឆ្នាំ២០១៩ និងលើកទិសដៅវិធានការឆ្នាំ២០២០២ នាពេលនេះ។ ដើម្បីសម្រេចបានតាមទស្សនៈវិស័យជលផល និងកំណែទម្រង់ស៊ីជម្រៅវិស័យជលផលខាងលើការងារអភិរក្សធនធានជលផលជាកិច្ចការបន្ទាន់ចាំបាច់ត្រូវអនុវត្តផងដែរ ក្នុងនោះមានការអភិរក្សអន្លង់ត្រីមេពូជនៅតំបន់មេគង្គលើ តំបន់បឹងទន្លេសាប តំបន់សមុទ្រ និងកន្លែងផ្សេងៗទៀត។ ម្យ៉ាងទៀតកន្លងមកមានចលនាកាប់ទន្ទ្រានព្រៃលិចទឹក និងព្រៃកោងកាងយកធ្វើជាកម្មសិទ្ធិបានកើតឡើង ដែលធ្វើឱ្យវិនាសមហន្តរាយដល់ជម្រកត្រី ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានជលផលធម្មជាតិផងដែរ។ ហេតុដូចនេះ សូមឯកឧត្តមលោក លោកស្រី យកចិត្តទុកដាក់ពិភាក្សា ឱ្យបានល្អិតល្អន់ ដើម្បីដាក់ចេញនូវវិធានការជាបន្ទាន់សំដៅ បង្ក្រាបឲ្យបានដាច់ខាត និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបានបន្ថែមថា ប្រធានបទនៃការពិភាក្សាថ្ងៃនេះ ត្រូវបានផ្តោតផងដែរ លើការអភិវឌ្ឍវារីវប្បកម្ម ។ ការអភិវឌ្ឍវារីវប្បកម្មមានការរីកចម្រើនគួរឲ្យកត់សម្គាល់ពីមួយឆ្នាំ ទៅមួយឆ្នាំ រដ្ឋបាលជលផលបាន ពង្រឹកសម្មភាពទៅដល់តំបន់ផ្សេងៗទៀតដែលខ្សត់ត្រី ដោយបានសហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងនោះមានអង្គការ EU, FAO, MRC , World fish center ដោយបានយកចិត្តទុកដាក់ជំរុញដល់ការស្រាវជ្រាវបង្កាត់ ភ្ញាស់ និងចិញ្ចឹមប្រភេទត្រីក្នុងស្រុក ដូចជាត្រីឆ្ពិន ត្រីកន្ធរ ត្រីប្រា បង្កង និងគ្រប់ប្រភេទកូនត្រីចំនួនផ្សេងៗទៀត។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ សូមអោយអង្គប្រជុំចាប់អារម្មណ៍ពិភាក្សាលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
1, វិធានការបង្ក្រាបបទល្មើសជលផលកន្លងមកជាមូលដ្ឋានពិភាក្សា ដើម្បីកាត់បន្ថយអោយនូវតិចបំផុតនូវបទល្មើសនេសាទ។
2, វិធានការពង្រឹងការគ្រប់គ្រងសហគមន៍នេសាទ
3, ការគ្រប់គ្រង និងអភិរក្សធនធានជលផល
4 វិធានការជំរុញ និងអភិវឌ្ឍវារីវប្បកម្ម ឲ្យបានខ្លាំងក្លា និងបទបង្ហាញផ្សេងៗទៀត ទាក់ទងទៅដល់ការគ្រប់គ្រងវិស័យជលផល ត្រូវពិភាក្សាស្រង់យកបទពិសោធន៍ល្អៗ សម្រាប់ការអនុវត្តជាក់ស្ដែងឲ្យកាន់តែមានប្រសិទ្ធភាព៕