អភិបាលខេត្តបាត់ដំបង បានអញ្ជើញរួមដំណើរជា មួយគណៈប្រតិភូខេត្តអិហ៊ិមិ(ជប៉ុន)ធ្វើទស្សនកិច្ច ក្នុងដំណើរកំសាន្តជិះឡូរី នៅជើងភ្នំបាណន់ និងពិធីលៀងភោជនាហារសាមគ្គីនិងមិត្តភាព រវាងខេត្តបាត់ដំបង (កម្ពុជា) និងខេត្តអិហ៊ិមិ (ជប៉ុន) (មានវីដេអូ)
ឯកឧត្តម តូគីហិរ៉ូ ណាកាម៉ូរ៉ា អភិបាលខេត្តអិហ៊ិមិ នៃប្រទេសជប៉ុន ដែលបានដឹកនាំគណៈប្រតិភូខេត្តខ្លួនមកកាន់ខេត្តបាត់ដំបង ដើម្បីចូលរួមជាអធិបតី ក្នុងការចុះហត្ថលេខាលើខ្លឹមសារពិធីសារនៃអនុស្សារណៈនៃការយោគយល់គ្នា និង ដើម្បីបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាង ខេត្តបាត់ដំបងនិង ខេត្តអិហ៊ិមិ ដែលបានប្រព្រឹត្តទៅនៅសាលសន្និសីទមិត្តភាពបាត់ដំបង ស្ថិតក្នុងបរិវេណសាលាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥មករាថ្មីៗនេះបានធ្វើការវាយតម្លៃខ្ពស់ នៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ជាក់ស្តែងរបស់ប្រតិភូខ្លួន ក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអិហ៊ិមិនៃព្រះរាជាណាចក្រជប៉ុន។និងបន្ទាប់ពីបានចុះហត្ថលេខា នៅលើពិធីសារនៃអនុស្សរណៈយោគយល់គ្នា រវាងខេត្តទាំង២ នៃ ប្រទេសទាំង២ ដើម្បីបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ របស់ខ្លួនរួចមក។
ហើយនៅរសៀលថ្ងៃដដែលនេះផងដែរគណៈប្រតិភូខេត្តអេហិមិនៃប្រទេសជប៉ុន ក៏បានបំពេញទស្សនកិច្ចក្នុងដំណើរកំសាន្តនៅតំបន់ទេសចរជើងភ្នំបាណន់នៃខេត្តបាត់ដំបង ដើម្បីទស្សនាចរនៅទីនោះ ជាពិសេសជិះឡូរីកំសាន្តតំបន់ទេសចរណ៍ជើងភ្នំប្រាសាទបាណន់។
ឯកឧត្តម តូគីហិរ៉ូ ណាកាម៉ូរ៉ា អភិបាលខេត្តអិហ៊ិមិ នៃប្រទេសជប៉ុន ដែលបានដឹកនាំគណៈប្រតិភូខេត្តខ្លួនមកកាន់ខេត្តបាត់ដំបងដើម្បីចុះហត្ថលេខាលើខ្លឹមសារពិធីសារនៃអនុស្សារណៈនៃការយោគយល់គ្នា បង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងនិងខេត្តអិហ៊ិមិ ដោយបានវាយតម្លៃខ្ពស់ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ជាក់ស្តែង
របស់ប្រតិភូខ្លួន ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ នៅក្នុងក្របខណ្ឌ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអិហ៊ិមិ នៃ ព្រះរាជាណាចក្រជប៉ុន។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងក្នុងពិធីលៀងភោជនាហារសាមគ្គី រវាងខេត្តបាត់ដំបង និងខេត្តអិហិមិនៅព្រលប់ៗថ្ងៃ១៥មករាដដែលនេះថា៖ ស្ថិតក្នុងបរិយាកាសប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អានក្នុងស្មារតីមិត្តភាពសាមគ្គីភាពនិងស្វាគមន៍យ៉ាងកក់ក្តៅជាថ្មីម្តងទៀតជូនចំពោះឯកឧត្តមតូគីហ៊ីរ៉ូ ណាកាម៉ូរ៉ា អភិបាលខេត្តអិហ៊ិមិ និងលោកជំទាវ អស់លោក លោកស្រី ក្នុងគណៈប្រតិភូទាំងអស់ដែលបានចូលរួមផ្តល់កិត្តិយស ក្នុងពិធីពិសាភោជនាហារសាមគ្គី ជាលក្ខណៈមិត្តភាព នារាត្រីនេះ និងសូមថ្លែងអំណរគុណដល់លោក តាកាយ៉ាម៉ា ប្រធានអង្គការបោសសំអាតមីន និង អភិវឌ្ឍន៍សហគមន៍អន្តរជាតិ (IMCCB)ដែលបានធ្វើការសម្របសម្រួលអោយមានពិធីចុះកិច្ចព្រមព្រៀង និងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារខេត្តទាំងពីរ (បាត់ដំបង-អិហិមិ) ដែលបានធ្វើឲ្យសម្រេចនូវលទ្ធផលល្អប្រសើរក្នុងការឈានដល់ពិធីចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា ដោយបានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបង និងខេត្តអិហិមិ នាថ្ងៃនេះ បានយ៉ាងរលូននិងទទួលបានជោគជ័យ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបន្តទៀតថាដូចអ្វីដែលឯកឧត្តមអភិបាលខេត្តអិហ៊ិមិ បានលើកឡើងក្នុងពិធីចុះហត្ថលេខាកន្លងមកថ្មីៗនេះ គឺពិតជាបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព នៃការទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងរង្វង់ខេត្តសម្ព័ន្ធមេត្រីភាពបាត់ដំបងនិងអិហិមិ។ ហើយកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា គឺបានផ្តល់នូវសារៈសំខាន់ និងឧត្តមប្រយោជន៍អោយគ្នាទៅវិញទៅមក ថែមទាំងបានរួមចំណែកក្នុងការពង្រឹងមិត្តភាពសាមគ្គីភាព ដូចដែលខាងភាគីជប៉ុនធ្លាប់បានជួយដល់ខេត្តបាត់ដំបងកន្លងមក ដូចជា៖ជួយស្ថាបនាផ្លូវថ្នល់ វិស័យអប់រំ វិស័យទឹកស្អាត ការងាររំដោះដីចំការមីន និងការអភិវឌ្ឍសហគមន៍នៅមូលដ្ឋានជាដើម។ល។
ឯកឧត្តម ងួន រតនៈ ក៏បានតម្លៃដោយផ្តោតនូវជំនឿយ៉ាងមុតមាំរបស់ខ្លួនថា៖ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងខេត្តយើងទាំងពីរ កាន់តែមានភាពសុខដុមរុងរឿង កើតមានដល់ប្រទេសយើងទាំងពីរ។ ហើយតាមរយៈ នៃ កិច្ចព្រមព្រៀងនេះ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង រំពឹងថា៖ ឯកឧត្តមអភិបាលខេត្តអិហិមិនឹងពិនិត្យលទ្ធភាពជួយដល់ខេត្តបាត់ដំបងជាបន្តទៀត ជាពិសេសផ្តល់នូវអាហារូបករណ៍ដល់សិស្ស និស្សិត ក្នុងខេត្តបាត់ដំដើម្បីបានទៅបន្តការសិក្សានៅប្រទេសជប៉ុន បានកាន់តែច្រើនបន្ថែមទៀត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )